រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធពីរនាក់យកឈ្មោះថ្នាក់ដឹកនាំ បិទបាំងអំពើទុច្ចរិត ដើម្បីឆបោកអ្នកដទៃ ត្រូវបានកម្លាំង សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួន និង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ មករា ពាក់ព័ន្ធពីបទក្លែងឯកសារសាធារណៈ ប្រើប្រាស់លិខិតសាធារណៈក្លែង និងឆបោកប្រាក់ជិត១លានដុល្លារអាមេរិក ក្នុងអំពើលក់ដីខ្យល់រាប់ពាន់ហិកតា។ ជនសង្ស័យម្នាក់ឈ្មោះ អ៊ូច សៀកវ៉ាន់ ភេទប្រុស អាយុ៥៦ឆ្នាំ (ប្តី) និងម្នាក់ឈ្មោះ ជៀម ចាន់បូរី ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ទាក់ទិននឹងការចាប់ខ្លួនប្តីប្រពន្ធ២នាក់ ខាងលើនេះ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា សំណុំរឿងនេះ មានពាក្យបណ្តឹងពីជនរងគ្រោះចំនួន១២នាក់ ក្នុងនោះមានព្រះសង្ឃ១អង្គផងដែរ។ ដើមចមនៃពាក្យបណ្តឹង បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៥ឈ្មោះ ជៀម ចាន់បូរី និងឈ្មោះ អ៊ូច សៀកវ៉ាន់ បានយកឯកសារ លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ទៅបង្ហាញជនរងគ្រោះទាំងអស់ដោយអះអាងថា ខ្លួន(ប្តី.ប្រពន្ធ)មានដីរាប់ពាន់ហិកតា ស្ថិតនៅភូមិគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយត្រូវការលក់ឲ្យទៅក្រុមហ៊ុនចិន និងម៉ាឡេស៊ី ដូច្នោះគេបានតម្រូវឲ្យជនរងគ្រោះ ដាក់ប្រាក់ចូលហ៊ុនដើម្បីរៀបចំដីនោះ និងបានផលចំណេញចែកគ្នា។

ជនរងគ្រោះ១២នាក់មាន ៖ ១.ឈ្មោះ អ៊ូច ប៉ោ ភេទស្រី អាយុ៥៦ឆ្នាំ ២.ឈ្មោះ ដាម សុផុន ភេទស្រី អាយុ៤៩ឆ្នាំ ៣.ឈ្មោះ ទួន ស្រង ភេទស្រី អាយុ៥២ឆ្នាំ ៤.ឈ្មោះ ទួន ស្រីពៅ ភេទស្រី អាយុ៥៦ឆ្នាំ ៥.ឈ្មោះ លី ពុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ ៦.ឈ្មោះ សុខ ស៊ីវអេង ភេទស្រី អាយុ៥៦ឆ្នាំ ៧.ឈ្មោះ ប៉ាវ ឡន ភេប្រុស អាយុ៦៦ឆ្នាំ ៨.ឈ្មោះ គិន ណោ ភេទស្រី អាយុ៥៥ឆ្នាំ ៩.ឈ្មោះ ឃុន ខេង ភេទស្រី អាយុ៦៣ឆ្នាំ ១០.ឈ្មោះ ប៉េង ម៉េងហ៊ាង ភេទប្រុស អាយុ៥២ឆ្នាំ ១១.ឈ្មោះ លឹម សុវណ្ណចំប៉ា ភេទស្រី អាយុ៥៤ឆ្នាំ និង១២.ព្រះតេជគុណនាម.ពុំ សុឃឿន ជន្មាយុ៦៤វស្សា។ មន្ត្រីនគរបាលបន្តថា ក្នុងម្នាក់ៗបានចំណាយប្រាក់មិនតិចពីក្រោម៥ម៉ឺនដុល្លារនោះទេ ឲ្យទៅពីរនាក់ប្តីប្រពន្ធ(ជៀម ចាន់បូរី.និងអ៊ូច សៀកវ៉ាន់) ដើម្បីចង់បានប្រាក់ចំណេញកប់ក្តោងមកវិញនោះ បើតាមសរុបជិត១លានដុល្លារអាមេរិកឯណោះ។

បានជាជនរងគ្រោះនាំគ្នាសម្រុកដាក់លុយចូលហ៊ុននោះ ដោយសារពួកគេបានមើលឃើញទង្វើពីរនាក់ប្តីប្រពន្ធមួយម៉ាត់ណាក៏ថ្នាក់ដឹកនាំៗ។ មិនតែប៉ុណ្ណោះប្តីប្រពន្ធ ២នាក់នោះ បានប្រើល្បិចនាំជនរងគ្រោះចេញទៅក្រៅប្រទេសដូចជាម៉ាឡេស៊ី ដែលប្រាប់គេថា ទៅទូទាត់ប្រាក់ដើម្បីយកមកចែកគ្នា ទីបំផុតដូចនាំទៅមើលមេឃមើលផ្កាយនៅស្រុកគេ បានត្រឹមអស់លុយហោប៉ៅរៀងខ្លួនទៀត។ រឿងរ៉ាវបានបែកធ្លាយ និងដឹងច្បាស់ថា ប្តីប្រពន្ធ២នាក់ ជាជនឆបោកនោះ តាមរយៈនៃការស៊ើបសួរពីសំណាក់អាជ្ញាធរមូលដ្ឋាន គ្មានដីរាប់ពាន់ហិកតាណាជាកម្មសិទ្ធិ របស់ឈ្មោះ ជៀម ចាន់បូរី និងឈ្មោះ អ៊ូច សៀកវ៉ាន់ នោះទេ មានតែដីខ្យល់ ដូច្នោះបានជាជនរងគ្រោះនាំគ្នាដាក់ ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីចាត់ឲ្យជួយចាត់ការចំពោះប្តីប្រពន្ធ២នាក់នេះ។

កាន់តែច្បាស់ទៀតនោះ នៅពេលសមត្ថកិច្ចបញ្ជូនពួកគាត់(ប្តីប្រពន្ធ)ទៅតុលាការ ពួកគាត់បានត្រៀមរួចហើយនូវបដាតូចមួយកាន់នៅដៃ មានសរសេរឈ្មោះថ្នាក់ដឹកនាំបង្ហាញពីមោទនភាព នៅចំពោះមុខដើមបណ្តឹងទាំងអស់ ដែលតាមទៅឃ្លាំមើលដល់ សាលាដំបូងនោះផងដែរ៕ ដោយ ៖ ឃឹម ប៊ុនណាក់
