សយ សុខ​សុខ លេង​បង្គោល​ខៀវ ប្រាក់ ឌី​ណា នៅ​សង្វៀន

266

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ការ​ប្រកួត​រវាង​កីឡាករ​វ័យក្មេង​២​រូប ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​៣០ ធ្នូ គឺ​កីឡាករ​បង្គោល​ក្រហម សយ សុខ ជា​អ្នក​ដណ្ដើម​បាន​ជ័យជម្នះ ដោយសារ​តែ​គេ​មាន​បច្ចេកទេស​ពិសេស​មួយ​វាយ​ឱ្យ​គូប្រកួត គឺ​បង្គោល​ខៀវ​វ ប្រាក់ ឌី​ណា ឈាន​ដល់​ការ​រាប់​ពី​លើក​នៅ​ក្នុង​ការ​ប្រកួត​។

Loading...

យ៉ាងណាមិញ​គេ​កត់​សម្គាល់ថា នេះ​ជា​ការ​ប្រកួត​ដែល​ទទួល​បានការ​គាំទ្រ​ខ្លាំងក្លា​ពី​អ្នក​ទស្សនា ជា​ពិសេស​ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​ដោយ​មិន​សំចៃ​ដៃ​។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ​ន៍​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចាប់អារម្មណ៍​មិន​តិច​ទេ ដោយសារ​តែ​គេ​គឺជា​គូ​ចុង​ក្រោយ ហើយ​ជា​កីឡាករ​វ័យក្មេង​ដែល​មនុស្ស​ភាគច្រើន​យល់​ថា អាច​មិនល្អ​មើល ប៉ុន្តែ​ចុង​ក្រោយ​បែរជា​ទាក់ភ្នែក​មហាជន​។

ការ​ប្រកួត​របស់​គូ​នេះ ល្អមើល​តាំងពី​ដើម​ដល់​ចប់ ដោយ​អាច​និយាយ​បាន​ថា ទាក់ភ្នែក​ទាក់ចិត្ត​អ្នក​ទស្សនា​មិន​តិច​នោះ​ទេ ជា​ពិសេស​ក្នុង​ពេល​កីឡាករ​សយ សុខ សម្រុកចូល​វាយលុក​បាន​ល្អ​ក្នុង​ពេល​កីឡាករ​ម្ខាង​ទៀត​វាយតប​ដោយ​មិន​សំចៃ​ដៃ​។

លោក ញាន សុធី បាន​អះអាង​ថា កីឡាករ​វ័យក្មេង​ពេល​ខ្លះ​ប្រកួត​ល្អ​ជាង​កីឡាករ​ជើង​ចាស់​ឆ្ងាយ​ណាស់ ជាក់ស្ដែង​ដូច​ជា​ការ​ប្រកួត​រវាង​កីឡាករ​បង្គោល​ក្រហម សយ សុខ និង​កីឡាករ ប្រាក់ ឌី​ណា គឺជា​ភស្តុ​តាង​ស្រាប់​។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ​ល្អមើល ហើយ​លោក​ក៏​ចង់​ឃើញ​កីឡាករ​ទាំង​ល្បី និង​កំពុង​ឡើង​កូដ​ធ្វើការ​ប្រកួត​ឱ្យ​ល្អ​ដូច​គ្នា​នឹង​គូប្រកួត​នេះ​ដែរ​ដើម្បី​កុំឱ្យ​អ្នក​ទស្សនា​ខកចិត្ត ព្រោះតែ​ឡើង​រេញ ហើយ​ប្រកួត​លេង​។

លោក​បន្ត​ថា ខ្លួន​នឹង​ជំរុញ​កីឡាករ​វ័យក្មេង​បែប​នេះ ឱ្យ​មានឱកាស​ឡើង​ប្រកួត​កាន់តែ​ល្អ ដើម្បី​ឱ្យ​ការ​ប្រកួត​កាន់តែ​ទាក់ចិត្ត​ថែម​ទៀត ពី​សំណាក់​អ្នកគាំទ្រ​។ ក្នុង​នោះ​កីឡាករ​សយ សុខ ក៏​បាន​ប្រកាស​ថា ខ្លួន​នឹង​ប្រឹង​ប្រកួត​ឱ្យ​បាន​ល្អ មិន​ឱ្យ​ធ្លាក់ដៃ ដើម្បី​ប្រទាញ​យក​ការ​គាំទ្រ​ឱ្យ​ខ្លាំង​ក្នុង​ពេល​បន្ទាប់​ផង​ដែរ​៕ ដោយ ផាត់ ដារារ័ត្ន