ទិញ​ដី​ទុក​ចោល​រាប់​ឆ្នាំ​… ដល់​ពេល​កំណត់ព្រំដែន​ទាស់​គ្នា​បែកផ្សែង

150

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​វិវាទ​ដីធ្លី​រវាង​អ្នកលក់ និង​អ្នកទិញ​ដែល​កោះសន្តិភាព​បាន​ផ្សាយ​កាលពី​កន្លង​ទៅ នៅ​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ លោក​ជំទាវ សម មុន្នី​កា បាន​ឆ្លើយ​បំភ្លឺ​ជាមួយនឹង​សារព័ត៌មាន​ថា លោក​ជំទាវ​បាន​ទិញ​ដី​ពី​លោក ជួន ធៀប ចំនួន​១០២​ហិ​កតា មិនមែន​៨០​ហិ​កតា ដូច​អ្វី​ដែល​លោក​ជួន ធៀប ប្រាប់​អ្នក​សារព័ត៌មាន​នោះ​ឡើយ ហើយ​ការ​លើក​ភ្លឺ​ក្រ​វ៉ា​ត់​ព្រំ​ដី​នេះ​ដែរ គឺ​ទៅ​តាម​លោក​ជួន ធៀប ជា​អ្នក​ចង្អុលបង្ហាញ​មន្ត្រី​សុរិយោដី ដើម្បី​វាស់វែង​តែ​ប៉ុណ្ណោះ មិន​បាន​បំពាន​ទៅ​លើ​ដី​អ្នក​ដទៃ​នោះ​ទេ ។

Loading...

នៅ​ចំពោះ​មុខ​សារព័ត៌មាន​ជា​ច្រើន​នាក់​លោក​ជំទាវ សម មុន្នី​កា បាន​បំភ្លឺ​ថា ៖ លោក​ជំទាវ​បាន​ស្គាល់​លោក​ជួន ធៀប និង​បាន​ក្លាយ​ជា​បងប្អូន​ធម៌​នឹង​គ្នា ។​នៅ​ឆ្នាំ​២០០២ លោក ជួន ធៀប បាន​ទៅ​ដល់​ផ្ទះ​គាត់ ហើយ​បាន​សុំ​ឱ្យ​គាត់​ជួយ​ទិញ​ដី​ចំនួន​៧២​ហិ​កតា ដោយ​​​បាន​ធ្វើ​លិខិត​ទិញ​លក់ និង​លិខិត​ប្រគល់​លុយ ទទួល​លុយ​ត្រឹមត្រូវ មាន​កំណត់ហេតុ​ច្បាស់លាស់ ។

នៅ​ឆ្នាំ​២០០៣ លោក ជួន ធៀប បាន​ទៅ​ម្តងទៀត​ថា គាត់​ទាល់​លុយ សុំ​ឱ្យ​គាត់​ជួយ​ទិញ​ដី​ចំនួន​៣០​ហិ​កតា​ទៀត​សរុប គឺ​១០២​ហិ​កតា មិនមែន​ដី​៨០​ហិ​កតា​ដូច​លោក ជួន ធៀប ប្រាប់​អ្នក​សារព័ត៌មាន​នោះ​ទេ ។ ចំណែក​ការ​ទិញ​លក់​ទាំង​ពីរ​លើក គឺ​មាន​កំណត់​ហេតុ​ច្បាស់លាស់ មាន​លេខ​ក្បាលដី​ច្រើន​ប្លង់ និង​មានការ​សរសេរ​ដៃ​ដោយ​លោក ជួន ធៀប ខ្លួនឯង និង​មាន​ស្នាម​មេដៃ​លោក​ជួន ធៀប ត្រឹមត្រូវ​ទៀត​ផង ។

ប៉ុន្តែ​ដោយសារ​លោក​ជំទាវ​ជាប់រវល់​ពេក យូ​ៗ​ឆ្លៀត​មក​ជួប ជួន ធឿ​ប សុំ​ឱ្យ​វាស់វែង​ដី តែ​ត្រូវ​លោក ជួន ធៀប ថា ជាប់រវល់ ហើយពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ចេះ​តែ​ពន្យា​ពេល​រហូត និង​ពេល​ខ្លះ​លោក ជួន ធៀប ថាៈ​ចាំ​លក់​សរុប​ទាំងអស់​គ្នា​ទៅ ។​ចុង​ក្រោយ​លោក ជួន ធៀប បាន​ព្រម​វាស់​កំណត់​ព្រំ​ដី​ដោយ​មាន​ខាង​មន្ត្រី​សូ​រិ​យោ​ដី​ស្រុក​ទឹកផុស ចុះ​មក​វាស់វែង​ជាមួយ​លោក ជួន ធៀប ដោយ​កំណត់​ព្រំ​ដី​ត្រឹម​ចំណុច​ដែល​លោក​ជំទាវ​កំពុង​ឈរ​បង្ហាញ​នេះ។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ៖ លោក​ជំទាវ​មិន​បាន​រំលោភ​យក​ដី​នរណា​នោះ​ទេ គឺ​ទិញ​ពី​លោក​ជួន ធៀប ១០២ ហិ​កតា​ត្រឹមត្រូវ​មាន​កំណត់ហេតុ​ច្បាស់លាស់ និង​មាននូវ​ប្លង់​គូ​ដោយ​មន្ត្រី​សុរិយោដី​ទៀត​ផង​។ លោក​ជំទាវ សុំ​បដិសេធន៍​ថា មិនមែន​ទិញ​ដី​តែ​៨០​ហិ​កតា​នោះ​ទេ គឺ​ចំនួន​១០២​ហិ​កតា ដែល​មាន​ក្បាលដី​ប្រវែង​១៥០​ម៉ែត្រ​ជាប់​ផ្លូវ ។

សូម​រំ​ឮ​កថា កន្លង​ទៅ​លោក ជួន ធៀប បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ធ្លាប់​បាន​លក់​ដី​ចំនួន​២​លើក​ទៅ​ឱ្យ​លោក​ជំទាវ សម មុន្នី​កា ដោយ​លើក​ទី​១​លក់ ៧២​ហិ​កតា និង​លើក​ទី​២ ចំនួន​១០ ហិ​កតា សរុប​ចំនួន​៨២​ហិ​កតា គឺ​ដី​ស្ថិត​ក្នុងភូមិ​ទួល​សំរោង ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ប៉ុន្តែ​ក្រោយ​ពី​សារព័ត៌​មានបាន​ផ្សាយ​តាម​ទៅ​នឹង​អ្វី​ដែល​លោក ជួន ធៀប អះអាង​នោះ​រួច​មក ត្រូវ​បាន​លោក​ជំទាវ ចេញ​មុខ​បំភ្លឺ​ដល់​អ្នក​សារព័ត៌មាន​វិញ​ថា ដី​ដែល​លោក​ជំទាវ​បាន​ទិញ គឺ​១០២​ហិ​កតា មាន​ឯកសារ​ត្រឹមត្រូវ​ទៅ​វិញ ។ យ៉ាងណា​ក៏​ដោយ​ចុះ ជុំវិញ​ករណី​ខាងលើ​នេះ ទុក​ឱ្យ​អ្នក​ច្បាប់​រក​យុត្តិធម៌​ជូន​ភាគី​ទាំង​សងខាង​ចុះ សម្រាប់​អ្នក​សារព័ត៌មាន​សុំ​មិន​អ្វី​ធ្វើការ​វែកញែក ឬ​ដោះស្រាយ​នោះ​ឡើយ​៕ ដោយ ​ពៅ​ សុខហ៊ាន