នៅ​ខែកុម្ភៈ​ខាង​មុខ​នេះ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ នឹង​រៀបចំ​ទល់​ទ្រ​ប្រាង្គ​ប្រាសាទ​កោះ​កេរ

163

ខេត្តព្រះវិហារ ៖ ដើម្បី​ធ្វើ​ឲ្យ​តំបន់​រមណីយដ្ឋាន​មួយ​នេះ​កាន់តែ​មាន​សោភ័ណ​ភាព ងាយស្រួល​ក្នុង​ការ ចូល​ទៅ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ នៅ​ខែកុម្ភៈ ឆ្នាំ​២០១៩​ខាង​មុខ​នេះ អាជ្ញា​ជាតិ​ព្រះ​វិហារ នឹង​រៀបចំ​អភិរក្ស ទល់​ទ្រ​ប្រាង្គ​ប្រាសាទ​នានា ក្នុង​តំបន់​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះ​កេរ​ដែល​រង​ការ​ប្រេះ​បែក ទ្រុឌទ្រោម និង​ដាក់​ស្លាក​សញ្ញា​បង្ហាញ​ទិស ទេសចរណ៍​បន្ថែម​ទៀត ងាយស្រួល​ដល់​ភ្ញៀវ​ចូល​មក​លេង​កម្សាន្ត អាច​ធ្វើ​ដំណើរ​ចូល​ទស្សនា​ប្រាសាទ នានា ក្នុង​តំបន់​រមណីយដ្ឋាន​មួយ​នេះ តាម​ស្លាក​សញ្ញា​បង្ហាញ​ទិស​បាន​យ៉ាង​ងាយស្រួល​។

Loading...

នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក ទុ​យ រ៉ា​ន្នី អនុប្រធាន​នាយកដ្ឋាន អភិវឌ្ឍន៍​ទេសចរណ៍ នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ប្រចាំ​តំបន់​ប្រាសាទ​កោះ​កេរ នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០១៩​ខាង​មុខ​នេះ នាយកដ្ឋាន អភិវឌ្ឍន៍​ទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ ព្រះ​វិហារ នឹង​បន្ត​រៀបចំ​អភិរក្ស​តំបន់​មួយ​នេះ​ដោយ​យកចិត្តទុកដាក់​បំផុត ដើម្បី​លើកកម្ពស់​តម្លៃ​វប្បធម៌ និង​សោភ័ណ​ភាព​ក្នុង​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះ​កេរ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។ លោក​ថា​ប្រាង្គ​ប្រាសាទ​នានា ដែល​រង​ការ​បែក​ប្រេះ​បាក់​ស្រុត​ទ្រុឌទ្រោម នឹង​រៀបចំ​ទល់​ទ្រ​ឲ្យ​បានល្អ ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​បែកបាក់​ធ្លាក់ ឬ​អាច​នាំ​ឲ្យ​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូល​មក​លេង​កម្សាន្ត​។

លោក​បន្ថែម​ទៀត​ថា ក្រៅពី​ការ​ទល់​ទ្រ ប្រាង្គ​ប្រាសាទ ដែល​ស្រុត​បាក់ ទ្រុឌទ្រោម​នោះ​ជំនាញ​នឹង​បន្ថែម​ស្លាក​សញ្ញា​ចរាចរ សញ្ញា​បង្ហាញ​ទិស​ទេសចរណ៍ បន្ថែម​ទៀត នៅ​តាម​ដងផ្លូវ​ចូល​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះ​កេរ ដើម្បី​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍ ដែល​មក​ពី​ទី​ជិត ឬ​ឆ្ងាយ​ពុំ​ធ្លាប់​បាន​មក​លេង​តំបន់​នេះ មាន​ភាព​ងាយស្រួល ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា ក្នុង​តំបន់​រមណីយដ្ឋាន​មួយ​នេះ​។ អ្នកស្រី ឈឹ​ម សិ​ទ្ធី​ដា មន្ត្រី​ស្ថិតិ នៃ​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ បាន​បង្ហាញ​ថា គិត​ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូល​មក​ទស្សនា​កម្សាន្ត នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះ​កេរ មានការ​កើនឡើង ក្នុង​នោះ​ភ្ញៀវ​ជាតិ មាន​ចំនួន ៩០,១៩៦​នាក់ កើនឡើង​២១.០៣% ភ្ញៀវ​អន្តរជាតិ មាន​ចំនួន​៣០,៨១៩​នាក់ កើនឡើង​៥.៤៩% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា ឆ្នាំ​២០១៧​កន្លង​ទៅ​៕ ដោយ ៖ ទ្រី វិច្ឆិកា