ដើរ​តាម​ផ្លូវលំ​២​នាក់​ឃើញ​នគរបាល​ចុះ​ល្បាត ស្ទុះ​រត់គេច​ខ្លួន​ក្របួច​បាន​ម្នាក់

146

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន ខណៈ​នាំ​គ្នា​ដើរ សុខ​ៗ​នៅ​លើ​ផ្លូវលំ លុះ​ពេល​ក្រឡេក​ឃើញ​ក្រុម​នគរបាល ស្រាប់តែ​ស្ទុះ​រត់គេច​ខ្លួន​ភ្លាម ដោយ​ធ្វើ​មុខ​ភិតភ័យ ហើយ​បន្ទាប់​ពី​ចាប់​សួរនាំ និង​ឆែកឆេរ​មើល​ក្នុង​ហោប៉ៅ​ឃើញ​មាន​ថ្នាំ​ញៀន​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ពុធ ១១​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

Loading...

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​អនុសេនីយ៍ឯក រី តារា អធិការ​ស្តីទី បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ អ្នក រ៉ា​ន់ ហៅ​អា​តឿ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ លោក​បាន​បន្ត​ទៀត​ថា វត្ថុ​តាង​ដែល​រឹបអូស​បាន រួម​មាន ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ថា ជា​សារធាតុ​ញៀន​ចំនួន​០៤​កញ្ចប់​តូច​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ តុលាការ​ឱ្យ​ចាត់ការ​តាម​នីតិវិធី ៕ ដោយ ៖ នី​យ៉ា