តោះ​មក​ដឹង​ពី​អត្ថ​ប្រយោជន៍​របស់​ផ្លែ​ខ្វិតបន្តិចមើល៍ ដែល​អ្នក​មិន​ធ្លាប់​ដឹង

608

ខ្វិត​ជា​ដំណាំ​ឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​ពេញ​និយម​ណាស់​ដែរ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ផ្លែ​ឈើ​នេះ​មិន​សម្បូរ​រាល់ថ្ងៃ​ឡើយ​ដោយ​វា​ចេញ​ផ្លែ​ទៅ​តាម​រដូវ ។ ផ្លែ​ខ្វិត​អាច​ទទួលទាន​បាន​ទាំង​នៅ​ពេល​ខ្ចី​, ចាស់ និង​ទុំ គ្រាន់តែ​នៅ​ពេល​ខ្ចី​វា​មាន​រសជាតិ​ចត់ ហើយ​ជូរអែម​នៅ​ពេល​ចាស់ ឬ​ទុំ ។ ទោះបីជា​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់ និង​ធ្លាប់​ទទួលទាន​ផ្លែ​ឈើ​នេះ​ក៏​ដោយ ប៉ុន្តែ​ប្រហែលជា​មិន​បាន​គិតដល់​ទេ​ថា ផ្លែ​ខ្វិត​អាច​ផ្ដល់​ផល​ល្អ​ប្រសើរ​ជា​ច្រើន​ចំពោះ​សុខភាព ៖

Loading...

១. ល្អ​សម្រាប់​សុខភាព​ថ្លើម និង​តម្រងនោម ៖ ផ្លែ​ខ្វិត​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សមាសធាតុ​មួយ​ចំនួន​ដែល​ប្រយុទ្ធ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី ហើយ​ថែម​ទាំង​ជួយ​ធ្វើ​ឲ្យ​ដំណើរការ​មុខងារ ផ្សេង​ៗ​នៃ​រាង​កាយ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ។ ផ្លែ​ខ្វិត​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ Beta-carotene, សារធាតុ Thiamine និង Riboflavin ដែល​ជួយ​ពង្រឹង​សុខភាព​ថ្លើម ហើយ​សាច់​នៃ​ផ្លែ​ឈើ​នេះ​ក៏​ដើរតួ​នាទី​ជា​សារធាតុ​បន្សាប​ជាតិពុល​ផ្សេង​ៗ​បែប​ធម្មជាតិ​ដែល​ជួយ​ការពារ​សុខភាព​តម្រងនោម និង​ថ្លើម ។

២. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម (​ករណី​បង្ក​ដោយ Fluoride) ៖ Fluoride ជា​កត្តា​ដ៏​សំខាន់​បំផុត​មួយ​ដែល​ជះ​ឥទ្ធិពល​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ សារធាតុ Fluoride ក្នុង​ទឹក​ដែល​អ្នក​ទទួលទាន​បង្កើន​ការ​ធន់​ទៅ​នឹង​ជាតិ​គ្លុយកូស​នៃ​ឈាម​ដែល​បណ្ដាល​ឲ្យ​កើត​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ។ ផ្លែ​ខ្វិត គឺ​មាន​ប្រយោជន៍​ណាស់​ក្នុង​ការ​គ្រប់គ្រង​សារធាតុ fluoride ដែល​បង្ក​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ក៏​ព្រោះ​សាច់​នៃ​ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​សមាសធាតុ​ដូច​ជា Saponis, Phytosterols, Flavonoids, Polyphenols និង Ascorbic acid ដែល​មាន​ប្រសិទ្ធភាព​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ។ ដូច្នេះ​ការ​ទទួលទាន​ផ្លែ​ខ្វិត​អាច​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ ។

៣.​ព្យាបាល​ពស់​ចឹក និង​ឃ្មុំ​ទិច ៖ តាំងពី​សម័យ​បុរាណ​មក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​សំបក​នៃ​ដើម​ខ្វិត​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ព្យាបាល​ពោះ​ចឹក ហើយ​សំបក​ផ្លែ​ខ្វិត​វិញ គឺ​ប្រើ​សម្រាប់​ព្យាបាល​ឃ្មុំ​ទិច ។

៤. ជួយ​រំលាយ​អាហារ ៖ ការ​ទទួលទាន​ផ្លែ​ខ្វិត​ទុំ អាច​ជួយ​ទប់ស្កាត់​បញ្ហា​ទល់លាមក​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​តាម​រយៈ​សារធាតុ laxative ដែល​វា​មាន​ផ្ទុក ។ ផ្លែ​ខ្វិត ក៏​ជួយ​កម្ចាត់​ប៉ា​រ៉ា​សិត​ក្នុង​ពោះវៀន និង​ជា​ឱសថ​មួយ​ដ៏​ល្អ​សម្រាប់​ព្យាបាល​ជំងឺ​រំលាយ​អាហារ​ផង​ដែរ​។

៥.​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ច្រើន​ប្រភេទ ៖ ផ្លែ​ខ្វិត មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ Carbohydrates និង ប្រូតេអ៊ីន រួម​ទាំង​វីតាមីន A, B, C ជាតិ​កាល់ស្យូម​, ផូស្វ័រ ក៏​ដូច​ជា​ជាតិ​ស​សៃ ដែល​ជួយ​រក្សា​សុខភាព​រាង​កាយ​ល្អ​រឹង​មាំ ជៀស​ផុត​ពី​ជំងឺ ផ្សេង​ៗ​។
ទោះជា​យ៉ាងណា កុំ​ទទួលទាន​ច្រើន​ពេក​ក៏​ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​អ្នក​ហើមពោះ​, ឈឺពោះ និង​ឈឺបំពង់ក​បាន (​ប្រភព​ពី​៖ Health.com.kh) ៕