បណ្ដាំ​យ៉ាង​ខ្លី​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ និង​កូន​អាណិត​ខ្លោចចិត្ត !

253

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ ២០១៨ នៅ​ភូមិ​សៀមរាប ឃុំ​សៀម រាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ មាន​បុរស​វ័យ​ចំណាស់​ម្នាក់ ដាច់​ចិត្ត​ធ្វើ​អត្តឃាត​(​លេបថ្នាំ​កណ្ដុរ​)​សម្លាប់​ខ្លួន បន្សល់​ទុក​បណ្តាំ​យ៉ាង​ខ្លី ព្រោះតែ​ខឹង​ប្រពន្ធ​ស្តីបន្ទោស​។ ជន​រង​គ្រោះ​ឈ្មោះ អ៊ូ គឹ​ម​សេង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ​កសិករ​។

Loading...

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ នៅ ម៉ៅ ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ បាន​រៀបរាប់​ប្រាប់ សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក ជន​រង​គ្រោះ​បាន​ដើរទៅ​ផឹកស្រា រួច​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ពេល​នោះ​ប្រពន្ធ​បាន​ស្ដីបន្ទោស​ថា ឯង​កុំ​ផឹកស្រា​ច្រើន​ពេក​ខ្មាស់​កូន និង​កូនប្រសារ​ដែល​ទើបនឹង​រៀប​ការ​ថ្មី​ៗ​។ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​និយាយ​ទាក់​មាត់​ជាមួយ​ប្រពន្ធ លុះដល់​វេលា​ម៉ោង​១០​ព្រឹក ជន​រង​គ្រោះ​បាន​ដើរទៅ​ផ្សារ ទិញ​ថ្នាំ​បំពុល​កណ្ដុរ ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ប្រហែល​កន្លះ​ម៉ោង ក្រោយមក​ជន​រង​គ្រោះ​បាន​យក​ថ្នាំ​កណ្ដុរ លាយ​ជាមួយ​ទឹក​ផឹក​សម្លាប់​ខ្លួន​ស្លាប់​តែ​ម្ដង​ទៅ​។

ក្រោយ​ពី​ជន​រង​គ្រោះ​ស្លាប់ សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចុះ​ទៅ​ពិនិត្យ​ហើយ​ឃើញ​ថា ពិតជា​ស្លាប់​ដោយសារ លេបថ្នាំ​បំពុល​សម្លាប់​ខ្លួន​ប្រាកដ​មែន ក្រៅពី​នោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ ហើយ​កាន់​ច្បាស់​ថែម​ទៀត​នោះ​ជន​រង​គ្រោះ បាន​សរសេរ​បណ្តាំ​ទុក​យ៉ាង​ខ្លី មាន​ន័យ​ទូលំទូលាយ បញ្ជាក់​ចំពោះ​គាត់​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​នោះ​។ សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់