រថយន្ត​ដឹក​ដី​រអិល​ថយក្រោយ តៃកុង​អេ​ស្កា​វ៉ា​ទ័​រយ​ក​ខ្លួន​ទប់​មិន​ឈ្នះ​បុក​កៀប​ស្លាប់​បាត់

305

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​រថយន្ត​ដឹក​ដី​រអិល​ថយក្រោយ កៀប​មនុស្ស​ស្លាប់​ម្នាក់ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៤ មក​រា ២០១៩​នេះ នៅ​ចំណុច បរិវេណ​ដី​ក្រុមហ៊ុន​វឌ្ឍន​: ស្ថិត​ក្នុងភូមិ​ឫស្សីស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ឈ្មោះ អៀម ទូច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​បុគ្គលិក​បើក​អេ​ស្កា​វ៉ា​ទ័​រ​ឲ្យ​ក្រុមហ៊ុន​វឌ្ឍន​: មាន​ទីលំនៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ អ្នកបើកបរ​រថយន្ត​ដឹក​ដី​ឈ្មោះ អ៊​ន ឈី​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សីស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ បុគ្គលិក​បើកបរ​រថយន្ត​ដឹក​ដី​ធុន​ធ្ងន់​ក្នុង​ក្រុមហ៊ុន​វឌ្ឍនៈ​។

Loading...

សភាព​រឿងហេតុ​នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ ជន​រង​គ្រោះ​បាន​កាយ​ដី​ចំនួន​១​ប៉ែល​ដាក់​លើ​រថយន្ត​របស់​ឈ្មោះ អ៊​ន ឈី​ត រួច​ក៏​ចុះ​ពី​អេ​ស្តា​វ៉ា​ទ័​រ មក​និយាយ​គ្នា​លេង​ជាមួយ​កម្មករ​ធ្វើ​សំណង់​ក្នុង​ការដ្ឋាន​នោះ​។ ចំណែក​ឈ្មោះ អ៊​ន ឈី​ត ដែល​ជា​អ្នក​បើករថយន្ត​ដឹក​ដី​ក៏​បាន​ចត​រថយន្ត​ចុះ​នោម​នៅ​ក្បែរ​នោះ​ដែរ​ពេល​នោះ​ជន​រង​គ្រោះ បានឃើញ​រថយន្ត​ដឹក​ដី​រអិល​ចុះ​ថយក្រោយ (​ដី​ចំណោត​) ក៏​បាន​រត់ឡើង​ជាន់​លើ​កង់​អេ​ស្កា​វ៉ា​ទ័​រ ហើយ​យកដៃ​ទប់​គូទ​រថយន្ត​ដឹក​ដី ដើម្បី​កុំ​ឲ្យ​រអិល​ទៀត​។

ប៉ុន្តែ​ទប់​មិន​ឈ្នះ​កម្លាំង​រថយន្ត ទើប​បណ្តាល​ឲ្យ​រថយន្ត​ដឹក​ដី​បុក​ផ្ទប់​នឹង​គ្រឿង​អេ​ស្កា​វ៉ា​ទ័​រ​ស្លាប់​ភ្លាម​មួយ​រំពេច​នៅ​កន្លែង​ក្នុង​ការដ្ឋាន​នោះ​តែ​ម្តង​។ ក្រោយ​កើតហេតុ​អ្នក​បើករថយន្ត​ដឹក​ដី បាន​ឡើង​បើករថយន្ត​របស់​ខ្លួន​ចេញ​ទៅ​ចម្ងាយ​៧​ម៉ែត្រ ដើម្បី​សង្គ្រោះ​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​គ្រប់​ជំនាញ បាន​ចុះ​ទៅ​ពិនិត្យ និង​ប្រគល់​សាកសព​ឲ្យ​បងប្អូន និង​អ្នកធ្វើការ​ងារ​ជាមួយ​ចាត់ចែង​ដឹក​យក​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់