ទីក្រុងតូក្យូ ៖ ប្រទេសជប៉ុនបានចាប់ផ្តើមយកពន្ធពីអ្នកដំណើរដែលចាកចេញពីប្រទេសប្រមាណ៩,២០ដុល្លារ ដើម្បីប្រមូលថវិកាសម្រាប់វិធានការទាក់ទាញភ្ញៀវបរទេសបន្ថែមមុននឹងការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២០ នៅទីក្រុងតូក្យូ ។ នេះបើតាមសេចក្តីរាយការណ៍របស់បាងកក ប៉ុស្ដិ៍ ចេញផ្សាយកាលពីថ្ងៃទី៧ កន្លងមក ។
ពន្ធថ្មីនេះមានទាំងសម្រាប់ការធ្វើដំណើរផ្លូវទឹក និងអាកាស ហើយត្រូវគិតយោងតាមតម្លៃធ្វើដំណើរមិនថា អ្នកដំណើរមានសញ្ជាតិអ្វីទេ អោយតែចាកចេញពីប្រទេសជប៉ុន ។ ទារកដែលមានអាយុក្រោម២ឆ្នាំ និងអ្នកដំណើរដែលចាកចេញពីជប៉ុនក្នុងអំឡុងពេល២៤ម៉ោងបន្ទាប់ពីបានមកដល់ មិនត្រូវបង់ពន្ធនេះឡើយ ។
យោងតាមគោលនយោបាយរដ្ឋាភិបាល ប្រាក់ចំណូលដែលបានពីពន្ធនេះ នឹងត្រូវបានបែងចែកសម្រាប់គោលបំណង៣ ដែលរួមមានការផ្តល់សេវាកម្មធ្វើដំណើរដែលមានភាពរលូនជាងមុន សម្របសម្រួលការទទួលព័ត៌មានទាក់ទិននឹងទីតាំងទេសចរណ៍របស់ប្រទេស និងបង្កើនភាពពេញចិត្តរបស់អ្នកដំណើរដោយលើកតម្កើងធនធានទេសចរណ៍ក្នុងតំបន់ផ្សេងៗ ។
ក្នុងឆ្នាំហិរញ្ញវត្ថុ២០១៩នេះ រដ្ឋាភិបាលព្យាករណ៍ថា អាចនឹងរកប្រាក់ចំណូលពីពន្ធនេះប្រមាណ៤៦០លានដុល្លារ ។ ពួកគេមានគម្រោងប្រើថវិកានេះភាគច្រើនសម្រាប់ការដាក់ច្រកដែលមានបច្ចេកវិទ្យាចំណាំមុខសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស និងសមុទ្រ និងធ្វើឲ្យមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានជាច្រើនភាសាជាច្រើនជាដើម ។
ប្រទេសជប៉ុនបានទទួលភ្ញៀវទេសចរបរទេសជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទទួលបាន៣០លាននាក់ជាលើកដំបូងកាលពីឆ្នាំ២០១៨ ។ នេះបើយោងតាមទិន្នន័យរបស់ភ្នាក់ងារវិស័យទេសចរណ៍ជប៉ុន ។
កំណើននេះត្រូវបានជំរុញដោយកំណើនភ្ញៀវទេសចរអាស៊ី ជាពិសេសភ្ញៀវមកពីប្រទេសចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងហុងកុងជាដើម ។ ដោយមានគោលដៅទទួលភ្ញៀវទេសចរបរទេសប្រមាណ៤០លាននាក់ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលមានគម្រោងប្រើប្រាក់ចំណូលពីពន្ធនេះដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមពីអឺរ៉ុប ៕ ប្រែសម្រួលដោយ ៖ ណៃ ដាលីន