បញ្ចប់​ប្រតិបត្តិការ​នៅ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ឃាត់ខ្លួន​អ្នក​គិតលុយ​ជនជាតិ​ចិន​ម្នាក់

202

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ មន្ដ្រី​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ខណ្ឌទួលគោក ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី រដ្ឋមន្ដ្រី​សុខាភិបាល បាន និង​កំពុង​ស្រាវជ្រាវ​នៅ​ក្នុង​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ហើយ​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​មេការ និង​ជា​អ្នក​គិតលុយ​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​ករណី​បង្ខំ​ឲ្យ​នារី​ម្នាក់​ធ្វើការ​វះកាត់ និង​បង្ខាំង​ស្ដ្រី​ជា​ម្ដាយ​នៅ​ក្នុង​មន្ទីរពេទ្យ​របស់​ខ្លួន ដោយសារ​តែ​ពួក​គេ គ្មាន​លុយ​បង់ថ្លៃ​ព្យាបាល តាម​ការ​កំណត់​របស់​មន្ទីរពេទ្យ​នោះ​។​ពាក់ព័ន្ធ​ទៅ​នឹង​ហេតុការណ៍​ដ៏​កក្រើក​មួយ​នេះ មជ្ឈដ្ឋាន​នានា បាន​ទទូច​ឲ្យ​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​តឹងរ៉ឹង​បំផុត គឺ​ត្រូវ​រក​អ្នក​ទទួលខុសត្រូវ ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​។

Loading...

ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​បញ្ជាក់​ថា មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​នេះ ពី​មុន​មានឈ្មោះ​ថា «​សៀន​តា​យ​» ប៉ុន្ដែ​ក៏​មានរឿង​អាស្រូវ​លើ​ការ​ព្យាបាល​ជំងឺ ក៏​ត្រូវ​បាន​ក្រសួងសុខាភិបាល បិទ​ចោល ប៉ុន្ដែ​ក៏​សុំ​បើក​ដោយ​ប្ដូរ​ឈ្មោះ វ៉ិ​ច​តូ​រៀ នេះ​តែ​ម្ដង រហូត​មានរឿង​អាស្រូវ​ជា​លើក​ទី​២​។ សូម​បញ្ជាក់​ថា ករណី​កើត​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៩ មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​៦១A ផ្លូវ​លេខ ៥៩២ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​ជា របស់​លោកស្រី​វេជ្ជបណ្ឌិត សៀង សុគន្ធ អ្នក​ទទួលខុសត្រូវ មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​។

នៅ​ក្នុង​ហេតុការណ៍​នោះ​ផង​ដែរ នារី​រង​គ្រោះ​បាន​ទៅ​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​តូ​រៀ ជាមួយ​ម្ដាយ ដើម្បី​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី​ បន្ទាប់​ពី​បាន​ពិនិត្យ​រួច ស្រាប់តែ​ខាង​មន្ទីរពេទ្យ បាន​ប្រាប់​ឲ្យ​នារី​រង​គ្រោះ​ត្រូវ​តែ​វះកាត់ បើ​មិន​វះកាត់​ទេ​អាច​នឹង​ស្លាប់​។ ភ្លាម​ៗ​នោះ​នារី​រង​គ្រោះ បាន​និយាយ​ថា ខ្លួន​គ្មាន​ប្រាក់​ទេ បាន​សុំ​ចេញ​ទៅ​ក្រៅ​វិញ ថែម​ទាំង​សុំ​អង្វរ​ទៀត តែ​បែរជា​ខាង​មន្ទីរពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រង​គ្រោះ​ខាងលើ ត្រូវ​តែ​ធ្វើការ​វះកាត់​ជា​បន្ទាន់ ហើយ​ថែម​ទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការ​វះកាត់​ទៀត​ផង​។ ភ្លាម​ៗ​នោះ​ខាង​មន្ទីរពេទ្យ បាន​យក​ក្រដាស​១​សន្លឹក មិនដឹង​ថា ជា​សរសេរ​អ្វីខ្លះ​នោះ​ទេ បាន​ឲ្យ​ម្ដាយ​របស់​នារី​រង​គ្រោះ​ផ្ដិត​មេដៃ​។

លុះ​ក្រោយ​ធ្វើការ​វះកាត់​រួច ខាង​មន្ទីរពេទ្យ​បាន​យក​វិក្កយបត្រ​បង់ថ្លៃ​វះកាត់​មក​ឲ្យ​គាត់ ដោយ​អស់ប្រាក់​ចំនួន​២,០០០​ដុល្លារ ថ្លៃ​ពិនិត្យ​១០​ដុល្លារ ថ្លៃ​ពិសោធន៍​៤៦​ដុល្លារ ហើយ​ការ​វះកាត់​នេះ​មិន​ទាន់​ដឹង​ថា​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​។ ភ្លាម​ៗ​នោះ​ម្ដាយ​របស់​នារី​រង​គ្រោះ គាត់​មាន​ប្រាក់​តែ​៦០០​ដុល្លារ​ទេ សល់​ប៉ុន្មាន​គាត់​សុំ​រំ​លោះ ម្ដង​១០០​ដុល្លារ តែ​ករណី​នេះ​ខាង​មន្ទីរពេទ្យ​មិន​ព្រម​ទេ ទាល់តែ​មាន​៥០០​ដុល្លារ​ទៀត​។ ភ្លាម​ៗ​នោះ​ទ្វារ​របស់​មន្ទីរពេទ្យ ក៏​ត្រូវ​សន្តិសុខ យក​ច្រវាក់​មក​ចាក់​ទ្វារ មិន​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​ចេញ​ឡើយ​៕ ដោយ ៖ ម៉េ​ង ធា