អាជ្ញាធរ​ឈឺក្បាល​ព្រោះតែ​សំរាម ក្រោយ​ឆ្លង​ឆ្នាំ​សកល !

305

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​២០១៨ ចូល​២០១៩​នេះ គេ​សង្កេត​ឃើញ មាន​ប្រជាពលរដ្ឋ​ច្រើន​ហួសការ​ស្មាន បាន​មក​ចូលរួម​ឆ្លង​ឆ្នាំ​ទាំងអស់​គ្នា​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​ស្ទើរតែ​ស្ទះ​ចរាចរ​ទៅ​ហើយ នៅ​ម្ដុំ​សួនច្បារ​វិមាន​ឯករាជ្យ ក៏​ដូច​ជា​សួន​កម្សាន្ត​មុខ​សាលាខេត្ត កំពង់ឆ្នាំង​ផង​ដែរ​។ ប៉ុន្តែ​ជា​អវិជ្ជមាន នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី​នេះ គេ​ឃើញ​គំនរ​សំរាម​យ៉ាងច្រើន​ស្អេកស្កះ នៅ​តាម​ទី​កម្សាន្ត​នានា មាន​សួនច្បារ​វិមាន​ឯករាជ្យ និង​នៅ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង​ជាដើម នេះ​អាច​បញ្ជាក់​បាន​ថា​៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត នៅ​មិន​ទាន់​យល់​ដឹង និង​ចូលរួម​សំអាត​បរិស្ថាន​នៅឡើយ​។

Loading...

យោង​តាម​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន របស់​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា តាម​ការប្រមាណ​អ្នកចូលរួម​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នៅ​យប់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ចូល​ដល់​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៩ មាន​ប្រមាណ​ជាង​២​ម៉ឺន​នាក់ ដែល បាន​មក​ចូល​កម្សាន្ត នៅ​តាម​សួន​នានា មាន​ដូច​ជា​នៅ​សួ​នក​ង្រី សួន​វិមាន​ឯករាជ្យ សួន​មុខ​សាលាខេត្ត និង​សួន​និមិត្តសញ្ញា​ឆ្នាំងដី នៅ​ភូមិ​ទួល​ក្រឡាញ់​ជាដើម​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ ទាំងនោះ​បាន​អង្គុយ ហូប​ចុក រហូត​ដល់​ម៉ោង​១២​អា​ធ្រា​ត្រ ដើម្បី​ឆ្លង​ឆ្នាំ ទើប​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​។ ប៉ុន្តែ​អ្វី​ដែល​នៅ​សេសសល់​គឺ សំរាម​បាន​នៅ​រាយ​ប៉ាយ​តាម​សួន​នានា​គ្រប់​ទីកន្លែង ដែល​អាច​បញ្ជាក់ បាន​ថា ប្រជាពលរដ្ឋ​នៅ​មិន​បាន​ចូលរួម​ក្នុង​ការ​សំអាត​ទីក្រុង នៅឡើយ​នោះ​ទេ​។ ប៉ុន្តែ​មាន​មួយ​ចំនួន​បាន​យក​សំរាម​ទៅ​ដាក់​ក្នុង​ធុងសំរាម​ផង​ដែរ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១ មក​រា​នេះ​ដែរ លោក យិ​ន សា​វ៉េ​ន អភិបាល​អភិបាលក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ថា​៖ លោក​ពិតជា​ឈឺក្បាល​ខ្លាំង​ណាស់ រឿង​សំរាម​ដែល​ប្រជាពលរដ្ឋ​យើង​ខ្វះ​ការ​យល់​ដឹង ខណៈ​ដែល​លោក​ឃើញ​សំរាម​ចោល​ពាស​វាល ពាស​កាល​ពេញ​សួនច្បារ​បែប​នេះ ដែល​អាច​បញ្ជាក់​បាន​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ក្រុង​កំពង់ឆ្នាំង មិន​ទាន់​មានការ​យល់​ដឹង​ខ្ពស់​អំពី​បញ្ហា​សំរាម​នៅឡើយ​។ ដោយឡែក​មាន​តែ​ប្រជាពលរដ្ឋ​មួយ ចំនួន​តូច​ប៉ុណ្ណោះ​ដែល​បាន​ប្រមូល​សំរាម​ច្រក​ថង់​ដាក់​តាម​គល់ឈើ និង​ដាក់​តាម​ធុងសំរាម ដើម្បី​ឲ្យ​អ្នក​ប្រមូល​សំរាម​ងាយស្រួល​ឲ្យ​អ្នក​ប្រមូល​សំរាម​ដឹក​យក​ទៅ​បោះចោល​។

លោក សូម​អំពាវនាវ​ផង​ដែរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មក​លេង​កម្សាន្ត​នៅ​តាម​សួនច្បារ​ក្នុង​ក្រុង​កំពង់ឆ្នាំង មេត្តា​ចូលរួម​ធ្វើ​អនាម័យ ការពារ​បរិស្ថាន​តាម​សួនច្បារ ដោយ​សូមកុំ​ចោល​សំរាម​ពាស​វាល​ពាស​កាល គឺ​សូម​ដាក់​សំរាម​តាម​ធុងសំរាម ឬ​សូម​ច្រក​សំរាប​ដាក់​ក្នុង​ថង់​ទុក​នៅ​តាម​ធុងសំរាម ដើម្បី​ឲ្យ​ក្រុមហ៊ុន​អនាម័យ​ក្រុង ងាយស្រួល​ប្រមូល​សំរាម​ដឹក​យក​ទៅ​ចោល​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​យល់​ថា​៖ បើ​ផ្ទះ​យើង​ស្អាត រមណីយដ្ឋាន​យើង​ស្អាត សួនច្បារ​យើង​ស្អាត និង​ទីក្រុង​យើង​ស្អាត នោះ​ភ្ញៀវ​ទេសចរណ៍​នឹង​មក​លេង​កម្សាន្ត​ច្រើន និង​ជា​កិត្តិយស​របស់​ប្រជាពលរដ្ឋ របស់​ថ្នាក់ដឹកនាំ ក្រោយ​ពេល​ភ្ញៀវ​គេ​ត្រឡប់​ទៅ​វិញ គេ​សរសើរ​ថា​៖ “ អ្នក​ខេត្តកំពង់ឆ្នាំង ពិតជា​មាន​អនាម័យ​ល្អ​មែន​” ជា​ពុំខាន​៕ ដោយ ៖ ពៅ សុខ​ហ៊ាន