លោក​ឧបការី​រង​ក្រសួងការបរទេស​អា​មេ​រិ​ក ជំរុញ​ឲ្យ​មានការ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក កឹ​ម សុខា

144

រាជធានី​ភ្នំពេញ ៖ យោង​តាម​ព័ត៌មាន​ពី​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​៖ លោក​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​អា​មេ​រិ​ក ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍ គឺ​បណ្ឌិត Joseph H. Felter នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៥-១៦ ខែមករា ឆ្នាំ​២០១៩​។ ស្ថានទូត​អា​មេ​រិ​កបាន​លើក​ឡើង​ថា​៖ លោក​ឧបការី​រង Felter នឹង​ជួប​ជាមួយ​លោក​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដើម្បី​ពិភាក្សា​ពី​ចក្ខុវិស័យ​រួម ដែល​ចង់​ឲ្យ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​មាន​ភាព​បើកចំហ និង​មាន​ភាព​សេរី និង​ពិភាក្សា​ពី​ការ​ដែល​ទំនាក់ទំនង​រវាង​យោធា និង​យោធា​ដ៏​ល្អ​មួយ អាច​ជួយ​កម្ពុជា​ក្នុង​ការ​រក្សា​អធិបតេយ្យភាព​របស់​ខ្លួន​បាន ដោយ​គ្មាន​ការ​បង្ខិតបង្ខំ ដើម្បី​ធានា​បាន​នូវ​សន្តិភាព វិបុលភាព និង​ឯករាជ្យ​របស់​ប្រទេស​កម្ពុជា សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

Loading...

ស្ថានទូត​បាន​បញ្ជាក់​ថា​៖ បន្ទាប់​មក លោក​នឹង​ពិភាក្សា​ពី​ជំហាន​បន្ទាប់ សម្រាប់​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​យោធា និង​យោធា នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​មាន​ភាព​ជឿនលឿន​ក្នុង​ការ​ពង្រឹង​ស្ថាប័ន និង​អនុវត្ត​កំណែទម្រង់ ដែល​រួម​មានការ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក កឹ​ម សុខា ហើយ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ី​វិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដំណើរការ​ដោយ​សេរី​។ សូម​បញ្ជាក់​ថា​៖ លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ សង្ស័យ​បទ​សន្ធិ​ដិ្ឋ​ភាព​ជាមួយ​បរទេស​(​ឬ​ក្បត់ជាតិ​) តាម​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា​។ ពេល​នេះ​លោក​កំពុង​ដាក់​ឲ្យ ស្ថិត​នៅ ក្រោយ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​កម្ពុជា និង​ស្ថិត​នៅ​ក្នុងផ្ទះ​របស់​លោក ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

ទោះបី​យ៉ាងណា​ពេល​ថ្មី​នេះ​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ​លោក គឺ ឬ​ទ្ធី បាន​ចេញ​ដីកា​ច្រាន​ចោលការ​ស្នើ​សុំ​របស់ សហ​មេធាវី​ការពារ​ក្តី​របស់​លោក កឹ​ម សុខា ដែល​បាន​សុំ​លើកលែង​ការ​ចោទប្រកាន់ លើ​ជនសង្ស័យ​វ័យ​៦៤​ឆ្នាំ​រូប​នេះ​។ តុលាការ​បាន​លើក​ឡើង​ថា​សំណុំរឿង​ព្រហ្មទណ្ឌ នៅ​មិន​ទាន់​បិទ​ការ​ស៊ើបសួរ​នៅឡើយ​ទេ​។ ពេល​ថ្មី​ៗ​នេះ​តុលាការ​បាន​ចេញ​ដីកា កោះ​លោក គង់ គាំ អតីត​ប្រធាន​គណបក្ស សម រ​ង្ស៊ី ឲ្យ​ចូល​ទៅ​បំភ្លឺ​ជា​សាក្សី ក្នុង​សំណុំរឿង​លោក កឹ​ម សុខា នា​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩​ខាង​មុខ​។ លោក គង់ គាំ ជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​ប្រមាណ​ជិត​១០​នាក់​ដែល​ត្រូវ​ចូល​បំភ្លឺ​បើ​ទោះបី​មាន​សាក្សី​ខ្លះ​បដិសេធ​មិន​ចូល​ទៅ​កាន់​តុលាការ និង​ខ្លះ​ទៀត​នៅ​បរទេស​ក៏​ដោយ​៕ ដោយ ៖ ស សុខុម