លែងលះ​គ្នា​បាន​៥​ថ្ងៃ ប្រើ​កាំភ្លើងខ្លី​ភ្ជង់​អតីត​ភរិយា​រក​ប្លង់​ផ្ទះ

197

ខេត្តកណ្ដាល ៖ គ្រួសារ​មួយ​ប្តី​ប្រពន្ធ​បាន​ផ្ដិត​មេដៃ​ព្រម​ព្រៀម​លែងលះ​គ្នា​នៅ​សាលាឃុំ ៥​ថ្ងៃ​ក្រោយមក ប្តី​ទៅ​រករឿង​ប្រពន្ធ​សុំ​យក​ប្លង់​ដី ប្រពន្ធ​មិន​ឲ្យ​ក៏​កើត​អំពើ​ហិង្សា​ដក​កាំភ្លើង​ភ្ជង់​គំរាម សមត្ថ​កិ​ច្ចំ ប្តី​នាំ​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៨ មក​រា ២០១៩ នៅ​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ឈ្មោះ នួន ដា​នី ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​មេផ្ទះ ចំណែក​បុរស​អតីត​ស្វាមី​ឈ្មោះ ឆាយ សា​លាភ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល នេះ​។

Loading...

សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​ពី​ជន​ជាប់ សង្ស័យ​ខាងលើ​នេះ​មាន ៖ ១.​កាំភ្លើងខ្លី​១​ដើម មិន​ស្គាល់​ម៉ាក គ្មាន​លេខ​បង់​១ គ្រាប់​៤​គ្រាប់​។ ២.​រថយន្ត​១​គ្រឿង ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AX-៤០២៩ និង​កូនសោ​រថយន្ដ​១​។ តាម​ការ​រៀបរាប់​ស្ត្រី​ជា​ភរិយា​បាន​ឲ្យ​សមត្ត​កិច្ច​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ធ្នូ ២០១៨ ឈ្មោះ ឆាយ សា​លាភ (​ប្តី​) បាន​ព្រមព្រៀង​ធ្វើ​កិច្ចសន្យា​លែងលះ​គ្នា​ជាមួយ​គាត់​(​ប្រពន្ធ​) នៅ​សាលាឃុំ​រកា​ខ្ពស់​រួចរាល់​ហើយ​។ លុះ​នៅ​ថ្ងៃ​ទី​៨ មក​រា ២០១៩ វេលា​ម៉ោង​៣ និង​៣៥​នាទី​រសៀល ឈ្មោះ ឆាយ សា​លាភ បាន​ជិះ​រថយន្ត​មួយ​គ្រឿង ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពី​ភ្នំពេញ​មក​ផ្ទះ​គាត់​(​នួន ដា​នី​)​ស្ថិត​ក្នុងភូមិ ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។ ពេល​មក​ដល់​ឈ្មោះ ឆាយ សា​លាភ បាន​សួរ​អ្នកស្រី​រក​ប្លង់​ផ្ទះ ដែល​មាន​ទីតាំង​ស្ថិត​នៅ បូ​រី​ចំការ​ដូង ដើម្បី​ដាក់​លក់​។

អ្នកស្រី​បន្ត​ថា ពេល​ជាមួយ​គ្នា​នោះ​អ្នកស្រី​មិន​ទៅ​តាម​ការ​បង្ខិតបង្ខំ​របស់​ឈ្មោះ ឆាយ សា​លាភ ទេ ទើបបាន​ឈ្មោះ ឆាយ សា​លាភ ដក​កាំភ្លើងខ្លី​កាន់​នៅ​ដៃ រួច​អា​ម៉េ​បញ្ចូល​គ្រាប់​ភ្ជង់​អ្នកស្រី និង ចាប់​គ្រៀក នាំ​ចូល​រថយន្ត​របស់​ខ្លួន​។ ពេល​នោះ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​ឃាត់​រថយន្ត ហើយ​ដណ្តើម​បាន​អាវុធ​ពី​ឈ្មោះ ឆាយ សា​លាភ និង​ជួយ​រំដោះ​អ្នកស្រី​ចេញពី​រថយន្ត​មក​វិញ ចំណែក​ឈ្មោះ ឆាយ សា​លាភ បាន​រត់គេច​ខ្លួន​។ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ដូច្នេះ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​រកា​ខ្ពស់ បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង ស្ទាក់​ឃាត់ខ្លួន ឈ្មោះ ឆាយ សា​លាភ នៅ​តាម​ផ្លូវ និង​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ ឆាយ សា​លាភ សារភាព​ថា ខ្លួន​បាន​ទិញ​អាវុធ​ខ្លី​នេះ​ពី​ឈ្មោះ រាក់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ តម្លៃ​៣០​ដុល្លារ​អា​មេ​រិ​ក នៅ​ចំណុច​វាល​ខ្សាច់​ចាក់​អង្រែ​លើ កាលពី​ឆ្នាំ​២០១៦ ហើយ​បាន​ទុក​នៅផ្ទះ​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ដើម្បី​ការពារ​ខ្លួន និង​បាន​យក​អាវុធ​ខ្លី​នោះ ទៅ​ភ្ជង់​គំរាម​ឈ្មោះ នួន ដា​នី អតីត​ជា​ប្រពន្ធ​ពិតប្រាកដ​មែន​។ ឈ្មោះ ឆាយ សា​លាភ សារភាព​នៅ​ចំពោះ​សមត្ថកិច្ច​ទៀត​ថា ខ្លួន​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន និង​ធ្លាប់​ប្រើ​ថ្នាំ​ប្រភេទ ម៉ា​ទឹកកក​រយៈពេល​៦​ខែ កន្លង​មក​ហើយ​។ ករណី ខាងលើ​នេះ សម​ត្ថិ​ក​ច្ច​បាន និង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់