សេដ្ឋកិច្ច​ចិន​នឹង​ជួប​ឧបសគ្គ​កាន់តែ​ច្រើន​ក្នុង​ឆ្នាំ​ថ្មី​នេះ

305

ទីក្រុង​ហុងកុង ៖ បន្ទាប់​ពី​ការ​លូត លាស់​យ៉ាង​ខ្លាំង​អស់​ជា​ច្រើន​ទសវត្សរ៍​មកនេះ សេដ្ឋកិច្ច​របស​ចិន បាន​អន់​ថយ​ក្នុង​ឆ្នាំ​២០១៨ ហើយ​ឆ្នាំ​២០១៩​នេះ នឹង​កាន់តែ​មាន​ឧបសគ្គ​ច្រើន​ថែម​ទៀត ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារ​CNN កាលពី​ថ្ងៃ​ទី​៣០ ធ្នូ កន្លង​មក ។

Loading...

សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​ពីរ​លើ​ពិភពលោក​នេះ​កំពុង​តែ​ទទួល​រង​ការ​ប៉ះពាល់​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ផ្តល់​កម្ចី​ដែល​មាន​ហានិភ័យ​ខ្ពស់ ។ អ្វី​ដែល​កើតឡើង​ក្នុង​ប្រទេស​ចិន​មាន​សារសំខាន់​ណាស់​សម្រាប់​អាជីវកម្ម​និង​ទីផ្សារ​ជុំវិញ​ពិភពលោក​។ ប្រទេស​នេះ​ជា​ប្រទេស​នាំ​ចេញ​ផលិតផល​ធំ​ជាងគេ និង​នាំ​ចូល​វត្ថុធាតុដើម​ពី​ប្រទេស​ដទៃ​ទៀត​ដើម្បី​នាំ​ចេញ iPhone, Laptop និង​ផលិតផល​ជា​ច្រើន​ទៀត​ជាដើម ។

កំណើនប្រជាជន​ថ្នាក់​កណ្តាល​ក៏​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​ក្លាយជា​ទីផ្សារ​ធំ​ជាងគេ​សម្រាប់​ផលិតផល​ប្រើប្រាស់​ដូច​ជា រថយន្ត ស្មា​ត​ហ្វូ​ន និង​ស្រា​បៀរ​ផង​ដែរ ដែល​នាំ​ប្រាក់​ចំណេញ​រាប់​ប៊ី​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន General Motors និង Apple ជាដើម ។

លោក Rajiv Biswas ប្រធាន​សេដ្ឋវិទូ​ផ្នែក​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ប្រចាំ IHS Markit បាន​ឲ្យ​ដឹង​ថា ៖« ប្រទេស​ចិន​បាន​ក្លាយជា​កត្តា​ជំរុញ​ដល់​ការ​លូតលាស់​របស់​ពិភព​លក​ធំ​ជាងគេ »​។

កត្តា​ដែល​សំខាន់​ជាងគេ​សម្រាប់​សេដ្ឋកិច្ច​ចិន​គឺ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៩​។ បន្ទាប់​ពី​ការ​ដាក់​ពន្ធ​ថ្មី​ៗ​ដ៏​ខ្ពស់​លើ​ផលិតផល​រាប់​ប៊ី​លាន​ដុល្លារ ភាគី​ទាំង​សងខាង​កំពុង​តែ​ចរចា​លើ​កិច្ចព្រមព្រៀង​មួយ​នៅ​ចុងខែ​កុម្ភៈ​នេះ ។ ប្រសិនបើ​ពួក​គេ​មិន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ទេ​នោះ ពន្ធ​នឹង​កើនឡើង​បន្ថែម​ទៀត ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ផល​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​កាន់តែ​មាន​ច្បាស់​ឡើង​ក្នុង​ប្រទេស​ចិន​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ដោយ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ និង​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន ។

លោក Julian Evans-Pritchard សេដ្ឋវិទូ​ថ្នាក់ខ្ពស់​នៅ​ក្រុមហ៊ុន Capital Economics បាន​ឲ្យ​ដឹង​ថា ៖« ការ​លូតលាស់​ការ នាំ​ចេញ​នឹង​ទទួល​រង​សម្ពាធ បើ​ទោះជា​មានការ​ជៀសវាង​ការ​បន្ថែម​ពន្ធ​ក៏​ពិតមែន​ក្តី »​។ ក្រៅពី​ការ​ដាក់​ពន្ធ​ហើយ រដ្ឋាភិបាល​អា​មេ​រិ​ក ក៏​បាន​ហាមឃាត់​ក្រម​ហ៊ុន​បច្ចេកវិទ្យា​ចំនួន​ពីរ​ក្នុង​ការ​ទិញ​គ្រឿង​ផលិត​ក្នុង​សហរដ្ឋអាមេរិក បង្កើន​វិធានការ​លើ​ការ​វិនិយោគ​បរទេស និង​ចង់​ឃាត់ខ្លួន​នាយក​ក្រុមហ៊ុន Huawei ជាដើម ៕ ប្រែ​សម្រួល​ដោយ ៖ ណៃ ដា​លី​ន