ពង្រឹងសមត្ថភាព​ក្រុមការងារ​ជួសជុល ព្រះ​ពុទ្ធរូប​ពីរ​អង្គ​សម័យ​ក្រោយ​អង្គរ

140

ខេត្តសៀមរាប ៖ អ្នកជំនាញ​អភិរក្ស​ថ្ម នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ស្ថាប័ន GIZ រួម​ទាំង​អ្នក​ស្រាវជ្រាវ​កូរ៉េ បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​លម្អិត​តាម​ជំនាញ​នីមួយ​ៗ ដើម្បី​បំពេញការងារ​អភិរក្ស​ក្នុង​ការ​ប្រើប្រាស់ បច្ចេកទេស និង​សម្ភារ​ដែល​មិន​ប៉ះពាល់​ដល់​ការ​ជួសជុល​ព្រះ​ពុទ្ធរូប ពីរ​អង្គ​សម័យ​ក្រោយ​អង្គរ ស្ថិត​នៅ ប្រាង្គ​កណ្តាល​នៃ​ប្រាសាទប្រែរូប​។ លោក​បណ្ឌិត លី វ​ណ្ណា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​បានឱ្យ​ដឹង​ថា​៖ បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ បាន​សម្រង់​ស្ថានភាព ខូចខាត រក​បំណែក​ព្រះ​ពុទ្ធរូប​ទាំង​ពីរ​អង្គ​ដែល​បាត់បង់ សម្អាត និង​ផ្គុំ​បំណែក​ដែល​រក​ឃើញ​នោះ ទៅ​នឹង​ដងខ្លួន​ពុទ្ធរូប​រួចរាល់​អស់ហើយ​។

Loading...

ចំពោះ​ការងារ​ដែល​នៅ​សល់​ត្រូវធ្វើ​បន្ត​គឺ​ការ​សិក្សា លើ​សមាសធាតុ​បន្សំ​នៃ​សម្ភារ​នីមួយ​ៗ​ដែល​ខ្មែរ​បុរាណ​យក​មក​ធ្វើ​ពុទ្ធរូប មាន​ដូច​ជា​៖ ១.​ថ្មភក់ (​ពុទ្ធរូប ទាំង​ពីរ​អង្គ​ធ្វើ​ឡើង​ដោយ​ការ​ផ្គុំ​ថ្មភក់​ច្រើន​ដុំ​ប្រភេទ​ផ្សេង​ៗ​គ្នា ដែល​ខ្លះ​សន្និដ្ឋាន​ថា យក​ពី​ប្រាសាទ​នៅ​ក្នុង​តំបន់ ឯ​ខ្លះ​ទៀត​មិនដឹង​ប្រភព​ទេ​)​។ ២.​ខ្មុក​ម្រ័ក្សណ៍​ដែល​ខ្មែរ បុរាណ​យក​មក​ប៉ាត​លាប​លើ​រូប​បដិមា​។ ៣.​ពហុ​វណ្ណ​ភាព (​ពណ៌​ចម្រុះ​) ៖ មានទឹក​ពណ៌​មាស និង​ក្រហម​ជាដើម ដែល​មិន​ទាន់​ដឹង​ថា​ខ្មែរ​បុរាណ​យក​មក​ពី​ប្រទេស​ចិន ប្រទេស​ជិតខាង ឬ​ផលិត​ខ្លួនឯង​។ ៤.​កំបោរ​បាយអរ​ម្រ័ក្សណ៍​៖ ពាស​បាយអរ​ដើម្បី​ភ្ជិត​កន្លែង​ប្រហោង ហើយ​លាប​ម្រ័ក្សណ៍​ពីលើ​រូប​។

៥.​ដែក​៖ មាន​មូល ស្រួច ទាល ជ្រុង ដែល​បុរាណ យក​ធ្វើ​ជន្លួញ ធ្វើ​ខ្ចា​ប់​ដើម្បី​ត​ដុំ​ថ្ម​មួយ​ទៅ​មួយទៀត​ក្នុង​ការ​ធ្វើ​រូប​បដិមា ហើយ​មានគុណ​ភាពល្អ​ប្រើ​បាន​យូរ​។ ៦.​ឈើ​៖ ធ្វើ​ជា​ស្នៀត ពន្លួញ​ឈើ​ដើម្បី​ត​ថ្ម​។ ៧.​គ្រឿង​លម្អ ៖ នៅ​លើ​ស្បង់​ចីវរ ខ្សែ​ក្រ​វ៉ា​ត់​មាន​លម្អ​ដោយ សម្បក​សិប្បីសត្វ​យ៉ាង​ស្រស់​ស្អាត​។ ចំពោះ​សំណាក​ខ្មុក​ម្រ័ក្សណ៍ និង​គ្រឿង​លម្អ ក្រុមការងារ បាន​យក​ទៅ​ពិសោធ នៅ​ប្រទេស​កូរ៉េ ដើម្បី​ដឹង​ពី​ប្រភព និង​អាយុ​កាលដែល​បច្ចុប្បន្ន​កំពុង​រង់ចាំ លទ្ធផល​។ លោក​បណ្ឌិត​បន្ត​ទៀត​ថា ដោយសារ​សម្ភារ​ដែល​យក​មក​ប្រើ​មាន​ភាព​ចម្រុះ តម្រូវ​ឱ្យ​អ្នកជំនាញ​ផ្នែក​នីមួយ​ៗ​ត្រូវ​ស្វែង​យល់​របៀប​នៃ​ការ​ប្រើប្រាស់ និង​ប្រភព​នៃ​វត្ថុធាតុដើម​។ ដូច្នេះ​លោក​ក៏​បាន​ទាមទារ​ឱ្យ​ក្រុមការងារ​សម្រង់​ព័ត៌មាន​ខូចខាត​ឱ្យ​អស់ ពិនិត្យ​មើល​ស្លាកស្នាម ជា​លក្ខណៈ​ពិសេស​នៃ​បច្ចេកទេស​បុរាណ​លើ​រូប​ព្រះពុទ្ធ​។

កំណត់​កូដ​ពណ៌​ឱ្យ​បាន​ច្បាស់លាស់ ទៅ​លើ​ភាព​ខូចខាត​នៃ​សំណង់ ហើយ​សម្ភារ​ពី​បុរាណ​ដែល​អាច​ប្រើ​ការ​បាន ត្រូវ​យក​មក​ប្រើ​ឡើង​វិញ ដោយ​មានការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​វិស្វករ​ទៅ​លើ​ភាព​ធន់​នឹង​ភាព​មាំ​នៃ​ការ​ទ្រ​ទម្ងន់​បដិមា​។ លើស​ពី​នោះ​ត្រូវ​មាន​អ្នកជំនាញ 3D Scaning ដើម្បី​មាន ភាព​ងាយស្រួល និង​ដឹង​ច្បាស់​អំពី​បច្ចេកទេស កាន់តែ​លម្អិត​ក្នុង​ការ​បំពេញបន្ថែម រូប​ដែល​បាត់បង់​ឱ្យ​ត្រូវ​នឹង​រូប​ពិត​។ ក្នុង​នោះ​ដែរ​ដើម្បី​បន្ថែម និង ពង្រឹងសមត្ថភាព​នាយកដ្ឋាន​ក៏​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​បុគ្គលិក​ជំនាញ ទាក់ទង នឹង​ការ​ពង្រាង​រូប​ផង​ដែរ ដើម្បី​ធ្វើ​ឱ្យ​ការ​អភិរក្ស និង​ជួសជុល​កាន់តែ​ល្អ​ប្រសើរ​។

សូម​បញ្ជាក់​ដែរ​ថា ពុទ្ធបដិមា​ទាំង​ពីរ​អង្គ​នៅ​ប្រាង្គ​កណ្តាល ប្រាសាទប្រែរូប គឺ​បាន​បាត់បង់​ព្រះ​កេស ព្រះ​ហ​ស្ថ​ទាំងស្រុង និង​ដាច់​ត្រឹម​កជើង​។ បដិមា​ព្រះពុទ្ធ​ទាំងនេះ ធ្វើ​អំពី​ថ្មភក់​ក្នុង​រចនា​បទ​បាយ័ន ទ្រង់​ឈរ​ក្នុង​កាយវិការ អភ័យ​មុ​ទ្រៈ​លម្អ​ដោយ​ខ្មុក និង​ម្រ័ក្សណ៍ មាន​ក្បាច់ បិទ​លម្អ​ដោយ​គ្រឿង​សិប្បីសត្វ​ថែម​ទៀត​។ បើ​តាម​លក្ខណៈ សម្គាល់​ខាង​ផ្នែក​ក្បាច់លម្អ និង​រចនាបថ​បង្ហាញ​ថា ព្រះ​ពុទ្ធរូប ទាំង​ពីរ​អង្គរ​នេះ ប្រហែលជា ធ្វើ​ឡើង​ក្នុង​សម័យ​កណ្តាល (​ស​.​វ​ទី​១៥-១៦) ជា​សម័យ​ដែល​ខ្មែរ​ងាក​មក​គោរព ព្រះពុទ្ធ​សាសនា​ថេរវាទ​វិញ ត្បិត​ប្រាសាទ​នេះ​ដើម​ឡើយ​គឺ​សាង​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។ បច្ចុប្បន្ន​មាន​ប្រជាជន​នៅ​ជុំវិញ​ទី​នេះ តែងតែ​មក​បន់ស្រន់​សុំ​ទឹកភ្លៀង និង​បាន​ហៅ​ឈ្មោះ​ពុទ្ធបដិមា​ទាំង​ពីរ​អង្គ​នេះ​ថា «​លោកតា​សៅ​»៕ ដោយ​៖ ច័ន្ទ រស្មី