ទឹក​លិច​ជន​លិច​ផ្លូវ​រដូវប្រាំង ដោយ​គ្មាន​លូ​បង្ហូរ​ចេញ​នៅ​ច្រក​ទ្វារ​សំរោង

144

ខេត្តស្វាយរៀង ៖ ផ្លូវ​ប្រវែង​១០០​ម៉ែត្រ​ស្រុត​ខូច​ក្លាយជា​ថ្លុក​ត្រពាំង ឬ​ស្រះ​ចិញ្ចឹម​ត្រី ដោយសារ​គ្មាន​លូ បង្ហូរ ចេញ​ថែម​ទាំង​មានទឹក​ហូរ​ចេញ​មក​ពី​តាម​ផ្ទះ​ដែល​សង់​អម​តាម​បណ្តោយ​ដងផ្លូវ និង​យក​ចំណី​ផ្លូវ ធ្វើ​ជា​កន្លែង​លក់ដូរ​ធ្វើ​ឲ្យ​ដងផ្លូវ​ស្រុត​ខូច​ក្លាយជា​រណ្តៅ​ដក់​ទឹក​ខួបប្រាំងខួបវស្សា​។ ហើយ​ពុំ​មាន​អាជ្ញាធរ មក​អើពើ​ឡើយ​ខណៈ​អ្នក​វិនិយោគ​វិស័យ​កាស៊ីណូ​កើត​ព្រោងព្រាត​។ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ ក៏​ដូច​ជា​មហាជន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ឃុំ​សំរោង និង​អាជ្ញាធរ​ស្រុក​ច​ន្ទ្រា មេត្តា​ចុះ​មក​ពិនិត្យ​មើលផ្លូវ​មួយ​ខ្សែ​នេះ​ផង​ទាន​។

Loading...

ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នេះ​ធ្វើ​ឡើង​នៅ​រសៀល ថ្ងៃ​ទី​២៣ មក​រា ឆ្នាំ​២០១៩ នៅ​ភូមិ​សំរោង ឃុំ​សំរោង​ស្រុក​ច​ន្ទ្រា​។ បើ​តាម​សមត្ថកិច្ច​នគ​បាល ឃុំ​សំរោង​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ក្នុង​ឃុំ​សំរោង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ឲ្យ​កង​វិស្វកម្ម​អគ្គនាយកដ្ឋាន​វិស្វកម្ម នៃ​កង​យោធពលខេមរភូមិន្ទ​សាងសង់​ជា​ផ្លូវ​ក្រាល​កៅស៊ូ រួម​ទាំង​ផ្លូវ​ទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី សំរោង​គឺ​ក្រាល​កៅស៊ូ​អស់ហើយ​នៅ​សល់​តែ​ប្រវែង​៥០០​ម៉ែត្រ​នៅ​ខាងកើត​កាស៊ីណូ​សៀង​ហៃ​ទៅ​កាន់​ច្រក​ទ្វារ​សំរោង​កង​វិស្វកម្ម​មិន​ធ្វើ​។

ហើយ​ម្ចាស់​កាស៊ីណូ​គេ​លើកថ្នល់​នៅ​មុខ​កាស៊ីណូ​ខ្ពស់​ខាងលិច​ខាងកើត ទើប​នៅ​ពីមុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទាប​ក្លាយទៅជា​ថ្លុក​ទឹក​ហើយដោយ​ផ្ទះ​អម​សងខាង​ផ្លូវ​សង់​ខ្ពស់​ជាង​ផ្លូវ និង​គ្មាន​ប្រ​ព​ន្ធ័​លូ​បង្ហូរទឹក​ចេញ​ផង​បណ្តាល​ឲ្យ​ទឹក​ប្រើប្រាស់​តាម​ផ្ទះ​ហូរ​ចាក់ មក​លើ​ថ្នល់​ដឹក​ទឹក ហើយ​គួប​ផ្សំ​រថយន្ត​ធុន​ធ​បើក​ឆ្លងកាត់​ធ្វើ​ឲ្យ​បាក់​ស្រុត​កាន់តែ​ជ្រៅ និង​ដក់​ទឹក​លើ​ជង្គង់​ធ្វើ​ឲ្យ​ពិបាក ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​។ ទើប​ប្រជាពលរដ្ឋ​សំណូមពរ​សូម​ឲ្យ​អាជ្ញាធរ​មេត្តា​ចុះ​មក​ពិនិត្យ និង​ដោះស្រាយ ឲ្យ​ប្រជាពលរដ្ឋ​មាន​ផ្លូវថ្នល់​ធ្វើ​ដំណើរ​បាន​ស្រួល​ផង​។

រីឯ​មន្ត្រី​សាលាស្រុក​ច​ន្ទ្រា បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ទីប្រជុំជន​សំរោង​នេះ​មាន​កាស៊ីណូ​ចំនួន​៩​កំពុង​ដំណើរការ​ប្រកប​មុខរបរ រកស៊ី​ហើយ​ម្ចាស់​កាស៊ីណូ​ទាំងនោះ​ចាក់​ដី​លើកថ្នល់ និង​ចាក់​រាល​សាប​នៅ​ខាង​មុខ​កាស៊ីណូ​របស់​ខ្លួន រៀង​ៗ​ខ្លួន ទើប​ធ្វើ​ឲ្យ​ថ្នល់​ដែល​នៅ​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​កណ្តាល​ប្រវែង​ជាង​១០០​ម៉ែត្រ ក្លាយជា​រណ្តៅ​ស្រះ​ដក់​ទឹក​បែប​នេះ​។ មហាជន​បាន​រិះគន់​ថា អាជ្ញាធរ​មើលបំណាំ​ម្ចាស់​កាស៊ីណូ រង​គ្រោះ​ប្រជាពលរដ្ឋ​សូម​អាជ្ញាធរ​ពិចារណា​ទាន​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន