ម្នាក់​ៗ​សុទ្ធតែ​ធ្លាប់​ជាប់គុក ពេល​ចេញ​មក​វិញ​លួច​ទៀត​ត្រូវ​ចូល​គុក​ជា​លើក​ទី​២

169

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​គឺជា​មុខសញ្ញា​ចោរកម្ម​ដែល​តែង​បាន​ចេញ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ មិនតែប៉ុណ្ណោះ​ថែម​ទាំង​ធ្លាប់​ជាប់​ពន្ធនាគារ​ទៀត​ផង​។ ប៉ុន្តែ​ដូច​ពាក្យចាស់​លោក ពោល​ថា «​កុំ​ពត់​ដើម​ស្រឡៅ កុំ​ប្រដៅ​មនុស្ស​ខូច​» គឺ​ពិត​ណាស់ ពួក​នេះ​មិន​បាន​រាងចាល​សូ​ម្បី​តែ​បន្តិច ណា​ឡើយ​។ ក្រោយ​ពេល​ចេញពី​គុក​វិញ​បន្ត​ដើរ​លួច​យ៉ាង​សកម្ម​ទៀត តែ​សំណង​អាក្រក់​បាន​ហុច​ឲ្យ​ជា​ថ្មី ខណៈ​ពេល​កំពុង​ចេញ​ដើរ​រក​លួច ស្រាប់តែ​ជួប​កម្លាំង​នគរបាល​ល្បាត ក៏​ចាប់ខ្លួន​បាន​ម្នាក់ ចំណែក​២​នាក់ ទៀត​រត់គេច​ខ្លួន​រួច ប៉ុន្តែ​នគរបាល​បាន​កំណត់​អត្តសញ្ញាណ​ជន​ទាំងនោះ​បាន​ហើយ និង​កំពុង​តាម​ចាប់ខ្លួន​។

Loading...

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​ខ្នង​ប្រឡាយ​«​តា​ហោ » ស្ថិត​នៅ​ក្នុងភូមិ​លំហាច ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ឈ្មោះ ហ៊ូ រ៉ាត់ ហៅ​ញ៉ូ​ន អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត រស់នៅ​ក្នុងភូមិ​ព្រៃ​ជ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ជន​នេះ​ធ្លាប់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ចំនួន​២​ដង រួច​មក​ហើយពី​បទ​លួច​។ ចំណែក​បក្ខពួក​ដែល​កំពុង​រត់គេច​ខ្លួន​នោះ​ម្នាក់​ឈ្មោះ អ៊ុ​ន សា​វឿ​ន ហៅ​តឿ អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត រស់នៅ​ភូមិ ត្រូវជា​ប្អូនថ្លៃ​របស់​ឈ្មោះ ហ៊ូ រ៉ាត់​។ ជន​នេះ​ក៏​ធ្លាប​ជាប់​ពន្ធនាគារ​ម្ដង​ពី​បទ លួច​ដូច​គ្នា​ដែរ និង​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​ជា​អ្នក​ជិះ​ម៉ូតូឌុប​អ្នក​ទាំង​២​នាក់​ខាងលើ​ឲ្យ​ធ្វើ​សកម្មភាព​លួច​។

ហើយ​នគរបាល​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ដែក​ឧបករណ៍​សម្រាប់​ឆ្កឹះ​សោ​១ ,​ទួ​ណឺ​វី​ស​២ ដែក​សំប៉ែត​សម្រាប់​កាច់​សោក​ម៉ូតូ​ចំនួន​៤,​សោ​ខ្សៀ​១,​លួស​បត់​សម្រាប់​ដោត​ខ្សែភ្លើង​ចំនួន​៤​សរសៃ​,​សាំង​១​ដប​ទឹកបរិសុទ្ធ​ចំណុះ​កន្លះ​លី​ត្រ​,​កូនសោ​ច្នៃ​សម្រាប់​ចាក់​បំបែក​សោ​ម៉ូតូ​ចំនួន​០២,​ដង្កាប់​អូ​តូ​ម៉ា​ទិច​១,​ដែក​រាង​អក្ស​រអិល​៣​ដើម​,​ម៉ា​ឡេ​ត​តូច​១,​ម៉ា​រ៉ូ​វេន​ម៉ូតូ​ហុងដា​ស្កូ​ពី​១,​កន្ត្រក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១,​កញ្ចក់​ម៉ូតូ​ហុងដា​ស្កូ​ប​ពី​១​គូ​ពណ៌​លឿង​,​កញ្ចក់​ម៉ូតូ​ម៉ាក​ហុងដា​គុប​ចំនួន​១,​ដង្កាប់​សម្រាប់​កាច់​ត្រចៀកទ្វារ ឬ​បង្អួច​១ ,​ថ្នាំ​បំពុល​សត្វ​ឆ្កែ​ចំនួន​០២​កំប៉ុង​, កន្ត្រៃ​សម្រាប់​កាត់​ស័ង្កសី​១,​កូនកាំបិត​១,​ញញួរ​តូច​ដង​ឈើ​១, ឧបករណ៍​សំលៀង​សោ​១, សោ​តូច​ធំ​សម្រាប់​ដោះ គ្រឿង​ម៉ូតូ​ជា​ច្រើន​ទៀត​។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​លំហាច និង​ប្រជា​ការពារ​បាន​ច​ដ​ញ​ល្បាត​ពួនស្ទាក់​បទល្មើស​ហើយ​បាន​ប្រទះ ឃើញ​សង្ស័យ​ខាងលើ​ក៏​ឃាត់ ឲ្យ​ឈប់ ដើម្បី​ត្រួតពិនិត្យ ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​រត់គេច​ខ្លួន​។ ទើប​ពេល​នោះ​កម្លាំង​ដេញ​តាម ឃាត់​បាន​ម្នាក់​ឈ្មោះ ហ៊ូ រ៉ាត់ ហៅ​ញ៉ូ​ន ចំណែក​បក្ខពួក​២​នាក់​ទៀត​បាន រត់គេច​បាត់​ដោយ​សុវត្ថិភាព​តែ​ម្តង​។ បន្ទាប់​មក​កម្លាំង​បាន​នាំ​ជន​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ទៅ​សាកសួរ​ហើយ​ជនសង្ស័យ​បាន​សារភាព​ថា កន្លង​មក​ខ្លួន និង ឈ្មោះ អ៊ុ​ន សា​វឿ​ន ហៅ​តឿ និង​ម្នាក់​មិន​ស្គាល់ឈ្មោះ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​បាន​សម្រេច​ជា​បន្តបន្ទាប់ រួច​មក​ហើយ គឺ​ក្នុង​នោះ​នៅ​វេលា​ម៉ោង​២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា គាស់​ផ្ទះ​មួយ​កន្លែង​នៅ​ក្នុងភូមិ​ក​ណ្តោ​ស ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

លួច​បាន​ម៉ូតូ​ចំនួន​០២​គ្រឿង គឺ​មាន​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ១​គ្រឿង​ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1B-6934 លេខ​តួ និង​លេខ​ម៉ាស៊ីន 8336335 ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ សាន ជា អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ខាងលើ​។ ចំណែក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​យ៉ា​ម៉ា​ហា​Exciter ពណ៌​សលាយ​ខ្មៅ គ្មាន​ស្លាក​លេខ លេខ​តួ 425801 លេខ​ម៉ាស៊ីន 445710 ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់​ឈ្មោះ ជា សុ​ជាតិ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​។ ជនសង្ស័យ​បាន​សារភាព​ថា ក្រោយ​ពេល​លួច​បាន​ខ្លួន​បាន​យក​ម៉ូតូ​នោះ​ទៅ​លក់​តាម​ផ្លូវ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ ដោយ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០០៥ លក់​បាន​តម្លៃ​២០០​ដុល្លារ រីឯ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​Exciter លក់​បាន​តម្លៃ​៤០០​ដុល្លារ​។ បន្ទាប់​មក​បាន​ចែក​គ្នា​ចាយវាយ​អស់ហើយ បន្ត​នាំ​គ្នា​ចេញ​ធ្វើ​សកម្មភាព​លួច​ទៀត ប៉ុន្តែ​សំណាងអាក្រក់​ជួប​នគរបាល​ល្បាត​ក៏​ចាប់ខ្លួន​បែប​នេះ​តែ​ម្ដង​៕ ដោយ ៖ យន់ ស៊ី​ថា