បាក់​ដី​… ស្លាប់​១៥​នាក់​ បាត់​ខ្លួនជា​ច្រើន​នាក់

131

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ យោង​តាម​តុល្យការ​ថ្មី​ប្រកាស​ដោយ​អ្នក​ទទួលខុសត្រូវ​ម្នាក់​ថា ពួក​អ្នក​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​១​មក​រា បាន​ពុះពារ​ប៉ុនប៉ង​រុករក​មនុស្ស​ច្រើន​សិប​នាក់​ដែល​បាត់​ខ្លួន ក្នុង​ការ​បាក់​ដី​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៥​នាក់​នៅ​លើ​កោះ​ជ្វា​ឥណ្ឌូ​ណេ​ស៊ី​។

Loading...

មនុស្ស​យ៉ាងតិច​២៥​នាក់​នៅ​តែ​បាត់​ខ្លួន​ចាប់តាំងពី​កើត​មាន​គ្រោះ​មហន្តរាយ​នោះ​ដែល​កើត​មាន មុន​ពេល​ថ្ងៃ​លិច​បន្តិច​កាលពី​ថ្ងៃ​ទី​៣១​ធ្នូ ក្នុង​ខេត្ត​ជ្វា​ខាងលិច​។ ភ្លៀង​ធ្លាក់ ខ្លាំង ការ​ដាច់​ចរន្តអគ្គិសនី​ព្រមទាំង​ផ្លូវថ្នល់​ពិបាក រារាំង​ដល់​ការ​បញ្ជូន​គ្រឿងចក្រ​ទៅ​កាន់​កន្លែង​បាក់​ដី ក្នុង​តំបន់​មួយ​នៃ​ទី​ក្រុង​ស៊ូ​កា​ប៊ូ​នី​។ នេះ​ជា​ការ​អះអាង​របស់​អ្នកនាំពាក្យ​នៃ​ទី​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ លោក​SUTOPO PURWO NUGROHO​។

លោក​និយាយ​ថា​ការងារ​ជួយ​សង្គ្រោះ ក៏​ជួប​ការ​លំបាក​ដែរ មក​ពី​វត្តមាន​មនុស្ស​ច្រើន​លើកគ្នា​ទៅ​កាន់​កន្លែង​បាក់​ដី​ដើម្បី​មើល​។ ផ្លូវ​ចង្អៀត​មនុស្ស​ច្រើន​លើកគ្នា​ទៅ ធ្វើ​ឲ្យ​ស្ទះ​ការ​បញ្ជូន​ពួក​អ្នក​ជួយ​សង្គ្រោះ និង​គ្រឿងចក្រ​នានា​ព្រមទាំង​រថយន្ត​សង្គ្រោះ​។ ផ្អាក​នា​ពេល​យប់​ការ​រុករក​បន្ត​នា​ព្រឹក​ថ្ងៃ​ទី២​មក​រា​។ មនុស្ស​៤​នាក់​ក៏​រង​របួស​ដែរ​។

ការ​បាក់​ដី​តែង​កើត​មាន​ញឹកញាប់​នៅ​ឥណ្ឌូ​ណេ​ស៊ី ជា​ប្រទេស​ដែន​កោះ​ជួប​ប្រទះ​ជាប់​រដឹក​គ្រោះ​មហន្តរាយ​ធម្មជាតិ​។ ទឹកជំនន់​និង​ការ​បាក់​ដី បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ខែតុលា​លើ​កោះ​ស៊ូ​ម៉ា​ត្រា ភាគ​ខាងលិច​ឥណ្ឌូ​ណេ​ស៊ី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២២​នាក់​៕ ដោយ ខាន់ សុខឃន