កម្មករ​រោងចក្រ W&D ជិត​២.០០០​នាក់ បន្ត​ផ្ទុះ​កូដកម្ម​តវ៉ា​បិទផ្លូវ​ជា​លើក​ទី​២

រាជធានី​ភ្នំពេញ ៖ កម្មករ​កម្ម​ការ​នី​១.៨០០​នាក់ នៃ​រោងចក្រ​ធំ​មួយ​កន្លែង​យីហោ W & D មាន​ទីតាំង​ស្ថិត​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុងភូមិ​ឫស្សី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ បាន​បន្ត​ផ្ទុះ​កូដកម្ម​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ រហូត​មានការ​ឈរ​បិទផ្លូវ​សាធារណៈ​ជា​លើក​ទី​២ នៅ​មុខ​រោងចក្រ​របស់​ខ្លួន បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​។ ការ​បន្ត​តវ៉ា​រហូត​មានការ​បិទផ្លូវ គឺ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ដែល​ជា​ជនជាតិ​ចិន ដោះស្រាយ​លើ​បញ្ហា ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ថៅកែ​មិន​បាន​ទូទាត់​ជូន ក្រុម​កម្មករ​។ ហើយ​កូដកម្ម​ផ្ទុះ​ការ​តវ៉ា​នេះ គឺ​កើតឡើង​រយៈ​៣​ថ្ងៃ​មក​ហើយ ដោយ​ក្នុង​នោះ​ក៏​មានការ​ចុះ សម្របសម្រួល​ពី​ក្រុម​អាជ្ញាធរ តំណាង​ក្រសួង​ការងារ រួម​ជាមួយ​តំណាង​ភាគី​រោងចក្រ និង​ក្រុម​កម្មករ​ដែរ ប៉ុន្តែ​ការ​ប្រជុំ​រក​ដំណោះស្រាយ​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ គឺ​ក្រុម​កម្មករ​ពុំ​ទទួលយក​ដំណោះស្រាយ ដែល​បាន​ពិភាក្សា​គ្នា​ឡើយ ទើប​ពួក​គេ​សម្រេច​នាំ​គ្នា​ឈរ​បិទផ្លូវ​សាធារណៈ​ជា​លើក​ទី​២​តែ​ម្តង​ទៅ​។

Loading...

យ៉ាងណាមិញ គិត​ត្រឹម​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​ថ្ងៃខែ​ដដែល ក្រុម​កម្មករ​ដែល​ឈរ​បិទផ្លូវ បាន​សម្រេច​នាំ​គ្នា​បើកផ្លូវ​សាធារណៈ​វិញ​ដោយ​ខ្លួនឯង ហើយ​នាំ​គ្នា​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ធ្វើ​ឲ្យ​ចរាចរ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​នៅ​ទីនោះ អាច​ចរាចរ​ទៅ​មក​បាន​ធម្មតា​វិញ​។ គួរ​បញ្ជាក់​ថា ក្រុម​កម្មករ​កម្ម​ការ​នី​ទាំង​១.៨០០​នាក់ បាន​ទាមទារ​នូវ​ចំណុច​ជា​ច្រើន​ដែល​តម្រូវ​ឲ្យ​ថៅកែ​រោងចក្រ ដែល​ជា​ជនជាតិ​ចិន​ដោះ​ជូន​ពួក​គាត់ ពាក់ព័ន្ធ​នឹង​ប្រាក់បៀវត្ស​។ ចំណុច​ដែល​ក្រុម​កម្មករ​តវ៉ា​ទាមទារ​មាន ៖ ស្នើ​ឲ្យ​ថៅកែ​រោងចក្រ​ត្រូវ​គុណ​គូរ​ប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គេ​ទាំងអស់ គិត​ចាប់ពី​ថ្ងៃ​ចូល​ធ្វើ​ការងារ មក​ទល់​នឹង​បច្ចុប្បន្ន , គុណ​គូរ​ប្រាក់​អត្ថប្រយោជន៍​ការងារ ដោយ​គុណ​ជាមួយ​ប្រាក់ខែ​គោល​ខែ​ចុង​ក្រោយ , ទូទាត់​ប្រាក់​ទាំងអស់​ជា​កញ្ចប់ ដោយ​មិន​រំដោះ​តាម​ដំណាក់កាល​ឡើយ ពោល​គឺ​ដោយ​ទូទាត់​ចំនួន ទឹកប្រាក់ ដែល​កម្មករ​នីមួយ​ៗ​ត្រូវ​ទទួល​បាន​ឲ្យ​បាន​គ្រប់​ចំនួន ពុំ​រំ​លោះ​ជា​ខែ​ឡើយ និង​ចំណុច​មួយទៀត​នោះ គឺ​ស្នើ​ថៅកែ​រោងចក្រ​រក្សា​ប្រាក់​ឈ្នួល​ធម្មតា​ដោយ​មិន​ត្រូវ​កាត់​ប្រាក់​ឡើយ កំឡុង​ពេល​កម្មករ​ទាំងអស់​ផ្ទុះ​កូដកម្ម​តវ៉ា​។

ក្រុម​កម្មករ​ទាំង​១.៨០០​នាក់ ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ត្រូវ ដោះស្រាយ​បញ្ហា​ដែល​ពួក​គេ​ទាមទារ​ចង់បាន​នោះ​ឲ្យ​បាន​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ហើយ​ការ​ទាមទារ​នេះ ក្រុម​កម្មករ​លើក​ឡើង​ថា គឺ​ពុំ​បាន​ធ្វើ​ខុស​នឹង​ច្បាប់​ឡើយ គឺ​ពួក​គេ​ទាមទារ​ប្រាក់ បៀវត្ស ដែល​ពួ​គេ​ត្រូវ​ទទួល​បាន ស្រប​ទៅ​តាម​ច្បាប់​របស់​ក្រសួង​ការងារ​ប៉ុណ្ណោះ​។ ជុំវិញ​បាតុភាព​តវ៉ា ទាមទារ​នេះ ភាគី​ខាង​តំណាង​រោងចក្រ បាន​បញ្ជាក់​ថា ខ្លួន​បាន​អនុវត្ត​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់ របស់ ក្រសួង​ការងារ​ហើយ ប៉ុន្តែ​ការ​ទាមទារ​ចង់បាន​របស់​បងប្អូន​កម្មករ គឺជា​ការ​ទាមទារ​ចង់បាន​ហួស​ពី លទ្ធភាព​ដែល​អាច​ទៅ​រួច​ពេក ហើ​ក៏​ជា​ការ​ទាមទារ​ដែល​មាន​ពេល​ខ្លី​បំផុត ដែល​មិន​អាច​ឲ្យ​ថៅកែ​រោងចក្រ​ដោះស្រាយ​អ្វី​បាន​ជូន​ពួក​គាត់​ទាំងអស់​គ្នា​ឡើយ​។

យ៉ាងណាមិញ តំណាង​រោងចក្រ បាន​អះអាង​ថា រោងចក្រ​សន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​ទាំងអស់​ខាងលើ​នេះ ជូន​បងប្អូន​កម្មករ​កម្ម​ការ​នី​ទាំងអស់​គ្នា តែ​ការ​ដោះស្រាយ គឺ​ត្រូវ​ពន្យា​ដល់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ ទើប​ខាង​រោងចក្រ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​បាន ព្រោះ​ការ​ទូទាត់ និង​គិ​គូ​រលើ​បញ្ហា​ទាមទារ​របស់​ក្រុម​កម្មករ​គឺ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន ពិសេស​គឺ​ថវិកា​។ ទោះជា​យ៉ាង​ក្រុម​កម្មករ​ពុំ​ព្រម​ទទួលយក​ការ​ស្នើរ​សុំ​របស់​ភាគី​ខាង​រោងចក្រ​ឡើយ ដោយ​ពួក​គេ​ចង់បាន​នូវ​អ្វី​ដែល​ពួក​គេ​តវ៉ា​ទាមទារ​៕ ដោយ លី ហេង