បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់ ខណៈ​បើកបរ​ម៉ូតូ​មិន​ប្រយ័ត្ន

226

ខេត្តសៀមរាប ៖ បុរស​វ័យ​ចំណាស់​អាយុ​៦៥​ឆ្នាំ​ម្នាក់ ជិះ​ម៉ូតូ​ម្នាក់ឯង បម្រុង​ឆ្លងផ្លូវ​ចូល​ភូមិ មិន​បាន​មើល​ឆ្វេង​ស្តាំ ត្រូវ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ បើកបរ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន បណ្តាល​ឱ្យ​បុក​ពេញទំហឹង​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ បង្ក​ឱ្យ​កកស្ទះ​ចរាចរ​មួយសន្ទុះ ទើប​សមត្ថកិច្ច​ជំនាញ​របស់​អធិការ​នគរបាល​ស្រុក​ក្រឡាញ់​មក​ជួយ​សម្រួល​ចរាចរ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​តា​ច្រែង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

Loading...

បើ​តាម​លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការ​នគរបាល​ស្រុក​ក្រឡាញ់ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៨​នេះ​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ពលរដ្ឋ​ដែល​ជិះ​កង់ ម៉ូតូ បានឃើញ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​មាស ពាក់​ស្លាក​លេខ បាត់ដំបង ២B-៣៣៤១ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ទិស​ដៅ​ពី​ទិស​កើត​ទៅ​ទិស​លិច ក្នុង​ល្បឿន​លឿន បាន​បុក​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១N-២៦៣២ បាន​បើកបរ​ក្នុង​ទិស​ដៅ ពី​ទិស​ខាង​លិចទៅ​ទិស​កើត បញ្ច្រាសទិស​គ្នា​រួច​ម៉ូតូ​បត់​ឆ្វេង​មិន​បាន​មើល​ឆ្វេង​ស្តាំ​បម្រុង​ឆ្លងថ្នល់ ចូល​ភូមិ​តា​ច្រែង ត្រូវ​រថយន្ត​បុក​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​។ លោក​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​មានឈ្មោះ ញិ​ប ហឿ​ង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​តា​ច្រែង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

លោក​បញ្ជាក់​ថា លុះ​មក​ដល់​ចំណុច​កើត​ហ​តុ ស្រាប់តែ​ម៉ូតូ​ខាងលើ​បាន​បត់​ឆ្លងផ្លូវ​ចូល​ភូមិ ស្រប​រថយន្ត​ក៏​មាន​ល្បឿន​លឿន​ផង​នោះ បាន​បុក​ម៉ូតូ​នោះ​យ៉ាង​ពេញទំហឹង​តែ​ម្តង បណ្តាល​ឱ្យ​ភាគី​ខាង​ម៉ូតូ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង កើត​ហេតុតែ​ម្តង​។ ក្រោយ​ពី​កើតហេតុ​កម្លាំង​ចរាចរ​ស្រុក​ក្រឡាញ់ បាន​ចុះ​មក​ដល​កន្លែង​កើតហេតុ រួច​បាន​យក​វត្ថុ​តាង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ ដើម្បី​ចាត់ការ​តាម​នីតិ​វិធិ​។ មូលហេតុ គឺ​បណ្តាល​មក​ពី​អ្នក​ម៉ូតូ​ជិះ​ឆ្លងផ្លូវ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​(​មិន​មើល​ឆ្វេង​ស្តាំ​)​។ បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រួចរាល់​ហើយ​៕ ដោយ ៖ ច័ន្ទ រស្មី