ខេត្តកំពង់ស្ពឺ ៖ មានកូនក៏ដូចអត់កូននេះជាពាក្យរបស់លោកតាពិការភ្នែកទាំងសងខាងដែលតស៊ូឡើងត្នោត ត្រងយកទឹកត្នោត ដើម្បីលក់យកកម្រៃយកមកចិញ្ចឹមជីវិត។ ការលក់ទឹកត្នោតជ្រក់២បំពង់មិនបានកម្រៃច្រើន នោះទេ សម្រាប់លោកតាគឺត្រឹម២,០០០ទៅ៣,០០០រៀលប៉ុណ្ណោះ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។ ជួបជាមួយអ្នកយកព័ត៌មានយើង លោកតាបានរៀបរាប់ពីដំណើរជីវិតរបស់គាត់ថា៖ គាត់ឈ្មោះ ទួន សូត អាយុ៦៧ឆ្នាំ រស់នៅភូមិស្លែង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

មានប្រពន្ធឈ្មោះ វ៉ែន យឺន អាយុ៦៧ឆ្នាំ កូន៧ស្រី៥នាក់ ប្រុស២នាក់ បច្ចុប្បន្នបានបែកផ្ទះទៅធ្វើការរកស៊ីរៀងៗខ្លួនអស់ហើយ គាត់ និងប្រពន្ធរស់តែ០២នាក់ ដោយប្រពន្ធដើរស៊ីឈ្នួលគេ ចំណែកគាត់ឡើងត្នោតយកទឹកមកធ្វើជ្រក់លក់គ្រាន់ បានលុយទិញម្ហូបអាហារប្រចាំថ្ងៃ អស់រយៈពេល៥៤ឆ្នាំមកហើយ ដែលគាត់មិនបានមើលឃើញពិភពលោក មួយនេះ។ ព្រោះតែឪពុកម្តាយជាគ្រួសារកសិករ លោកតាមិនដែលបានហូបឆ្ងាញ់នោះទេ។ លោកតាបានរំលឹកថា៖ នៅពេលគាត់ចាប់ផ្តើមអាយុ១៣ឆ្នាំ ភ្នែករបស់គាត់ចាប់ផ្តើមស្រវាំងគឺក្រោយពេលដែលគាត់កើតជំងឺកញ្ជ្រឹល។
លុះធំពេញវ័យឪពុកម្តាយបានរៀបចំឲ្យមានគូស្រករដូចកម្លោះដទៃក្នុងភូមិដែរ ក្រោយរៀបការគឺគាត់ប្រកប របរធ្វើស្រែដូចអ្នកភូមិផ្សេងទៀតហើយភ្នែកក៏ចាប់ផ្តើមងងឹតមើលលែងឃើញតែម្តង។ តែទោះជាភ្នែកងងឹត ក៏គាត់ខិតខំធ្វើស្រែចម្ការចិញ្ចឹមប្រពន្ធកូនដោយគ្មានរាថយឡើយរហូតដល់កូនធំពេញវ័យមានប្តីប្រពន្ធបែកទៅរស់នៅរៀងៗខ្លួនអស់ទៅ។ រាល់ថ្ងៃទោះបីជាពិការក៏គាត់មិនដើរសុំទានគេនោះទេ គឺបានប្រកបរបរឡើងត្នោត យកទឹកត្នោតមកជ្រក់ដើម្បីលក់យកកម្រៃចញ្ចឹមជីវិតចុងក្រាយរបស់គាត់។
ចុងក្រោយលោកតាបានសំណូមពរ ដល់អស់លោកអ្នកសប្បុរសបើអាណិតដល់គាត់សូមមេត្តាផ្តល់ម្ហូបអាហារណាដែលឆ្ងាញ់ឲ្យគាត់បានស្គាល់រសជាតិនាជីវិតចុងក្រោយមួយនេះផង ព្រោះថាអស់រយៈពេល៥៤ឆ្នាំមកហើយចាប់តាំងពីងងឹតភ្នែកមក មិនដែលស្គាល់អ្វីដែលជាម្ហូឆ្ងាញ់នោះទេ៕ ដោយ ៖ វង្ស សន