យុទ្ធនាការ​៣​ចំណុច របស់​រដ្ឋបាល​សាលា​ខណ្ឌ​៧​មក​រា !

143

រាជធានី​ភ្នំពេញ ៖ លោក លឹ​ម សុភា អភិបាល នៃ​គណ​អភិបាល​ខណ្ឌ​៧​មក​រា បាន​ថ្លែង​ឲ្យ​ដឹង​ថា រដ្ឋបាល​សាលា​ខណ្ឌ​កំពុង​យុទ្ធនាការ​៣​ចំណុច ដើម្បី​ចូលរួម​ជួយ​កែសម្រួល​សោភ័ណ​ភាព​ទីក្រុង ឲ្យ​កាន់តែ​ល្អ​ប្រសើរ តាម​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល ដែល​កំពុង​បោះ​ជំហាន​ទៅ​មុខ​នោះ​។ គ្រប់​ជំនាញ​ត្រូវ​បាន​យកចិត្តទុកដាក់ និង​អនុវត្ត​យ៉ាង​សកម្ម​ក្នុង​យុទ្ធនាការ​៣​ចំណុច​នេះ ជាក់ស្តែង​ចំណុច ទី​១-​យុទ្ធនាការ​ជួសជុល​ផ្លូវ​សម្បុកមាន់​ឡើង​វិញ ដែល​រង​ការ​ខូចខាត​ជា​ច្រើន​កន្លែង ដោយសារ​ទឹកភ្លៀង​រដូវវស្សា ជន់​លិច​កន្លង​មក​។

Loading...

ទី​២-​យុទ្ធនាការ​ប្រើប្រាស់​រថយន្ត ដឹក​សំរាម​ចល័ត​របស់​សាលា​ខណ្ឌ ដើរ​ប្រមូល​សំរាម​ជុំវិញ​ផ្សារ​អូ​ឫស្សី និង​ទីប្រជុំជន ដែល​មាន​សំរាម​កកស្ទះ និង​គរ​ទុក​ពី​សំណាក់​មហាជន ដោយ​មាន​ពេល​ខ្លះ ក្រុមហ៊ុន​ប្រមូល​សំរាម​មានការ​យឺតយ៉ាវ​នោះ​។ ទី​៣-​យុទ្ធនាការ​ជា​ប្រចាំ​រាល់ពេល​រាត្រី រដ្ឋបាល​សាលា​ខណ្ឌ​៧​មក​រា តែងតែ​យកចិត្តទុកដាក់ ប្រើប្រាស់​រថយន្ត​បាញ់​ទឹក ដើរ​បាញ់​លាង​ផ្លូវ ពិសេស​ផ្លូវ​ណា​ដែល​ប្រតិភូ​ធ្វើ​ដំណើរ និង​ឆ្លងកាត់​ញឹកញាប់​រាល់ថ្ងៃ​។

លោក​អភិបាល​បន្ត​ថា ទាំង​អស់នេះ​ជា​ស្មារតី របស់​រដ្ឋបាល​សាលា​ខណ្ឌ​៧​មក​រា​ទាំងមូល ក្រោយ​ការ​អនុវត្ត​ផ្ទាល់​ដោយ​កម្លាំង​សន្តិសុខ​ផ្សារ​អូរ​ឫស្សី និង​កម្លាំង​ប្រជា​ការពារ​របស់​សាលា​ខណ្ឌ ដែល​ជា​កម្លាំង​មិន​ចេះ​រីងស្ងួត សហការ​ជាមួយ​មន្ត្រី​ជំនាញ​ផ្នែក សាធារណៈការ​សាលា​ខណ្ឌ​ផង​ដែរ​។ ទាំង​៣​ចំណុច​ខាងលើ​នេះ​ហើយ ដែល​អភិបាល នៃ​គណ​អភិបាល​ខណ្ឌ ៧​មក​រា ហៅ​ថា​ជា​យុទ្ធនាការ ចូលរួម​ជួយ​សម្អាត​ទីក្រុង​ឲ្យ​មាន​សោភ័ណ​ភាព​កាន់តែ​ល្អ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត​នោះ ៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់