ពិធី​ចូល​ឆ្នាំ​សកល​២០១៩​នេះ ភ្ញៀវ​ទេសចរណ៍​កើនឡើង​៧.៩៦%​ធៀប​នឹង​ឆ្នាំ​មុន

153

ខេត្តសៀមរាប ៖ បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា នៅ​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​២៩ ដល់​ថ្ងៃ​៣១ ខែធ្នូ ឆ្នាំ​២០១៨ ចូល​ឆ្នាំ​២០១៩​នេះ នៅ​ខេត្តសៀមរាប​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​សប្បាយ មាន​សរុប​ប្រមាណ ២៨៤​ពាន់​៣១​នាក់ កើនឡើង​៧.៩៦%​បើ​ធៀប​ទៅ​នឹង​កាលពី​ឆ្នាំ​២០១៧ ចូល​ឆ្នាំ​២០១៨ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន​ចំនួន​ប្រមាណ​៣៤​ពាន់​៣១​កើនឡើង​២.៨៦%​ភ្ញៀវ ទេសចរណ៍​ជាតិ​មាន​ចំនួន​ប្រមាណ​២៥​ម៉ឺន​នាក់​កើនឡើង​៨.៧០%​។

Loading...

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៨​ចូល​២០១៩​នេះ​អាជ្ញាធរ​បាន​រៀបចំ​ឲ្យ​មាន​កន្លែង​កម្សាន្ត​ជា​ច្រើន គឺ​នៅ​តាម​សណ្ឋាគារ នៅ​សួនច្បា​មុខ​ព្រះរាជ​ដំណាក់ និង​តំបន់​ផាប់​ស្ទ្រី​ត ផ្សារ​ចាស់ ផ្សារ​រាត្រី តំបន់​អង្គរ​ឃ្យុ​ង​យូ នៅ​ផ្សារ​កុងតឺន័រ ហើយ​កន្លែង​ដែល​ភ្ញៀវ​សម្រុក​ទៅ​សប្បាយ​ច្រើន​ជាងគេ​គឺ នៅ​តំបន់​ផាប់​ស្ទ្រី​ត ផ្សារ​ចាស់ ផ្សារ​រាត្រី និង​ជា​ពិសេស នៅ​សួនច្បារ​ខាងជើង​ព្រះរាជ​ដំណាក់ ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត​។ ចំណែក​សន្តិសុខ​វិញ អាជ្ញាធរ បាន​ដាក់​ពង្រាយ​សមត្ថកិច្ច​ជា​ច្រើន ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឲ្យ​បាន នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​។

លោក​បាន​បញ្ជាក់​ទៀត​ថា ដោយសារ​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​បាន​សម្ពោធ​វិមាន​អនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ និង​ខួប​២០​ឆ្នាំ នៃ​ការ​បញ្ចប់ សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ដូច្នេះ​អាជ្ញាធរ​ខេត្តសៀមរាប​ក៏​បាន​រៀប​ពិធី​អបអរសាទរ​នេះ​ក្នុង​ឱកាស​រាត្រី ឆ្លង​ឆ្នាំ​នេះ​ដែរ ដោយ​មានការ​រៀបចំ​ឱ្យ​មាន​រាំ​លេង​កម្សាន្ត​សប្បាយ​នៅ​សួរ​ច្បា​មុខ​ព្រះរាជ​ដំណាក់​ផង​ដែរ​។ លោក​បាន​បន្ត​ថា ដោយសារ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ បាន​ធ្វើ​ឱ្យ​ប្រជា​ព​រដ្ឋ​ខ្មែរ មក​ពី​តាម​បណ្តា​ខេត្ត​នានា​បាន​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​នៅ​ឱ្យ​ឆ្លង​ឆ្នាំ​សកល​នេះ​យ៉ាងច្រើន​កុះករ​។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្ត​ក៏​បាន​រៀបចំ​ឲ្យ​មាន​កន្លែង​សប្បាយ​ច្រើន និង​តុបតែង​ភ្លើង​លំ​ម្អ​ក្រុង បាន​ស្អាត​ផង​ដែរ​។ សម្រាប់​សន្តិសុខ​សណ្ដាប់ធ្នាប់​សមត្ថកិច្ច​ការពារ​យ៉ាង​យកចិត្ត​ទុក ដាក់​បំផុត មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ​។ រីឯ​តម្លៃ​សេវា​ផ្សេង​ៗ​ដូច​ជា​សណ្ឋាគារ ម្ហូបអាហារ​ក៏​មិន​មានការ​ឡើង ថ្លៃ​ហួសហេតុ​ដែរ​។ ពីព្រោះ​ក្រុម​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ ណែនាំ​ឲ្យ​អាជីវករ​ទាំងអស់​មិន​ឲ្យ ឡើងថ្លៃ​ជា​ប្រចាំ​៕ ដោយ ៖ ច័ន្ទ រស្មី