រឿង​ឈប់​ជួល​មុន​កុងត្រា បង្ក​ឲ្យ​មាន​ទំនាស់​បែកផ្សែង !

172

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​កូរ៉េ​ម្នាក់​ដែល​មាន​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ បាន​ជួល​ទីតាំង​មួយ​កន្លែង ពី​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​បើក​ក្លឹ​បរា​ត្រី ដោយ​កុងត្រា​ជួល​មាន​រយៈពេល​២​ឆ្នាំ​ទើប​ចប់​។ ប៉ុន្តែ​គិត​ពី​ត្រឹម​ពេល​ជួល​រហូត​មក​ដល់​ពេល​នេះ ទើបតែ​បាន​រយៈពេល​៨​ខែ​ប៉ុណ្ណោះ បុរស​ជនជាតិ​កូរ៉េ​នោះ បាន​ឈប់​ជួល​វិញ និង​មិន​បាន​ទូទាត់​ប្រាក់​ឈ្នួល​ខែ​ចុង​ក្រោយ​ទៅ​ឲ្យ​ម្ចាស់​ទីតាំង​ឡើយ​។ មិនតែប៉ុណ្ណោះ​បាន​រើ​សម្ភារ​ចេញ​ទៀត ទើប​ទើប​ម្ចាស់​ទីតាំង​រារាំង​ក្លាយជា​ទំនាស់​រហូត​មានការ​អន្តរាគមន៍ ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ទើប​រឿងរ៉ាវ​ត្រូវ​បាន​បញ្ចប់​ដោយ​គ្មាន​អំពើ​ហិង្សា​កើតឡើង​។

Loading...

ទំនាស់​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​ក្លឹ​ប​ឌី​ស្កូ​យីហោ​«​ហ្វា​ន់​ក្លឹ​ប​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​ឈ្មោះ សា​រ៉ាត់ ចំណែក​បុរស​អ្នក​ជួល​ឈ្មោះ ស៊ី​ន ឆុង​ហ្វា​ន់ អាយុ​៦៥​ឆ្នាំ ជា​ជនជាតិ​កូរ៉េ មាន​ប្រពន្ធ​ឈ្មោះ ទេព ចាន់​ណា​រិ​ន អាយុ​៣៣​ឆ្នាំ ជា​ជនជាតិ​ខ្មែរ អ្នក​ទាំង​២​ជា​ថៅកែ​ហ្វា​ន់​ក្លឹ​ប​ខាងលើ​។ បើ​តាម​សាវតា​នៃ​ដំណើររឿង​ដែល​ឈាន​រហូត​ដល់​ធ្វើ​ឲ្យ​ភាគី​ទាំង​២​ឈ្លោះប្រកែក​គ្នា​នោះ គឺ​កាលពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨ ឈ្មោះ សា​រ៉ាត់ បាន​ជួល​ទីតាំង​ខាងលើ​ទៅ​ឲ្យ​បុរស​ជនជាតិ​កូរ៉េ និង​ប្រពន្ធ​ជនជាតិ​ខ្មែរ បើក​ដំណើរការ​ក្លឹ​ប​ឌី​ស្កូ​ដោយ​ដាក់​យីហោ​«​ហ្វា​ន់​ក្លឹ​ប​»​។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ការ​ជួល​នោះ​ភាគី​ទាំង​២​បាន​ត្រូវរ៉ូវ​តម្លៃ​គ្នា​ក្នុង​១​ខែ​៣,០០០​ដុល្លារ និង​មាន​កុងត្រា​រយៈពេល​២​ឆ្នាំ ហើយ​ម្ចាស់​ទីតាំង​បាន​តម្រូវ​ឲ្យ​អ្នក​ជួល​កក់​លុយ​មុន​១​ខែ គឺ​៣,០០០ ដុល្លារ​។ មិនតែប៉ុណ្ណោះ​លុយ​កក់​មុន​៣​ពាន់​ដុល្លារ​នោះ​ម្ចាស់​ទីតាំង និង​ប្រគល់​ឲ្យ​អ្នក​ជួល​វិញ​លុះត្រាតែ ជួល​រហូត​ដល់​ចប់​កុងត្រា​រយៈពេល​២​ឆ្នាំ ប្រសិនបើ​មិន​ទាន់​ចប់​កុងត្រា​ទេ​អ្នក​ជួល​ឈប់​ពាក់កណ្ដាល​ទី លុយ​កក់​នេះ​នឹង​ត្រូវ​ចាត់ទុកជា​អសារ​បង់​។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ត្រូវរ៉ូវ​គ្នា​ហើយ បុរស​ជនជាតិ​កូរ៉េ​បាន​បើក​ដំណើរការ​ក្លឹ​ប​នោះ​ជា​រៀង​រាល់​ខែ និង​បាន​ត្រឹមតែ​រយៈពេល​៨​ខែ​ប៉ុណ្ណោះ ក្រោយមក​ក៏​ត្រូវ​បាន​បិទទ្វារ​ឈប់​ដំណើរការ​តទៅ​ទៀត​។

បន្ទាប់​មក បុរស​ជនជាតិ​កូរ៉េ និង​ប្រពន្ធ​បាន​រើ​អីវ៉ាន់​ដើម្បី​ចាក​ចេញពី​ទីនោះ ក៏​ត្រូវ​ម្ចាស់​ទីតាំង​រារាំង​មិន​ឲ្យ​រើ និង​ទាមទារ​ឲ្យ​បង់ថ្លៃ​ទឹក ថ្លៃ​ភ្លើង បើកប្រាក់​ឈ្នួល​ទីតាំង​ក្នុង​ខែ​ចុង​ក្រោយ​ឲ្យ​គាត់​ជា​មុន​សិន​។ ខណៈនោះ​បាន​បង្ក​ឲ្យ​មាន​ជម្លោះ កើតឡើង យ៉ាង​តឹងសរសៃក​រវាង​ប្រពន្ធ​ម្ចាស់​ទីតាំង និង​ថៅ​កៃ​ក្លឹ​ប​ជនជាតិ​កូរ៉េ​ដែល​ជា​អ្នក​ជួល មិនតែប៉ុណ្ណោះ​ខាង​ម្ចាស់​ទីតាំង​បាន ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ​។ បុរស​ជនជាតិ​កូរ៉េ​បាន​និយាយ​ថា កាលដែល​គាត់​ធ្វើ​បែប​នេះ ដោយសារ​តែ​គាត់​បាន​រកស៊ី ខាត​រហូត​ជា​រៀង​រាល់​ខែ ដែល​ចាប់តាំងពី​ពេល​បើក​ដំណើរការ​ក្លឹ​ប​នេះ​កាលណា គាត់​បាន​ខាតបង់​អស់ ចំនួន​ជាង​៧​ម៉ឺន​ដុល្លារ​ហើយ​។

ដោយសារ​តែ​បែប​នេះ​ទើប​គាត់​មិន​អាច​រកស៊ី​តទៅ​ទៀត​បាន បើ​រក​មាន​តែ​ខាត​កាន់តែ​ធ្ងន់​ឡើង​ៗ​ថែម​ទៀត​ប៉ុណ្ណោះ ពេល​នេះ​សុំ​យក​សម្ភារ​របស់​គាត់​ដែល​បំពាក់ ក្នុង​ក្លឹ​ប​ទាំងអស់​ចេញ​វិញ រីឯ​ប្រាក់​ឈ្នួល​គាត់​ក៏​បាន​កក់​មុន​១​ខែ​ទៅ​ឲ្យ​ម្ចាស់​ទីតាំង​ហើយ​ដែរ ដូច្នេះ​គាត់​សុំ​ឲ្យ​រួច​គ្នា​ត្រឹមនេះ​ទៅ​ចុះ​។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ម្ចាស់​ទីតាំង​មិន​បាន​យល់ព្រម​នោះ​ឡើយ និង​នៅ​តែ​ទាមទារ​សុំ​ឲ្យ​បុរស​ជនជាតិ​កូរ៉េ​បើកប្រាក់​ថ្លៃ​ជួល​ទីតាំង​ចុង​ក្រោយ និង​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ជូន​គាត់ បើ​ពុំ​ដូច្នោះ​ទេ​គាត់​មិន​ឲ្យ​យក​សម្ភារ​ចេញ​ឡើយ​។ ក្រោយ​ពី​មានការ​សម្របសម្រួល​គ្នា​រួច​មករ​ហូត​ដល់ វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ដដែល​ទើប​រឿងរ៉ាវ​ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​បុរស​ជនជាតិ​កូរ៉េ​យល់ព្រម បើកប្រាក់​ថ្លៃ​ជួល​ទីតាំង​ក្នុង​ខែមករា ឆ្នាំ​២០១៩ និង​ចេញ​បង់ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ទៅ​ឲ្យ​ម្ចាស់​ទីតាំង​៕ ដោយ ៖ យន់ ស៊ី​ថា