លោក​ចោរ​ស៊យ​ធំ​ហើយ​ម្ដងនេះ ! លួច​ចំ​ម៉ូតូ​ដាក់​ប្រ​ព​ន្ធ័​GPS

158

ខេត្តកណ្តាល ៖ ចោរ​អស់លក្ខណ៍​ម្នាក់​លួច​ចំ​ម៉ូតូ​ដាក់​ប្រ​ព​ន្ធ័​GPS ពេល​ម្ចាស់​ស​ង្ស​យ័​ចុច​មើល​ទូរស័ព្ទ​ទាន់​ដឹង​ថា បាត់​ម៉ូតូ​ក៏​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភូមិធំ​ធ្វើការ ឃាត់ខ្លួន​បាន​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន កើតឡើង​នៅ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨ និង​៥៥​នាទី​ព្រឹក នៅ​ចំណុច​ភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ លោក យឹ​ម សុខុម នាយ​ប៉ុស្តិ៍​ភូមិធំ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន ចំនួន​០១​នាក់ ឈ្មោះ យិ​ន នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀន ស្វាយ​ខេត្ត កណ្តាល មុខរបរ​ជាងចម្លាក់​។ ជនសង្ស័យ​មានឈ្មោះ ចាន់ រតនៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទី​នៅ​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​។

Loading...

លោក យឹ​ម សុខុម បាន​បន្ត​ថា​៖ នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ម៉ាក​CLIK ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 1Y-4048 ចេញពីផ្ទះ​ឆ្លាក់​រូប​នៅ​ភូមិ​ភូមិធំ ស្រុក​កៀនស្វាយ ទៅ​ទិញ​ថ្នាំ​បំបាត់​ចុកពោះ​មក​លេប ក្រោយ​ពេល​ទិញ​ថ្នាំ​រួច​ជន​រង​គ្រោះ​បាន​ប្រើ​ឱ្យ​ក្មួយ​ឈ្មោះ សុ​ន ចាន់​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ឲ្យ​ទៅ​ទិញ​បាយ យក​មក​ហូប​មុន​ពេល​លេបថ្នាំ​ពេល​ត្រឡប់​មក​វិញ និង​ក្មួយ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ក្នុងផ្ទះ ដោយ​ទុក​សោ ជាប់​នៅ​នឹង​ម៉ូតូ ហើយ​យក​បាយ​ឲ្យ​ជន​រង​គ្រោះ​រួច​ក៏​ចូល​ទៅ​ដេក​វិញ​ព្រោះ​អស់​ងងុយ​ពី​យប់​។

ចំណែក​ជន​រង​គ្រោះ ក៏​ចូល​ទៅ ក្នុង​បន្ទប់​ហូប​បាយ ក្រោយ​ពី​ហូប​បាយ​ហើយ​ក៏​បាន​ចូល​បន្ទប់​សម្រាក​បាន​បន្តិច ក៏​ឮ​សំឡេង​ម៉ូតូ​ជិះ​ចេញ ប៉ុន្តែ​មិន​ចាប់អារម្មណ៍ ក្រោយមក​ខ្ញុំ​បាន​ចេញ​មក​បត់ជើងតូច​ស្រាប់តែ​បាត់​ម៉ូតូ ដូច្នេះ​ខ្ញុំ​បាន​យក​ទូរស័ព្ទ​បើក​មើល​ព្រោះ​អី​ម៉ូតូ​ខ្ញុំ​ភ្ជាប់​ប្រព័ន្ធ​GPS ហើយ​ក៏​បានឃើញ​សញ្ញា​លោត​ប្រាប់ ពី​ចំណុច​ម៉ូតូ​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រា​ធានី​ភ្នំពេញ​។ ជន​រង​គ្រោះ​ក៏​បាន​ចុច​បញ្ជា​ប្រព័ន្ធ​GPS ពន្លត់​ម៉ាស៊ីន​ម៉ូតូ ហើយ​ក៏​ចេញ​ស្វែងរក​ម៉ូតូ​ជាមួយ កម្លាំង​ប៉ុស្ដិ៍​ភូមិធំ តាម​ចំណុច​GPS​ចង្អុលបង្ហាញ​។

ជន​រង​គ្រោះ និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ភូមិធំ​បាន​ទៅ​ដល់ សង្កាត់​ព្រែក​ឯង​ហើយ​ក៏​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ព្រែក​ឯង​ស្វែងរក​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​តែ​បណ្ដើរ​ម៉ូតូ​តាម​ផ្លូវ​ចូល​វត្ត​ព្រែក​ឯង​។ ពេល​នោះ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ភូមិធំ និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍ ព្រែក​ឯង ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ព្រមទាំង​ម៉ូតូ​យក​មក​ប៉ុស្ដិ៍​ព្រែក​ឯង រួច​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ព្រែក​ឯង បាន​ប្រគល់​ជនសង្ស័យ និង​វត្ថុ​តាង​មក​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ភូមិធំ និង​កម្លាំង​ជំនាញ​ស្រុក​កៀនស្វាយ ទទួល​មក​ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​បន្ត​៕ ដោយ ៖ ប៉ឹង ឆដា