ផ្ទុះ​គ្រាប់បែក​ស្លាប់ របួស​ជាច្រើន​នាក់

191

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ បើតាមប៉ូលិស​បាន​​រាយការណ៍​​ឱ្យ​ដឹង​ថា ​មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​ប្រមាណ​ជា​៣៥​នាក់​រង​របួស​ កាលពី​ថ្ងៃ​ទី​៣១​ ខែធ្នូ ឆ្នាំ២០១៨ ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​១​គ្រាប់ នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ពា​ណិ​ជ្ជ​កម្ម​មួយ​នៃ​ទីក្រុង​កូតា​បា​តូ ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន ដែល​មាន​ឧទ្ទាម​កម្ម​អ៊ិ​ស្លា​ម​និយម​។

Loading...

អ្នកនាំពាក្យ​ប៉ូលិស​លោក ​ROWELL ZAFRA ​អះអាង​ថា ក្រោយ​ការ​ផ្ទុះ​នេះ​ពួក​អ្នក​ស៊ើ​ប​អង្កេត​បាន​ចូល​ឆែកឆេរ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នោះ ហើយ​រក​ឃើញ​កញ្ចប់​សង្ស័យ​ទី២​រួច​យក​ទៅ​កម្ទេច​ចោល​។ ស្ត្រី​អ្នក​លក់ដូរ​តាម​ចិញ្ចើមថ្នល់​ម្នាក់​បាន​ត្រូវ​ស្លាប់​។ អ្នក​របួស​ភាគច្រើន ក្នុង​នោះ​៣​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ជា​អ្នក​ដើរ​ទិញ​ឥ​វ៉ា​ន់​សម្រាប់​បុណ្យ​ឆ្លង​ឆ្នាំ​។ របស់របរ​នានា​រាយ​ប៉ាយ​នៅ​តាម​ដង​វិ​ថី ដោយសារ​ឥទ្ធិពល​នៃ​កម្លាំង​ផ្ទុះ​។​កញ្ចក់​អគារ​ទាំងឡាយ​នៅ​ជុំវិញ​កន្លែង​ផ្ទុះ​ត្រូវ​បែក​។

ពួក​អ្នក​ស៊ើ​ប​អង្កេត​នៅ​ពុំ​ទាន់​អាច​បញ្ជាក់​ក្នុង​ពេល​ភ្លាម​ៗ ប្រភេទ​នៃ​គ្រាប់បែក​ដែល​ប្រើ​ឬ​ជនសង្ស័យ​នៅឡើយ​។ ទោះបី​យ៉ាងណា​មេ​បញ្ជាការ​យោធា​តំបន់​ម្នាក់ ឧត្ដមសេនីយ៍ ​CIRILITO SOBEJANA អះអាង​តាម​ទូរទស្សន៍ ABS-CBN​ថា បុរស​ម្នាក់​ត្រូវ​គេ​ឃើញ​​កាន់​ប្រអប់​មួយ ដែល​គេ​យក​មក​ដាក់​នៅ​មុខ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នោះ ហើយ​ផ្ទុះ​ប៉ុន្មាន​នាទី​ក្រោយមក​។ លោក​ថា​គ្រាប់បែក​នេះ​ជា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​៕ ដោយ ខាន់ សុខឃន