កម្ពុជា​ប្រកាស​រៀបចំ​ព្រឹត្តិការណ៍ Khmer Fight ក្រោយ​បញ្ចប់​ដោយ​ជោគជ័យ

206

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​រៀបចំ​ព្រឹត្តិការណ៍ Khmer Fight នៅ​ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​ឈ្នះ ហើយ​ទទួល​បានការ​ចាប់អារម្មណ៍​តាំងពី​ថ្ងៃ​ចាប់ផ្ដើម រហូត​ដល់​ថ្ងៃ​បញ្ចប់​យ៉ាង ជោគជ័យ កាលពី​យប់​ថ្ងៃ​ទី​៣១ ធ្នូ អ្នក​រៀបចំ​កម្មវិធី​បាន​អះអាង​ថា ខ្លួន​នឹង​បើក​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ជា​ថ្មី​ម្ដងទៀត​ឲ្យ​ល្បី មិន​អោយ​ចាញ់​ព្រឹត្តិការណ៍ Thai Fight នោះ​ឡើយ​។ ព្រឹត្តិការណ៍​លំដាប់​ពិភព លោក​មួយ​នេះ ត្រូវ​បញ្ចប់​ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​រហូត​រាប់​ម៉ឺន​នាក់ ដោយ​មិន​រាប់​តួលេខ​អ្នក​ទស្សនា តាម​កម្មវិធី​ផ្សាយ​ផ្ទាល់​នៅ​ទូ​ទាំង​ពិភពលោក​ផង ពេញ​រយៈពេល​៤​ថ្ងៃ​កន្លង​មកនេះ​អ្នក​។

Loading...

គ្មាន​អ្នក​មិន​ចាប់អារម្មណ៍​នោះ​ទេ សម្រាប់​ជំនួប​កីឡាករ​កម្ពុជា​កម្រិត​A និង​កីឡាករ​បរទេស​ច្រើន​គូ ដែល​ក្រៅពី​ប្រកួត​គ្នា​យក​ប្រាក់​រង្វាន់​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់ ក៏​ដណ្ដើម​យក​មេដាយ​កិត្តិយស​ម្នាក់​មួយ មិន​ថា​អ្នក​ចាញ់ ឬ​អ្នក​ឈ្នះ​នោះ​ដែរ​។ លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត បាន​គូសបញ្ជាក់​ពី ជោគជ័យ ក្រោយ​បញ្ចប់​ការ​ប្រកួត​ទាំង​៤​ថ្ងៃ​ថា នេះ​ជា​ព្រឹត្តិការណ៍​លើក​ដំបូង​ដែល ប៉ុស្ដិ៍​លេខ​៥ ទទួល​សិទ្ធិ​រៀបចំ ដោយ​ការ​ប្រកួត​ទាំងមូល គឺ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ព្រឹត្តិការណ៍​Thai Fight ដែល​ថៃ​ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ក្បាច់គុន​របស់​ខ្លួន​ដូច​គ្នា​។ លោក​ថា កីឡាករ​បរទេស​ខ្លាំង​ៗ ត្រូវ​បាន​អញ្ជើញ​មក​ពី​ប្រទេស​ចំនួន​១៤​ប្រទេស ដោយ​ព្រឹត្តិការណ៍​នេះ​ដ្បិតថា ទើបតែ​បា​នប​ង្ហាះ ខ្លួន​ជា​លើក​ដំបូង ប៉ុន្តែ​កក្រើក​មិន​ចាញ់​ព្រឹ​ត្ត​ការណ៍ Thai Fight ដែល​ល្បី​ជា​យូរ​នោះ​មក​ឡើយ​។

ព្រឹត្តិការណ៍​ត្រូវ​បាន​គេ​វាយតម្លៃ​ថា ផ្ទុះ​កក្រើក​ក្នុង​ស្រទាប់​មហាជន​អ្នក​ស្នេហា​វិស័យ​ប្រដាល់ តាំងពី​ថ្ងៃ​បើក​ឆាក​ថ្ងៃ​ទី​២៨ ធ្នូ និង​កាន់តែ​កក្រើក ហើយ​ទទួល​បានការ​ចាប់អារម្មណ៍​ទ្វេ​ដង នៅ​ថ្ងៃ​បញ្ចប់​នៅ​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​។ លោក​ថា ព្រឹត្តិការណ៍ Khmer Fight ជា​ជំនួប​កីឡាករ​កម្ពុជា និង​បរទេស​លើក​ទី​១ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ជា​អ្នក​រៀបចំ ខណៈ​ដែល​ការ​ប្រកួត​នេះ គឺ​មានការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង​បរទេស​សុទ្ធសាធ​តាំងពី​គូ​ទី​១ ដោយ​កីឡាករ​ម្នាក់​ក៏​ទទួល​បាន​មេដាយ​កិត្តិយស​បន្ថែម​ពីលើ​តម្លៃ​ខ្លួន​។ ព្រឹត្តិការណ៍​នេះ​នឹង​បន្ត​បង្ហាញ ខ្លួន ជា​លើក​ទី​២​ក្នុង​ពេល​ឆាប់​ៗ ដោយ​គ្រោង​នឹង​រៀបចំ​នៅ​តាម​បណ្ដា​ខេត្ត ហើយ​បន្ទាប់​មក​ក៏​នឹង​រៀបចំ នៅ​ក្រៅប្រទេស​ដូច​គ្នា​នឹង​ព្រឹត្តិការណ៍​Thai Fight​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​បរទេស​ដែល​បាន បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ Khmer Fight ទាំង​៤​ថ្ងៃ​នោះ រួម​មាន​កីឡាករ​ជនជាតិ​វៀតណាម ជនជាតិ​អ៊ី​រ៉​ង់ ឥណ្ឌា ឡាវ ថៃ បារាំង អឺរ៉ុប និង​ទុ​យ​នី​ស៊ី​នី​ជាដើម សរុប​ចំនួន​១៤​ប្រទេស ដោយ​ត្រូវ​ប្រកួត​ជា​២​ប្រភេទ គឺ​ប្រភេទ​ពាក់កណ្ដាល​អាជីព ដែល​មាន​ពាក់​ឧបករណ៍​ការពារ​ក្នុង​ពេល​វាយ​គ្នា និង​ការ​ប្រកួត​អាជីព រវាង​កីឡាករ​កម្ពុជា​Grade A និង​កីឡាករ​បរទេស​ខ្លាំង​ៗ ចម្រុះ​ជាតិ​សាសន៍​។ លោក សេង ក​ដិ​កា បន្ត​ថា កីឡាករ​ដែល​ទទួល​ជ័យជម្នះ​នឹង​ត្រូវ​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ ជា​លើក​ទី​២ ប៉ុន្តែ​បើ​ចាញ់​២​ដង នឹង​អស់សិទ្ធិ​ចូលរួម​ប្រកួត​ជា​ថ្មី​ដូច​គ្នា​នឹង​លក្ខ​ណ្ឌ​របស់​បរទេស​ដែរ​៕ ដោយ​៖ ផាត់ តារា​រដ្ឋ