ជនសង្ស័យ​ឆក់ និង​ប្រើប្រាស់​ថ្នាំ​ញៀន​១១​នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួន

147

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ឆក់​ទូរស័ព្ទ និង​កាបូប​ដ៏​សកម្ម​រួម​ទាំង​ជន​ប្រើប្រាស់​ថ្នាំ​ញៀន​ត្រូវ​កម្លាំង នគរបាល​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​កាបូប​កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់ ថ្ងៃ​១៧ មក​រា ២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​26Eo ផ្លូវ​លេខ​154 ភូមិ​ទី​៦ សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ​។

Loading...

យោង​តាម របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ ជន​រង​គ្រោះ​ឈ្មោះ HU JINGMIN ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជនជាតិ​ចិន បាន​ស្ពាយ​កាបូប​លើ​ស្មា​ខាងស្តាំ ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ក្នុង ទិស​ដៅ​ពី​កើត​ទៅ​លិច​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៤ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​មាន​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​CPX-125 ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1GN-3390 បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​អូស​ទៅ​នឹង​ថ្នល់ រង​របួស​ដាច់​ស្មា និង​ចិញ្ចើម​ខាងឆ្វេង ហើយ​ជន​រង​គ្រោះ​ក៏​ស្រែក​ផ្អើល​ឆោឡោ។

ស្រប​ពេល​នោះ​កម្លាំង​ខណ្ឌ ប៉ុស្តិ៍​ដែល​កំពុង​ល្បាត​ដល់​ចំណុច​ក្បែរ​នោះ​ក៏​ធ្វើការ​អន្តរាគមន៍​ភ្លាម ដោយ​ជិះ​ម៉ូតូ​ដេញ​ប្រផាប់ ចាប់​ប្រ​ផី​ង​ធ្វើ​ឲ្យ​ជនសង្ស័យ​ម្នាក់​ដែល​អង្គុយ​ពីក្រោយ​ភ័យ​ធ្លាក់​ពីលើ​ម៉ូតូ នឹង​បាន​ត្រូវ​កម្លាំង​យើង ឃាត់ខ្លួន​បាន​ភ្លាម រួច​នាំ​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ជ័យជម្នះ ដើម្បី​ធ្វើការ​សាកសួរ​តែ​ម្តង ដោយឡែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ជា​អ្នក​បើក​ម៉ូតូ​បាន​ជិះ​គេចខ្លួន​បាត់​។ បន្ទាប់​ពី​បាន​តម្រុយ​នៃ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កម្លាំង​យើង​បាន​ប្រើប្រាស់​វិធានការ​ជំនាញ សួរ​ចម្លើយ ឈាន​ដល់​បើក​កិច្ច​ប្រតិបត្តិការ​បន្ត​តាម​យក​បក្ខពួក ដោយ​ច្បាម​រហូត​មក​ដល់​វេលា​ម៉ោង ១១ និង​៣០​នាទី​យប់ ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត រួម​ជាមួយ​មធ្យោបាយ​ធ្វើ​សកម្មភាព​។

ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ចំនួន​២​នាក់ ឈ្មោះ​១.​ឈ្មោះ ស៊ុន ណា​ដា ភេទ​ស្រី​(​ខ្ទើយ​) អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ (​ជិះ​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​)​។ ២.​ឈ្មោះ ឡោ ចិ​ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ (​អ្នក​បើក​ម៉ូតូ​)​។ វត្ថុ​តាង​ដកហូត ម៉ូតូ​មួយ​គ្រឿង សម្ភារ​បាត់បង់ (​គ្មាន​)​។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ៖

ជា​វិធានការ​ជំនាញ​ដើម្បី​ជីកឫសគល់ កាប់​មែក កាប់​ធាង សម​ត្ថិ​កិច្ច​យើង​បាន​បន្ត​ជាន់​យក​ចម្លើយ​ជនសង្ស័យ និង​បាន​បើក​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​បន្ត រហូត​មក​ដល់​វេលា​ម៉ោង ៥​ទៀប​ភ្លឺ កម្លាំង​យើង​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បក្ខពួក នឹង​ជា​សមាសភាព​ឆក់​សកម្ម​តាម​បណ្តា​ខណ្ឌ​ផ្សេង​ៗ​ចំនួន​០៤​នាក់​ទៀត (​ស្រី​ចំនួន​០១​នាក់​) ព្រមទាំង​ជន​ស​ង្យ័​យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​០៥​នាក់​(​ស្រី​ចំនួន​០១​នាក់​) ផ្សេង​ទៀត រួម​ជាមួយ​ម៉ូតូ​ចំនួន​០២​គ្រឿង​នាំ​យក​មក​ធ្វើការ​សាកសួរ​។

ជា​លទ្ធផល​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សម​ត្ថិ​កិច្ច​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១១​នាក់ ក្នុង​នោះ​មាន​សមាសភាព​មុខសញ្ញា​ឆក់ សកម្ម​ចំនួន ៦​នាក់ និង​សមាសភាព​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៥​នាក់ ដោយ​ចាប់ផ្តើម​បើក​កិច្ច ប្រតិបត្តិការ​ពី​វេលា​ម៉ោង ៨ និង​១០​នាទី​យប់​ថ្ងៃ​ទី​១៧ រហូត​មក​ដល់​វេលា​ម៉ោង ៥​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ១៨ មក​រា​។ បច្ចុប្ន​ន្ន​ជនសង្ស័យ​ទាំង​១១​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ​ដើម្បី​សាកសួរ​បន្ត​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី