រយៈពេល​មួយ​ឆ្នាំ​មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ពិនិត្យ​ជំងឺ​កុមារ​ចំនួន​៩៦១,២៥៦​នាក់

180

រាជធានី​ភ្នំពេញ ៖ កុមារ​កម្ពុជា​មក​ពី​គ្រប់​បណ្តា​ខេត្ត​ចំនួន ៩៦១,២៥៦​នាក់ បាន​ចូល​ពិនិត្យ និង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ធ្វើ​ឲ្យ​ការ​ចំណាយ​របស់​មន្ទី​ពេទ្យ​នេះ​មាន​ប្រមាណ​ជាង​៤២​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ យោង​តាម​បណ្តាញ​សង្គម​លោក​វេជ្ជបណ្ឌិត Beat Richner បាន​បង្ហាញ​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​៣១ ខែធ្នូ ថ្ងៃ​បញ្ចប់​ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំង​៥ បាន​ពិនិត្យ​ព្យាបាល​កុមារ​មាន​ជំងឺ​នៅ​ក្នុង​ផ្នែក​ពិគ្រោះ ជំងឺ​ក្រៅ​ចំនួន ៩៦១,២៥៦​នាក់​។ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន ១៦១,៤២៤​នាក់ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​។ កុមារ​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​ចំនួន ១៤.៦១៥​នាក់ បាន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​។

Loading...

ដោយឡែក​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ១៥៤,៨១៦​ករណី បាន​ពិនិតយ្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​មន្ទីរពេទ្យ​សម្ភព នៃ​មន្ទីរពេទ្យ​ជ័យ​វ័​រ្ម​នទី​៧ (​គន្ធ​បុប្ផា​ទី​៣) និង​ស្ត្រី​បាន​សម្រាលកូន​មាន​ចំនួន​២៧,៣០៩​នាក់ ( អត្រា​មរណៈភាព​កុមារ​នៅ​ក្នុង​មន្ទីរពេទ្យ​មាន​ចំនួន​០,២៣%​បើ​ធៀប​ឆ្នាំ​២០១៧ មាន​០២៥% មានការ​ថយ​ចុះ​។ នា​ពេល​បច្ចុប្បន្ន​នេះ​គ្រាន់តែ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​៤(​ខាងជើង​រមណី​ដ្ឋា​ន​វត្ត​ភ្នំ រាជធានី​ភ្នំពេញ​) ក្នុង​មួយ​ថ្ងៃ​បាន​ពិនិត្យ​ជំងឺ​ដល់​កុមារ​ប្រមាណ​ជាង​២​ពាន់​នាក់ ដែល​មក​ពី​បណ្តា​ខេត្ត នានា ហើយ​ក្នុង​នោះ​កុមារ​ប្រមាណ​ជា​៣០%​ត្រូវ​បាន​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​។ ដោយឡែក​រយៈពេល ២៦​ឆ្នាំ​កន្លង​មក​ហើយ​ដែល​ម្ន​ទីរ​ពេទ្យ​គន្ធ​បុប្ផា ត្រូវ​បាន​សម្ពោធ​នា​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​១៩៩២ ហើយ​បាន​ទទួល​ព្យាបាល​កុមារ​ដំបូង​គេ​បំផុត​នៅ​ថ្ងៃ​ទី​២ ខែ​វិ​ច្ឆ​កា ឆ្នាំ​១៩៩២​។

មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ទទួល​អ្នកជំងឺ​មក​ពី​គ្រប់​ច្រកល្ហក​នៃ​ផ្ទៃ​ប្រទេស​។ រាល់​ការ​ព្យាបាល​ទាំងអស់​គឺ​ឥត​គិតថ្លៃ សម្រាប់​គ្រប់​ៗ​គ្នា កុមារ​មាន​ជំងឺ និង​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១៧,៨៥៤,៣០២​នាក់ ករណី ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​។ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ២៦៦,១៩៤​នាក់ បាន​សម្រាក​កូន​នៅ​ក្នុង​មន្ទីរសម្ភព នៃ​មន្ទីរពេទ្យ​ជ័យ​វ័​រ្ម​នទី​៧ (​គន្ធ​បុប្ផា​ទី​៣)​។ ដូចនេះ​ហើយ​ដែល​២៦​ឆ្នាំ​កន្លង​មកនេះ​មន្ទីរ​គន្ធ​បុប្ផា​បាន​ក្លាយទៅជា​មន្ទីរពេទ្យ​គំរូ​មួយ​។ កាកបាទក្រហមកម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់ និង​អរគុណ​ដល់​សកម្មភាព​ដ៏​ជោគជ័យ​រស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ថា បាន​ចូលរួម​ចំណែក ដល់​ការ​កាត់​បន្ថយ “​អត្រា​ស្លាប់​របស់​មាតា និង​កុមារ​” នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្នុង​រយៈពេល​២៦​ឆ្នាំ​កន្លង​មកនេះ មន្ទីរពេទ្យ​គន្ធ​បុប្ផា Dr.met.Beat Richner បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​៦៧២​លាន​ដុល្លារ​អា​មេ​រិ​ក ។ ទោះជា​យ៉ាងហ្នឹង​ក៏​ត្រូវ​បាន​គេ​កត់ត្រា​ទុកជា​សកល​ថា មន្ទីរ​គន្ធ​បុប្ផា​មាន​អត្រា​ប្រសិទ្ធភាព​ព្យាបាល ធៀប​ទៅ​នឹង​ការ​ចំណាយ​ល្អ​លើសគេ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា អគារ​វះកាត់ និង​សង្គ្រោះ​បន្ទាន់​សម្រាប់ កុមារ​ត្រូវ​បាន​កំពុង​សាងសង់​នៅ​លើ​ទីតាំង​ដី​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​១ និង​ទី​៥ ជាប់​ខាងជើង​មន្ទីរពេទ្យ​ជប៉ុន ដែល​មាន​កម្ពស់​៣​ជាន់​ហើយ​បំពាក់​សម្ភារ​វះកាត់​ដ៏​ទំនើប អគារ​វះកាត់ និង​សង្គ្រោះ​បន្ទាន់ នឹង​សាងសង់​រួចរាល់​នៅ​ក្នុង​កំឡុង​ខែតុលា ឆ្នាំ​២០១៩ នេះ​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី