ខ្លាំង​ប៉ះ​ខ្លាំង​កក្រើក​សង្វៀន​ទៀត​ហើយ​!​ កីឡា​ករ​កម្ពុជា​២​រូបស្ម័គ្រ​កំដរ​ថៃ​ស្អែកនេះ

161

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​១២ មក​រា ស្អែក​នេះ សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី បាន​ប្រកាស​បើក​ឱ្យ​កីឡាករ​កម្ពុជា​២​រូប​និង​ថៃ​២​រូប​ប៉ះគ្នា​ដណ្ដើម​ប្រាក់​លាន​។​បើ​ក្រឡេក​មើល​សមាសភាព​កីឡាករ​កម្ពុជា និង​ថៃ​គឺ​សុទ្ធសឹងតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​នៅ​ក្នុង​ពិភព​ប្រដាល់​នៃ​ប្រទេស​ទាំងពីរ​ទើប​គេ​ហ៊ាន​អះអាង​ថា ជំនួប​មួយ​នេះ​នឹងធ្វើ​ឱ្យ​សង្វៀន​ប្រដាល់​ទាំងមូល​កក្រើក​ខ្លាំងមិន​ខាន ។

Loading...

កីឡាករ​កម្ពុជា រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ មាន​ប្រវត្តិ​ប្រកួត​រហូត​ដល់​១៥៩​ដង ឈ្នះ​១៣៩​ដង ស្មើ​៤​ដង ចាញ់​១៦​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​៤២​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ប៊ូ ងឿ​ន ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​មានប្រវត្តិ​ប្រកួត​៩១​ដង ឈ្នះ​៧០​ដង ស្មើ​៥​ដង ចាញ់​២៦​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៨​ដង​។

រឿង សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀនក្នុងស្រុក​និង​ក្រៅ​ស្រុក​យ៉ាង​ជោកជាំ ។ ការ​មកប៉ះ​ប៊ូ ងឿ​ន លើក​នេះ​គេ​ហ៊ាន​ទាយ​ទុក​មុន​ថា នឹង​ល្អមើល​មិន​ខាន​ដោយសារ​កីឡាករ​ថៃ​រូប​នេះ​ក៏​ជា​ជើង​ខ្លាំង​លំដាប់​ប្រទេស​ដែល​នៅ​ក្នុង​ប្រទេស​គេ​ពិបាករ​កដៃ​គូប្រកួត​បំផុត​។

មួយគូ​ទៀត​កីឡាករ ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​មាន​ប្រវត្តិ​ប្រកួត​៧៦​ដង ឈ្នះ​៥៥​ដង ស្មើ​៣​ដង ចាញ់​១៨​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២៩​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ចៅ ប៊​យ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​៩៦​ដង ឈ្នះ​៦៧​ដង​ស្មើ​៥​ដង ចាញ់​២៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៣​ដង ។

គូ​នេះ​ទោះបី​កីឡាករ​ថៃ​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​តែ​មិន​ទាន់​ប្រាកដ​ថា​អាចយកឈ្នះ​កីឡាករ​កម្ពុជា​បាន​ដែរ​ដោយសារជា​បទ​ពិសោធន៍​កីឡាករ​ម្ចាស់ផ្ទះ​រមែង​មានប្រៀប​ជាង ។ ទោះបី​យ៉ាងណា កីឡាករ​កម្ពុជាក៏​មិន​ត្រូវ​មើល​ស្រាល​គូប្រកួត​ដែល​ជា​កីឡាករឆ្លង​ដែន​នោះ​ដែរ​បើ​មិន​ដូច្នោះ​ទេ​ច្បាស់​ជា​រង​ការ​អាម៉ាស់​មិន​ខាន ។

ចំណែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​ក្នុងស្រុក​វិញ​ក៏​រំពឹង​ថា​នឹង​ល្អមើល​ផង​ដែរ​ដោយសារពួក​គេ​មាន​ប្រវត្តិ​វាយ​មិន​លាក់​កម្លាំង​និង​សមត្ថ​ភាព​ដូច​ជា​កីឡាករ ប៊​ន ពន្លឺ មក​ពី​ក្លិប​នាគរាជ​ចតុមុខ ប្រកួត​ជាមួយ​កីឡាករ សៅ សេង​ហុង​មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ កីឡា​ករ ពុទ្ធ ហាណូយ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​ប្រកួត​ជាមួយ​កីឡាករ ឡុ​ង រ៉ា​មី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​គូ​ចុង​ក្រោយ​កីឡា​ករ កែវ សំរឹទ្ធ មក​ពី​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ប្រកួត​ជាមួយ​កីឡាករ ឡុ​ង បេន​លឿន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​៕ ដោយ អ៊ុំ សំ​អូន