ខំ​សន្សំ​ប្រាក់​ស៊ី​អត់​ស៊ី​ឃ្លាន ស្រាប់តែ​ចាញ់បោក​ក្រុម​ទម្លាក់យោង​អស់​ជិត​២​ពាន់​ដុល្លារ

700

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មានមុខ​របរ​លក់ នំ​បញ្ចុក ចំណែកឯ​ប្ដី​របស់​គាត់​គឺជា​កម្មករ សំណង់ ហើយ​នៅ​ពេល​ប្ដី​បើក​លុយ​បាន​ម្ដង​ៗ​គាត់​បាន​យក​លុយ​នោះ​រួម​ជាមួយ​លុយ​ដែល​បាន​មក​ពី​ការ​លក់​នំ​បញ្ចុក​សន្សំ​ទិញ​គ្រឿងអលង្ការ​មាស និង​ប្លា​ទី​ន​បន្តិច​ម្ដង​ៗ​បាន​មួយ​ចំនួន​ព្រមទាំង​ទុក​លុយ​ខ្លះ​សម្រាប់​ចាយវាយ​ផង​ដែរ​។ ប៉ុន្តែ​រឿង​ដែល​នឹក​ស្មាន​មិន​ដល់ និង​ហួសចិត្ត​សម្រាប់​រូប​គាត់​នោះ​គ្រឿងអលង្ការ​រួម​ទាំង​លុយ​ខាងលើ​សរុប​ប្រហែល ជិត​២​ពាន់​ដុល្លារ​បាន​រលាយ​បាត់បង់​ទាំងស្រុង​ត្រឹមតែ​មួយ​ប៉​ព្រិច​ភ្នែក​ទៅ​វិញ​។

Loading...

ព្រោះតែ​គាត់​ចាញ់ ល្បិច របស់​ក្រុម​ចោរ​ទម្លាក់យោង​១​ក្រុម ហើយ​គាត់​បាន​មក​វិញ​ត្រឹមតែ​ដែក​គ្រាប់កង់​១​កូន​ថង់​តែ​ប៉ុណ្ណោះ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ នៅ​លើ​ស្ពាន​អាកាស ថ្មើរជើង ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ស្ត្រី​រង​គ្រោះ​រូប​នោះ​បាន​ប្រាប់​ឲ្យ​នគរ បាល​ដឹង​ថា​គាត់​ឈ្មោះ ចាប ឈី អាយុ​៤៦​ឆ្នាំ មុខរបរ​លក់​នំ​បញ្ចុក មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​ជុំ ឃុំ​បា​នៀវ ស្រុក​ឈូក ខេត្តកំពត​។ សព្វថ្ងៃ​ស្នាក់​នៅ ជាមួយ​ប្ដី​ដែល​ជា​កម្មករ​សំណង់ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

គាត់​បាន​អះអាង​ថា ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាត់បង់​នោះ​រួម​មាន ខ្សែដៃ​មាស​ទម្ងន់​៥​ជី ចិញ្ចៀនមាស​ទម្ងន់​២​ជី ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ​តម្លៃ​៥០០​ដុល្លារ លុយ​ចំនួន​៣៥០​ដុល្លារ និង​២០​ម៉ឺន​រៀល​។ គាត់​និយាយ​បន្ត​ទៀត​ថា គាត់​បាន​យក​លុយ​ដែល​ជា​កម្លាំង​ញើស​ឈាម​របស់​ប្ដី​ខ្លះ និង​របស់​គាត់​ខ្លះទៅ​ទិញ​គ្រឿងអលង្ការ ទាំងនោះ​បន្តិច​ម្ដង​ៗ​ទម្រាំ​តែ​បាន និង​សន្សំ​លុយកាក់​បាន​មួយ​ចំនួន​ទុក​សម្រាប់​តម្រូវការ​ផ្សេង​ៗ ។ ហើយដោយ​សារ​តែ​កន្លែង​ស្នាក់​នៅ​គ្មាន​សុវត្ថិភាព​ទើប​គាត់​យក​គ្រឿងអលង្ការ និង​លុយ​ខាងលើ​ដាក់​តាម​ខ្លួន​មិន​ហ៊ាន​ទុក​នៅ​រោង​កម្មករ​ស្នាក់​នៅឡើយ​ព្រោះ​ខ្លាច​បាត់បង់​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ផ្សារ​ជម្ពូ​វ័ន ដើម្បី​រក​ទិញ​ត្រី​សាច់ សម្រាប់​ស្ល​ទឹក​នំ​បញ្ចុក​សម្រាប់​លក់ លុះ​ពេល​ទៅ​ដល់​បាន​ជួប​ស្ត្រី​វ័យក្មេង​ដែល​ជា ជនសង្ស័យ​ម្នាក់​នៅ​ក្នុង​ផ្សារ​។ ពេល​នោះ​ស្ត្រី​ខាងលើ​បាន​ប្រាប់​ថា​មាន​គេ​ជ្រុះ​បាត់​កាបូប​លុយ និង​មាស ហើយ​ខណៈ​ពេល​កំពុងនិយាយ​គ្នា មាន​ស្ត្រី​ម្នាក់​ទៀត​ទៅ​ដល់​ប្រាប់​ថា កុំ​មាត់​ខ្ញុំ​ជា​អ្នក​រើស​បាន​មាស និង​លុយ​១​ថង់​នោះ​។ បន្ទាប់​មក​ស្ត្រី​ទី​២​នេះ​បាន​បបួល​ឲ្យ​គាត់​ដើរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​គេឯង​បន្តិច​រួច​បាន​ស្រាយ មាត់​ថង់​លាត​ឲ្យ​គាត់​មើល ហើយ​គាត់​បានឃើញ​នៅ​ក្នុង​ថង់​នោះ​សុទ្ធតែ​មាស​ក្រហមច្រាល​ព្រមទាំង​មាន​លុយ ដុល្លារ​១​បាច់ ធំ​ថែម​ទៀង​ផង​។

ស្ត្រី​រង​គ្រោះ​បាន​បន្ត​ថា ក្រោយ​ពេល​បង្ហាញ​ឲ្យ​គាត់​មើល​រួច​ស្ត្រី​ដែល​ជា​ជន សង្ស័យ ទី​២ បាន​ទុក​វិញ និង​ធ្វើ​ជា​លាក់លៀម​ៗ ហើយ​ប្រាប់​គាត់​ថា​កុំ​ឲ្យ​មាត់​ប្រាប់​គេ និង​បាន​បបួល​គាត់​ទៅ​ចែក​គ្នា​នៅ​លើ ស្ពាន​អាកាស​ថ្មើរជើង​។ ពេល​នោះ​គាត់​បាន​ដើរទៅ​តាម​លុះ​ពេល​ឡើង​ដល់​លើ​ស្ពាន ជនសង្ស័យ​បាន​លាត​មាត់​ថង់ ឲ្យ​គាត់​មើល​ម្តងទៀត ឃើញ​សុទ្ធតែ​គ្រឿង អលង្ការ​មាស​ក្រហមច្រាល​ដដែល​។ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ខាងលើ​បាន​ហុច​ថង់​ក្រហម ឲ្យ​គាត់​លាក់​ទុក និង​ប្រាប់​ថា លុយ​ដុល្លារ​ចាំ​ដូរ​ចែក​គ្នា​ទៀត ព្រមទាំង​ប្រាប់​ថា​ឲ្យ​គាត់​យក​មាស​១​ថង់​ពណ៌​ក្រហម​នោះ ទាំងអស់​ដោយ​ពួក​គេ​សុំ​យក​តែ​គ្រឿងអលង្ការ និង​លុយ​ដែល នៅ​ជាប់​ខ្លួន​គាត់​ប៉ុណ្ណោះ ។

បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ចាប់​ដោះ​យក​ខ្សែ​ក ខ្សែដៃ ខ្វេះ​យក​ទាំង​លុយ​ក្នុង​ហោប៉ៅ​ខោ របស់​គាត់​រួច​ប្រាប់​ឲ្យ​គាត់​រង់ចាំ​លើ​ស្ពាន ពួក​គេ​ទៅ​ដូរ​លុយ​ដុល្លារ​យក​មក ចែក​គ្នា​ទៀត​រួច​ក៏​ស្រាប់តែ​បាត់​រហូត​តែ​ម្ដង​។ ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ចាំ​បាត់​ៗ គាត់​ក៏​បាន​ដើរ​ចុះ​មក​ក្រោម​តាម​រក​មើល​ដែរ ប៉ុន្តែ​រក​មិនឃើញ​សោះ ដោយ​មានការ​សង្ស័យ​គាត់​ក៏​បាន​លាត មាត់​ថង់​មើល​ស្រាប់តែ​ឃើញ​សុទ្ធតែ​ដែក​គ្រាប់កង់​ទៅ​វិញ​ទើប​ដឹង​ថា​ត្រូវ​ចាញ់បោក​ចោរ​ទម្លាក់យោង​។

ខណៈនោះ​គាត់​បាន​ស្រែក​ទ្រហោយំ​ដោយ​ឥត​អៀនខ្មាស់​ព្រោះ​ស្ដាយ​ទ្រព្យសម្បត្តិ​ដែល​ខំ​សន្សំ​ទាំង​ការ​លំបាក​បំផុត​ហើយ​បែរជា​បាត់បង់​ទៅ​វិញ​ត្រឹមតែ​មួយ​ប៉​ព្រិច​ភ្នែក​បែប​នេះ រួច​ក៏​បាន​ជិះ​ម៉ូតូឌុប​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ដើម្បី​ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​នគរបាល​ជួយ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​៕ ដោយ ៖ យន់ ស៊ី​ថា