ខេត្តកណ្តាល ៖ អាជីវករលក់សាច់ជ្រូកសាច់គោនៅតាមផ្សារនានាក្នុងស្រុកកៀនស្វាយ ស្រុកល្វាឯម ស្រុកលើកដែក ស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល បាននាំគ្នារអ៊ូរទាំថា ឥឡូវនេះការលក់មិនសូវដាច់ទេ ហើយការបន្តធ្វើអាជីវកម្មក៏នៅតែបង់លុយអស់ច្រើនដដែល ។
បងប្អូនអាជីវករលក់សាច់ជ្រូកសាច់គោ នៅផ្សារអ្នកលឿងត្រើយខាងលិច ផ្សារព្រែកថ្មីហៅផ្សារគគីរធំ ផ្សារសំរោងធំ ផ្សារផ្លូវថ្មី ផ្សារគគីរ ក៏ដូចជានៅតាមផ្សារនានាជាច្រើនទៀត បានត្អូញត្អែរថា ឆ្នាំនេះទាំងសាច់ជ្រូកក៏ដូចជាសាច់គោ លក់មិនសូវដាច់ទេ ជួនកាលធ្វើមួយក្បាលលក់រយៈពេល២ថ្ងៃក៏មានដែរ ។ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗខុសគ្នាឆ្ងាយណាស់ កាប់មួយថ្ងៃ២ទៅ៣ក្បាលក៏លក់អស់ដែរ ព្រោះពួកគាត់ខ្លះមានរបរលក់សាច់ជ្រូកសាច់គោ៧-៨ទៅ១០ឆ្នាំក៏មានដែរ ។
ទោះបីជាបែបណា បញ្ហាឆ្នាំនេះលក់សាច់មិនសូវដាច់នោះ ពួកគាត់ក៏មិនបានដឹងពីមូលហេតុថាបណ្តាលមកពីអ្វីដែរ ។ ក្រុមអាជីវករបន្តទៀតថា ការលក់សាច់មិនសូវដាច់នេះធ្វើឲ្យពួកគាត់ជួបការលំបាកយ៉ាងខ្លាំង ៖ ទី១-រកប្រាក់មិនបានសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ជួយកូនឲ្យបានរៀនសូត្រ ទី២-ការធ្វើឬបន្តអាជីវកម្មត្រូវចំណាយលុយបង់អស់ច្រើនក្នុងម្នាក់ៗចាប់ពី២៥០ដុល្លារ រហូតដល់៥០០ដុល្លារក៏មានដែរ តាមអ្នកធ្វើតិចឬច្រើនក្នុងមួយឆ្នាំ ។
ក្រៅពីនេះ នៅមានបង់ឲ្យទៅខាងឡសត្តឃាត មានខ្លះ១០មុឺនរៀល ខ្លះ២០ម៉ឺនរៀល ខ្លះ៣០ម៉ឺនរៀល រហូតដល់៦០ម៉ឺនរៀលទៀតក្នុងមួយខែ ។ ទោះជាយ៉ាងណា ក្រុមអាជីវករទាំងនោះមិនបានបញ្ជាក់ប្រាប់ឲ្យច្បាស់ថា ការបង់លុយនេះឲ្យទៅខាងណា ហើយអ្នកទទួលឈ្មោះអ្វីនោះទេ ដោយខ្លះថាប្តីជាអ្នកទៅបង់ និងខ្លះទៀតប្រាប់ថាមានគេរត់ការឲ្យ ។ ការឆ្លើយរបស់ពួកគាត់ហាក់បីដូចជាមានការលាក់លៀម ដោយសារខ្លាចមុខខ្លាចក្រោយ ។
ប៉ុន្តែយ៉ាងណាក៏ដោយ ការដែលអាជីវករបង់លុយក្នុងចំនួនខាងលើនេះ គឺពិតជាជញ្ជក់ឈាមពួកគាត់(អាជីវករ)ទាំងស្រស់១គុណរហូតដល់ជាង១០ដង ។
យោងតាមលិខិតប្រកាសរួមលេខ១០១៣សហវ ការផ្តល់សេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ម្ចាស់អាជីវកម្មម្នាក់ត្រូវបង់ប្រាក់ចំនួន៨ម៉ឺនរៀលតែប៉ុណ្ណោះ ចូលជាថវិការដ្ឋ សម្រាប់រយៈពេលមួយឆ្នាំ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក អ៊ុល ដូរិន ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត បានប្រាប់ភ្នាក់ងារកោះសន្តិភាពតាមទូរស័ព្ទកាលពីថ្ងៃទី២៨ ខែធ្នូ ថា រូបលោកពុំបានដឹងទេ ព្រោះឥឡូវការធ្វើ ឬបន្តអាជីវកម្ម គឺគេប្រកាសតម្រូវឲ្យទៅទំនាក់ទំនងនៅច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ។
ចំពោះអាជីវករដែលគាត់និយាយថា បង់លុយអស់៣០០ដុល្លារទៅ៥០០ដុល្លារនោះ មិនដឹងជាគាត់ឲ្យគេរត់ការឬបង់ឲ្យខាងណា លោកមិនដឹងទេ តែបើពាក់ព័ន្ធនឹងកូនចៅរបស់លោកនៅតាមបណ្តាស្រុកជាអ្នកប្រព្រឹត្ត បុគ្គលណាធ្វើ បុគ្គលនោះជាអ្នកទទួលខុសត្រូវខ្លួនឯង ៕ ដោយ ស៊ឹម សាន់