ឃាត់ខ្លួន​ជនសង្ស័យ​ជន​ចា​តិ​ថៃ​២​នាក់ ជួញដូរ​សារធាតុ​ញៀន​ជាង​១​គីឡូក្រាម

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៩​នេះ បាន​បង្ហាញមុខ​ជនជាតិ​ថៃ​ប្រុស​-​ស្រី​២​នាក់ សង្ស័យ​ជួញដូរ​គ្រឿងញៀន ដោយ​បើកហាង​លក់ទំនិញ បំភាន់​ភ្នែក​សមត្ថកិច្ច​បន្លំ​បង្កប់​លក់​គ្រឿងញៀន នៅ​ចំណុច​ក្នុង​បរិវេណ​កាស៊ីណូ ក្រុង ប៉ោយ​ប៉ែ​ត​។ លោក​វរសេនីយ៍ត្រី ង៉ែ​ង សុ​ជា នាយការិយាល័យ នគរបាល​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា​៖ ដោយ​មានការ​ចង្អុល​ណែនាំ​ពី លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ​។

Loading...

លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ និង​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ក្រុង​សិរី​សោភ័ណ បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត តាម​វិធានការ​ជំនាញ និង​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត​គ្រឿងញៀន​ចំនួន ៧​ប្រភេទ សរុប​ជាង​១​គីឡូក្រាម ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​។ ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ឆ្លង​ឆ្នាំ ឈាន​ចូល​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ លោក សេនីយ៍​ត្រី ង៉ែ​ង សុ​ជា នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន បានឱ្យ​ដឹង​ទៀត​ថា​៖ ក្នុង​ការ​ចុះ​បង្ក្រាប​ចាប់​ឃាត់ខ្លួន ជ​សង្ស័យ ជនជាតិ​ថៃ ២​នាក់​នេះ បន្ទាប់​ពី​សមត្ថកិច្ច​មូលដ្ឋាន បើក​ការ​ស៊ើបអង្កេត​រក​ឃើញ​ថា ជនជាតិ​ថៃ​ទាំង​២​នាក់​នេះ បាន​បើកហាង​លក់ទំនិញ​មាន​យីហោ​២៩​បាត និង​បង្កប់​លក់​គ្រឿងញៀន ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​ឆ្មក់​ចូល បង្ក្រាប និង​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ជាក់ស្តែង​។

សមត្ថកិច្ច​ឆែកឆេរ ត្រួតពិនិត្យ រក​ឃើញ ដកហូត​បាន គ្រឿងញៀន​៧​ប្រភេទ រួម​មាន​៖ ១/,​ប្រភេទ​ម្សៅ ក្រាម​ស​ថ្លា​ចំនួន​១​ថង់ ទម្ងន់​១,៨៩​ក្រាម ,២/-​ម្សៅ​ម៉ត់ និង ម្សៅ​ក្រាម​(​កេ​តា​មីន​) ចំនួន​២៧​ថង់​ទម្ងន់​១៩២,២៧​ក្រាម​, ៣/-​ថ្នាំ​ប្រភេទ​គ្រាប់​(​អ៊ិ​ច​ស្តា​ស៊ី​)​ចំនួន​១៦​ថង់ ទម្ងន់​១៣៣,៩៤​ក្រាម​, ៤/-​ថ្នាំ​ទឹក​កេ​តា​មីន​ចំនួន​៩១​ដប ទម្ងន់​៩១០​ក្រាម​, ៥/-​ថ្នាំ​ទឹក កាលី​សូល​ចំនួន​២៣​ដប ទម្ងន់​២៣០​ក្រាម​, ៦/-​ថ្នាំ​គ្រាប់​ហ្វា​យ​ប្រភេទ​ថ្នាំ​គ្រវី​១៥ គ្រាប់ និង​៧/-​កញ្ឆា​ក្រៀម​ចំនួន​៥​ដុំ​ស្មើ​ទម្ងន់​១៣៥,៦០​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង ប្រាក់​ថៃ​៣៥.៨០០​បាត និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន មួយ ចំនួន​ទៀត​ផង​ដែរ​។ ចំពោះ​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​អំពើ​ជួញដូរ គ្រឿងញៀន​២​នាក់ ម្នាក់​ឈ្មោះ ១/, ឆាយ​ដែន ម៉ា​ហា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​កម្មករ ស្រុក​កំណើត​ភូមិ​អារញ្ញ ឃុំ​អារញ្ញ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

និង​ម្នាក់​ទៀត​ឈ្មោះ អរុណ កូ​ម៉ា​ន ធី​ឆា​ឆា​វិ​ផា​ណា​នុ​វ៉ា​ត ហៅ​ឆា​ឆា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​លក់ដូរ ស្រុក​កំណើត ឃុំ​សា​ណា​មីង ស្រុក​សាន​សាយ ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ​។ ស្ត្រី​ជនជាតិ​ថៃ​នេះ មក​រស់​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​៥​ឆ្នាំ​មក​ហើយ និង​បាន​ប្រកប​មុខរបរ​លក់ទំនិញ នៅ​ចំណុច​បរិវេណ​កាស៊ីណូ ក្រុង​ប៉ោយ​ប៉ែ​ត​២​ឆ្នាំ ហើយ​គ្រឿងញៀន​ខាងលើ​ពួក​គេ​ទទួល​ទិញ​ពី​ស្ត្រី​ម្នាក់ ជនជាតិ​ខ្មែរ ដើម្បី​យក​លក់​ចែកចាយ​បន្ត​ឱ្យ​ជនជាតិ​ចិន និង​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី នេះ​បើ​តាម​ចម្លើយ​សារភាព របស់​ពួក​គេ​។ បច្ចុប្បន្ន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ថៃ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ ជំនាញ កសាង​សំណុំរឿង និង​វត្ថុ​តាង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕​ដោយ ៖ ណុ​ប រក្សា