បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ផ្ទុះ​គ្រាប់​មីន ខណៈ​ដែល​គាត់​ចូល​ទៅ​កាប់​ឫស្សី

162

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា ប្រជាពលរដ្ឋ​ម្នាក់​បាន​ស្លាប់​ដោយសារ​ផ្ទុះ​គ្រាប់​មីន កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៣ មក​រា ក្បែរ​មាត់​អូរ មួយ​កន្លែង នៅ​ចំណុច​អូរ​តា​ចាន់ ស្ថិត​នៅ​ក្នុងភូមិ​ផ្លូវ​មាស ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល​។ ជន​រង​គ្រោះ​ឈ្មោះ សែ​ម សារី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​,​ឃុំ កើតហេតុ​ខាងលើ​។

Loading...

បើ​តាម​សេចក្ដីរាយការណ៍​ជំហាន​ដំបូង​នេះ គេ​មិន​ទាន់​ស្គាល់​ប្រភេទ​គ្រាប់​មីន​ដែល​ផ្ទុះ​នោះ​ឲ្យ​បាន ជាក់លាក់​នៅឡើយ​ទេ តែ​ប្រភព​ខ្លះ​បាន​ដាក់​ការ​សង្ស័យ​ថា អាច​ជា​ប្រភេទ​មីន​ខ្យល់​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ចូល​ទៅ​កាប់​ឫស្សី​នៅ​ក្បែរ​មាត់​អូរ​ត្រង់​ចំណុច​ខាងលើ ហើយ​ក៏​ដើរ​ជាន់​លើ​គ្រាប់​មីន​នោះ​បណ្ដាល​ឲ្យ​ផ្ទុះ​ត្រូវ​រហូត​ដល់​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​។

យ៉ាងណា​ក៏​ដោយ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ និង​បាន​រាយការណ៍​ទៅ​អង្គភាព​បោសសម្អាត​មីន​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ​។ បើ​តាម​ការ​អះអាង​ពី​មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា នៅ​ចំណុច​កើតហេតុ​តាម​មាត់​អូរ​នោះ អាច​នៅ​សេសសល់​គ្រាប់​មីន​នៅ​ក្នុង​ដី ដែល​បន្សល់​ទុក​កាលពី​សម័យ​សង្គ្រាម​។ ព្រោះ​នៅ​តំបន់​ជា​សមរភូមិ ដូច្នេះ​ប្រជាពលរដ្ឋ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ពេល​ចូលលុក​លុយ តាម​មាត់​អូរ​នោះ​៕ ដោយ ៖ ឆោម ពិសម័យ