សេដ្ឋកិច្ច​ចិន​រក្សា​បាន​ស្ថិរភាព​តាម​រយៈ​ហេដ្ឋារចនាសម្ព័ន្ធ

156

ទីក្រុង​ប៉េ​កាំ​ង ៖ ទិន្នន័យ​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ​បាន​ឲ្យ​ដឹង​ថា ស​ន្ទ​ស្សន៍​គ្រប់គ្រង​ការ​ទិញ​(PMI) ផ្លូវការ​បាន​ធ្លាក់​ចុះ​មក​ស្មើ​៤៩,៤​ពិន្ទុ កាលពី​ខែធ្នូ ដែល​ជា​ការ​ធ្លាក់​ចុះ​លើក​ទី​១​តាំងពី​ខែកក្កដា​ឆ្នាំ​២០១៦​មក និង​ជា​កម្រិត​ទាប​ជាងគេ​តាំងពី​ខែកុម្ភៈ​ឆ្នាំ​២០១៦​។ ជាមួយ​គ្នា​នេះ ការ​លូតលាស់​វិស័យ​ឧស្សាហកម្ម​បាន​ងើបឡើង​វិញ​យ៉ាង​ខ្លាំង ដោយ​ស​ន្ទ​ស្សន៍​សកម្មភាព​អាជីវកម្ម​កើនឡើង​៣,៣%​មក​ស្មើ​៦២,៦​ពិន្ទុ ។ នេះ​បើ​តាម​សារព័ត៌មាន China Daily ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ ខែមករា ម្សិលមិ​ញ ។

Loading...

ស​ន្ទ​ស្សន៍​មួយទៀត​សម្រាប់​ការ​កុម្ម​ង់​ថ្មី​ស្មើ ៥៦,៥​ពិន្ទុ និង​រក្សា​ស្ថិរភាព​ដែល​បង្ហាញ​ឲ្យ​ដឹង​ថា អចលនទ្រព្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ជួយ​ជំរុញ​ក្នុង​រយៈពេល​ខ្លី ។ ប្រធាន​សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន Guotai Junan Securities លោក Hua Changchun បាន​និយាយ​ថា ៖« ទិន្នន័យ​របស់​PMI បាន​បង្ហាញ​ថា​រដ្ឋាភិបាល​កំពុង​តែ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ខ្លួន​តាម​រយៈ​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ពួក​គេ​នឹង​កាត់​អត្រា​ប្រាក់​បម្រុង​ក្នុង​ខែមករា​ផង​ដែរ »​។

លោក Zhang Wenlang ប្រធាន​អ្នកវិភាគ​សេដ្ឋកិច្ច​ម៉ា​ក្រូ​នៅ​ក្រុមហ៊ុន Everbright Securities បាន​កត់​សម្គាល់ថា ៖« សេដ្ឋកិច្ច​នឹង​ជួប​សម្ពាធ​នៅ​ត្រីមាស​ទី​១​នា​ឆ្នាំ​២០១៩​នេះ​ដែល​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ជម្លោះ​ពាណិជ្ជកម្ម​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ »​។
ទោះបី​យ៉ាងណា លោក​បន្ថែម​ថា ៖« ការ​ចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​កំពុង​តែ​ដំណើរការ​ទៅ​មុខ​បន្តិច​ម្តង​ៗ ប្រសិនបើ​ជម្លោះ​ពាណិជ្ជកម្ម​ត្រូវ​បាន​ដោះស្រាយ​បន្ថែម​ទៀត នោះ​សម្ពាធ​លើ​ការ​នាំ​ចេញ​នឹង​ធ្លាក់​ចុះ ហើយ​ស្ថានការណ៍​អាច​នឹង​ផ្លាស់​ប្តូរ​នៅ​ត្រីមាស​ទី​២ »​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Zhang Liqun អ្នក​ស្រាវជ្រាវ​មួយ​រូប​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​នៃ​ក្រុមប្រឹក្សារដ្ឋ បាន​និយាយ​ថា ៖« បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​កំពុង​តែ​ជួបនឹង​សម្ពាធ​ជាក់ស្តែង ។ វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ព​ន្លឿ​ន​ការ​រៀបចំ​ប្រារព្ធ​សន្និសីទ​កិច្ចការ​សេដ្ឋកិច្ច​កណ្តាល និង​ប្រើ​ផល​វិជ្ជមាន​បាន​ពី​គោលនយោបាយ ដើម្បី​រក្សា​ការ​លូតលាស់​ឲ្យ​បាន​លឿន »​។

គួរ​កត់​សម្គាល់ថា កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​សរសេរ​លើ Twitter​របស់​លោក​ថា លោក​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង (Xi Jinping) យ៉ាង​យូរ ដោយ​បាន​ព្រមព្រៀង​គ្នា​លើ​ការ​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ខាតបង់​រាប់​ពាន់​ប៊ី​លានដុល្លារ ៕ ប្រែ​សម្រួល​ដោយ ៖ ណៃ ដា​លី​ន