ស្ត្រី​ម្នាក់​ផ្តាច់​សេរ៉ូម​ខ្លួនឯង ដើរ​ចេញពី​មន្ទីរពេទ្យ​បណ្ដាល​ឲ្យ​ស្លាប់

267

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ជាប់​នឹង​របង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ពី​ផ្តាច់​ខ្សែ សេរ៉ូម ដោយ​ខ្លួនឯង​ដើរ​ចេញពី​មន្ទីរពេទ្យ​។ ហេតុ​ការ​ខាងលើ​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៧ មក​រា ២០១៩ ចំណុច​របង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុងភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។ ស្ត្រី​រង​គ្រោះ​ឈ្មោះ ឆេ​ង ដួង អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​មិត្តភាព សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

Loading...

ប្រភព​ថា​ជន​រង​គ្រោះ​មុន​ស្លាប់​បាន​ផ្តាច់​ខ្សែ​សេរ៉ូម​ដោយ​ខ្លួនឯង​រួច​ដើរ​ចេញពី​មន្ទីរពេទ្យ លុះដល់​ខាងក្រៅ​របង​ប៉ែក​ខាងលិច​ក៏​ដួល​ស្លាប់​នៅ​ទីនោះ​បង្ក​ភ្ញាក់ផ្អើល​អ្នកស្រុក​ចោមរោម​មើល ខ្លះ​ជួយ​រឹត​ទ្រូង​ឲ្យ​។ ឈ្មោះ ឃិ​ន សុខ​គាង អាយុ​៣៥​ឆ្នាំ ប្តី​ចុង​ស្ត្រី​រង​គ្រោះ​ប្រាប់​ថា ប្រពន្ធ​ខ្លួន​ពូកែ​ផឹកស្រា ហាម​មិន​ស្តាប់​ទេ ហើយ​បាន​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៣​ដង​ហើយ​។ ប្រភព​ពី​អ្នកស្រុក​និយាយ​ថា ជន​រង​គ្រោះ​ផឹកស្រា​ដូច​ផឹកទឹក​អីចឹង​រហូត​ធ្លាក់ខ្លួន​ឈឺ​រ៉ាំរ៉ៃ ហើយ​អាណិត​បុរស​ជា​ប្តី​ណាស់​ទៅ​ធ្វើការ ជា​ជាងដែក បាត់​ៗ​ល្ងាច​ទើប​ដល់​ផ្ទះ​។

គ្រូពេទ្យ​ម្នាក់ នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​កោះសន្តិភាព​ថា ជន​រង​គ្រោះ​កើតរោគ​ក្រពះ​ធ្ងន់ធ្ងរ ក្រិន​ថ្លើម និង​ទាច​ទឹក​ហើយ​ថា ពិបាក​មើលថែ​ណាស់ ពេល​ខ្លះ​ជន​រង​គ្រោះ​ផ្តាច់​សេរ៉ូម​ដើរ​ចេញ​ក្រៅ​ពេទ្យ​បាត់​។ បើ​ទោះជា​បែប​ណា​ករណី​នេះ​គេ​ឃើញ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ក្រែង​ជា​ករណី​ផ្សេង​។

ជា​លទ្ធផល​ជន​រង​គ្រោះ​ស្លាប់​ដោយ​ជំងឺ ហើយ​សព​ត្រូវ​បាន​បុរស​ជា​ប្តី​ចាត់ចែង​បូជា​ធ្វើបុណ្យ​នៅ​បរិវេណ​វត្ត​ប្រជា​ធម្ម​ត្រ័យ​ព្រោះ​ជា​គ្រួសារ​ក្រីក្រ​។ បុរស​ជា​ប្តី​ប្រាប់​ថា ប្រពន្ធ​ខ្លួន​មានកូន​ស្រី​៣​នាក់​ជាមួយ​ប្តី​មុន ប៉ុន្តែ​កូន​ៗ​ទាំងនោះ​នៅ​ឯ​ស្រុក​កំណើត​ប្រពន្ធ ភូមិ និង​ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ដោយឡែក​ខ្លួន និង​ជន​រង​គ្រោះ​ពុំ​ទាន់​មានកូន​ជាមួយ​គ្នា​ទេ​៕ ដោយ ៖ មុត សា​រុន