ទីក្រុងយ៉ាំងហ្គោន ៖ រដ្ឋមន្ដ្រីជនជាតិភាគតិចRakhine ក្នុងរដ្ឋាភិបាលទីក្រុងយ៉ាំងហ្គោន លោក Zaw Aye Maung បានប្រកាសថា វិស័យបសុសត្វនិងជលផលមីយ៉ាន់ម៉ា មិនទាន់មានសក្តានុពលនៅឡើយ និងត្រូវការក្រសួងផ្សេងៗមកចូលរួម ដើម្បីពង្រីក និងអភិវឌ្ឍន៍ឲ្យបានពេញលេញ ។ នេះបើយោងតាមការចេញផ្សាយពីមីយ៉ាន់ម៉ា ថែមស៍ កាលពីថ្ងៃទី២៩ ធ្នូ កន្លងមក ។
លោក Zaw Aye Maung បានថ្លែងថា ៖« ប្រសិនបើយើងចង់អភិវឌ្ឍវិស័យជលផល យើងត្រូវដាក់វានៅក្រោមក្រសួងផ្សេងគ្នា ជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្តទាំងនៅក្នុងសហភាព និងថ្នាក់តំបន់ »។ លោកបានបន្ថែមថា ច្បាប់ថ្មីពិតជាត្រូវការណាស់ ដើម្បីជំនួសច្បាប់ចាស់ និងបទបញ្ជាដែលហួសសម័យសម្រាប់វិស័យជលផល ។
ការអំពាវនាវឱ្យមានភាពជាអ្នកដឹកនាំ និងការផ្តោតទៅលើវិស័យជលផល ត្រូវបានធ្វើឡើង ខណៈដែលវិស័យនេះកំពុងប្រឈមនឹងបញ្ហាដូចជា កង្វះខាតហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទិន្នន័យ និងទំនាក់ទំនង និងសូម្បីតែដីសម្រាប់ការចិញ្ចឹមត្រី ។ សំខាន់បំផុត វិស័យចិញ្ចឹមសត្វ និងជលផល មានសក្តានុពលនាំចេញយ៉ាងខ្លាំង ។ នៅឆ្នាំ ២០១៧-២០១៨ មីយ៉ាន់ម៉ាបាននាំចេញត្រីចំនួនជាង៥៧ម៉ឺនតោនដែលមានតម្លៃ៧១២លានដុល្លារដែលជាចំនួនខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ។
កាលពីថ្ងៃអង្គារសប្ដាហ៍មុនេះ កិច្ចពិគ្រោះយោបល់ថ្នាក់រដ្ឋ និងថ្នាក់តំបន់សម្រាប់ NADP ត្រូវបានធ្វើឡើងនៅទីក្រុងយ៉ាំងហ្គោន។ គោលបំណងនៃការពិគ្រោះយោបល់នេះ គឺដើម្បីប្រមូលផ្តុំមតិរិះគន់សំខាន់ៗពីអ្នកពាក់ព័ន្ធសំខាន់ៗមកពីរដ្ឋ និងតំបន់ផ្សេងៗគ្នា ដើម្បីធានាថា សមាសភាពជាច្រើន ដែលអាចធ្វើទៅបានត្រូវបានគេស្តាប់នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ NADP ។
NADP នឹងផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់តម្លៃទាំងមូល និងភ្ជាប់វិស័យជលផលមីយ៉ាន់ម៉ាជាមួយទីផ្សារសកល ។ ដំណើរការធ្វើសេចក្តីព្រាងនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅខែកុម្ភៈឆ្នាំក្រោយ បន្ទាប់មក វានឹងត្រូវដាក់ជូនទៅរដ្ឋាភិបាល ហើយភ្ជាប់ទៅនឹងច្បាប់ដែលមានស្រាប់ ។
លោក Zaw Oo នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម បានមានប្រសាសន៍ថា ក្រោយច្បាប់ថ្មីចូលជាធរមាន ប្រទេសមីយ៉ាន់ម៉ានឹងបង្កើតជាកម្មវិធីសម្រាប់ថ្នាក់ជាតិ និងថ្នាក់តំបន់ ដើម្បីលើកកម្ពស់វិស័យនេះឡើងវិញ ៕ ប្រែសម្រួលដោយ ៖ គង់ រិទ្ធរីណា