មិន​គួរ​ជឿ​! រឿ​ម វណ្ណៈ សន្លប់​ក្រោម​ដៃគូ​ប្រកួត​ក្នុង​ទឹក​ទី​១

160

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ អ្នកគាំទ្រ​ប្រដាល់​ភាគច្រើន​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​វ័យក្មេង​ជើង​ខ្លាំង រឿ​ម វណ្ណៈ ដែល​អ្នក​ណា​ក៏​ស្គាល់​ជា​កីឡាករ​ឡើង​កូដ ស្រាប់តែ​ត្រូវ​សន្លប់​ក្រោម​ដៃ​កីឡាករ​ថៃ​ក្នុង​ទឹក​ទី​១ ទាំង​ឆាកប្រយុទ្ធ​មិន​ទាន់​ក្ដៅ​សាច់់​។

Loading...

យ៉ាងណាមិញ គេ​មើលឃើញ​ថា ការ​បរាជ័យ​របស់​លោក​កើតឡើង​ដោយសារ​តែ​ការ​ហ៊ាន​ពេក ហើយ​ស្ទុះ​វាយ​ទាំង​កំរោល​ខ្លាំង​ពេក​ប៉ុណ្ណោះ ទើប​បណ្ដាល​ឱ្យ​ត្រូវ​មួយ​កែង​របស់​កីឡាករ​ថៃ ហើយ​បណ្ដាល​ឱ្យ​សន្លប់​ខ្លួនឯង​។ អ្នក​ទស្សនា​ភាគច្រើន​បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល​កីឡាករ រឿ​ម វណ្ណៈ ឈាន​ដល់​ការ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​១ ទាំង​គេ​មិន​ចង់​ទាល់តែ​សោះ​។

ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​កម្ពុជា​បង្គោល​ក្រហម​ត្រូវ​គេ​ឃើញ​មាន​ប្រៀប​ជាង​កីឡាករ​ថៃ​នៅ​ពេល​បើក​ឆាក​ភ្លាម​ៗ ដោយ​កីឡាករ​ថៃ​មិនសូវ​ហ៊ាន​ស្ទុះ​វាយ​ចូល​ខ្លាំង ដើម្បី​បង្ហាញ​ពី​ការ​ប្រយ័ត្នប្រយែង​នោះ​ផង​។ ប៉ុន្តែ​ផ្ទុយ​ពី​គូភាគី​ដែល​វាយ​ជន្ល​ៗ ហើយ​ប្រុង​ប្រយ័ត្ន កីឡាករ រឿ​ម វណ្ណៈ បែរជា​ហក់​ចូល​ទាំង​កំរោល​ម្ដង​ជា​ពីរ​ដង ហើយ​ការ​ហក់​ចូល​លើ​ក្រោយ​ដើម្បី​អុក​កែង​ទៅ​លើ​កីឡាករ​ថៃ Pert Senlek ក៏​សើយ​មួយ​កែង​ត្រូវ​ចំ​គុ​ម្ភ​ថ្គាម ហើយ​បណ្ដាល​ឱ្យ​កីឡាករ​កម្ពុជា សន្លប់​ភីង​ស្ដូកស្ដឹង​ក្រោក​តស៊ូ​លែង​រួច​។

ក្នុង​វី​ដេ​អូ​ហា​យ​ឡាយ គេ​ឃើញ​កីឡាករ​ថៃ​សំណាង​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​សន្លប់​លើ​រេញ​ដោយសារ​តែ រឿ​ម វណ្ណៈ លោត​អុក​មួយ​មួយ ហើយ​ក៏​ត្រូវ​កីឡាករ​ថៃ​សើយ​មួយ​កែង​ដោយ​មិន​បាន​ព្រៀង​ទុក​ត្រូវ​ចំ​គោលដៅ​ប៉ុណ្ណោះ ខណៈ​ដែល​ការ​ប្រកួត​នេះ បើ​ជើង​ខ្លាំង​កម្ពុជា​ប្រកួត​ឱ្យ​ស្រួលបួល គឺ​អាច​នឹង​ឈ្នះ​ក្នុង​ភាគរយ​ច្រើន​។

យ៉ាងណាមិញ លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​បាន​អះអាង​ថា កីឡាករ​ថៃ ដែល​មក​ប្រកួត​ជាមួយ រឿ​ម វណ្ណៈ គឺជា​ជើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​ការ​ប្រកួត​របស់​គេ​គឺ​មាន​តម្លៃ​ខ្លួន​ក្នុង​មួយ​ជាង​៤​ពាន់​ដុល្លារ​ឯណោះ ប៉ុន្តែ​ដោយសារ​តែ​ចង់​ស្គាល់​ពី​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា ទើប​គេ​សុខចិត្ត​ឡើង​មក​ប្រកួត​ក្នុង​តម្លៃ​១៥០០​ដុល្លារ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។ លោក​ប្រកែក​ថា បើ​ទោះជា រឿ​ម វណ្ណៈ ប្រកួត​តាម​សម្រួល​ក៏​មិន​ងាយ​នឹង​ឈ្នះ​កីឡាករ​ថៃ​នោះ​ឡើយ ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា កីឡាករ​របស់​លោក​មាន​បច្ចេកទេស​ខ្ពស់​ណាស់ ដោយ​លោក​ប៉ាន់​ស្មានថា ឈ្នះ រឿ​ម វណ្ណៈ តាំងពី​ពេល​ប៉ះ​គ្នា​៕ ដោយ ផាត់ ដារារ័ត្ន