អាជីវករ​ក្នុង​ផ្សារ​សាមគ្គី​ត្អូញត្អែ​ថា ដល់​រដូវ​ប្រមូល​ផល​ហើយ​តែ​លក់ដូរ​អត់​សូវ​ដាច់

209

ខេត្ត​ប៉ៃលិន ៖ អាជីវករ​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី បាន​ត្អូញត្អែ​ដូច​ៗ​គ្នា​ឱ្យ​ដឹង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០១៩ នេះ​ថា រហូត​មក​ដល់​រដូវ​ប្រមូល​ផល​ពោតក្រហម និង​ដំឡូង​មីនា​ឆ្នាំ​២០១៩​នេះ បែរជា​អត់​សូវ​ឃើញ​មាន​អតិថិជន​ចូល​ទៅ​ផ្សារ ដើម្បី​ទិញ​ទំនិញ ដូច​រៀង​រាល់​ឆ្នាំ​នោះ​ទេ​។ ប្រភព​ព័ត៌មាន​ពី​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ពួក​គាត់​ពិតជា​មានការ​លំបាក​ក្នុង​ការ​ប្រកប​របរ​រកស៊ី​លក់ដូរ​ក្នុង​ផ្សារ​ខាងលើ​នេះ​ណាស់ ដោយសារ​តែ​មក​ដល់​រដូវ​ប្រមូល​ផល​ទៅ​ហើយ បែរជា​អត់​សូវ​ឃើញ​មាន​ប្រជាពលរដ្ឋ​ចូល​ទិញ​ទំនិញ ដូច​នៅ​ឆ្នាំ​មុន​ៗ​។

Loading...

ពួក​គាត់​បន្ត​ទៀត​ថា បញ្ហា​ដែល​មិនសូវ​មាន​មនុស្ស​ចូល​ទិញ​ទំនិញ ឬ​របស់របរ​ផ្សេង​ៗ មក​ពី​ប្រជាពលរដ្ឋ​ជំពាក់​បំណុល​គេ ធ្វើស្រែ​ចម្ការ​មិនសូវ​បាន​ផល​ច្រើន ទើប​ធ្វើ​ឱ្យ​ពួក​គាត់​មិនសូវ​ចូល​ផ្សារ ដើម្បី​ទិញ​ទំនិញ​។ ម្យ៉ាងវិញទៀត នៅ​ដើមឆ្នាំ​២០១៩​នេះ ខាង​អាជ្ញាធរ​ខេត្ត​បាន​ដាក់​ដេញថ្លៃ​ភាស៊ី តាម​ផ្សារ​នានា​ឱ្យទៅ​ក្រុមហ៊ុន​ឯក​ផ្សេង​ទៀត ដើម្បី​ចុះ​មក​យក​ភាស៊ី​នៅ​ផ្សារ​ខាងលើ​នេះ ដោយ​ក្នុង​១​តូប​បង់​តម្លៃ​៥០០​រៀល ថ្លៃ​សន្តិសុខ​យាម​ក្នុង​១​ថ្ងៃ​៥០០​រៀល ថ្លៃ​តូប​ក្នុង​១​ខែ​ចាប់ពី ៣៥,០០០​រៀល ទៅ​៥០,០០០​រៀល តាម​ទីតាំង​តូប​។ ចំណែក​នៅ​ខាង​ផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ ត្រូវ​បាន​ខាង​សន្តិសុខ​រៀបចំ​កន្លែង​ផ្ញើ​ម៉ូតូ យក​ថ្លៃ​ផ្ញើ​ម៉ូតូ ចាប់ពី​តម្លៃ​៥០០ ទៅ​១,០០០​រៀល ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ អត់​សូវ​ចូល​ផ្សារ​ដើម្បី​ទំនិញ ឬ​របរ​របស់​ប្រើប្រាស់​ផ្សេង​ៗ​។

ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​លក់ដូរ​នៅ​ជុំវិញ​ផ្សារ​ខាងលើ បាន​អះអាង​ថា គាត់​ដាក់​តាំង​ទំនិញ​នៅ លើ​គម្រប​លូ និង​លើ​ចំណី​ផ្លូវ ត្រូវ​បាន​បង់លុយ​ទៅ​ឱ្យ​ខាង​សន្តិសុខ ក្នុង​១​ថ្ងៃ​៥០០​រៀល បើ​មិន​ព្រម​បង់​ទេ គឺ​ខាង​សន្តិសុខ​ហាម​មិន​ឱ្យ​ដាក់​តាំង​របស់របរ​លក់ដូរ​នៅ​លើ​កន្លែង​នោះ​ឡើយ​។ ចំណែក​រថយន្ត​ដឹក​ទំនិញ ដែល​ចូល​ទៅ​រើ​អីវ៉ាន់​នៅ​ក្បែរ​ៗ​ផ្សារ ត្រូវ​បង់​ឱ្យ​ខាង​សន្តិសុខ​ចាប់ពី​២,០០០​ទៅ​៥,០០០​រៀល ក្នុង​១​គ្រឿង​ដែរ​។ ចំណែក​លោក គង់ សំណាង អធិការរង​នគរបាល​ក្រុងប៉ៃលិន ទទួល​បន្ទុក​សន្តិសុខ សណ្តាប់ធ្នាប់ បានឱ្យ​ដឹង​ថា ក្រោយ​ពី​មានការ​ឯកភាព​ពី​លោក អភិបាលក្រុង​ប៉ៃលិន ខាង​លោក​ក៏​បាន រៀបចំ​សណ្តាប់ធ្នាប់​ឱ្យ​មាន​សុវត្ថិភាព និង​ធ្វើ​ចរាចរ​ជុំវិញ​ផ្សារ​ឱ្យ​បាន​ល្អ​។

ចៀសវាង​មានការ​កកស្ទះ ហើយ​កម្លាំង​សន្តិសុខ​របស់​លោក​ចុះ​ធ្វើការ​តាំងពី​ម៉ោង​៣​ទៀប​ភ្លឺ រហូត​ដល់​ម៉ោង​៦​ល្ងាច ទើប​ផ្លាស់​ប្តូរ​វេន​គ្នា សម្រាប់​អ្នក​មក​យាម​យប់ ហើយ​ថវិកា​ដែល​បាន​ទាំងនោះ​សម្រាប់​ចែក​ឱ្យ​សន្តិសុខ ចាក់​សាំង​ម៉ូតូ និង​ហូប​អាហារ សម្រាប់​បំពេញការងារ​ខាងលើ​៕ ដោយ ៖ នី​យ៉ា