ខេត្តស្ទឹងត្រែង ៖ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង រួមសហការជាមន្ទីរពាណិជ្ជកម្ម បានចុះ ពិនិត្យលើចំណីអាហារចំនួន១៣៨មុខ ដើម្បីពិសោធន៍រកសាធាតុគីមីសម្រាប់ចូលរួមរក្សាគុណភាព ចៀសវៀង ប្រជាពលរដ្ឋទិញយកទៅបរិភាគមានផលប៉ះពាល់ដល់សុខភាព។ ក្នុងសកម្មភាពចុះធ្វើពិសោធន៍ចំណីអាហារនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង ថ្ងៃទី២៣ មករា ២០១៩នេះ លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា ការធ្វើពិសោធន៍នេះគឺដើម្បីរកឲ្យឃើញនូវហេតុផល ច្បាស់លាស់កុំឲ្យដូចពាក្យអាចាមរាមរបស់ប្រជាពលរដ្ឋ និងអ្នកបរិភោគចំណីអាហារមួយចំនួន នាំគ្នាលើកឡើងថា បន្លែនេះ បន្លែនោះ ចំណីអាហារ ត្រីសាច់ និងផ្លៃឈើផ្សេងៗ មានផ្ទុកសារធាតុគីមី។

លោកបញ្ជាក់ថា កន្លងមកមន្ត្រីជំនាញបានផ្សព្វផ្សាយនិងអប់រំឲ្យបងប្អូនអាជីវករយកចិត្តទុកដាក់គ្រប់ បែបយ៉ាងពិនិត្យពីកាលបរិច្ឆេទ របស់ទំនិញ ការវេចខ្ចប់ និងការថែរក្សាទំនិញការរៀបចំដាក់តាំងលក់ ត្រូវមានអនាម័យជាប្រចាំក្នុងមួយខែម្តងដើម្បីលើកកម្ពស់សុខភាពទាំងអស់គ្នា។ បងស្រី ឆាយ ដាឡែន អាជីវករលក់បន្លែនៅផ្សារនេះដែរបានសាទរជាមួយមន្ទីរ និងសាខាកាំកុងត្រូលដោយយល់ឃើញថា នេះជាការងារដ៏ល្អបានធ្វើឲ្យពួកគាត់ឃើញច្បាស់ពីពិធីធ្វើពិសោធន៍មើលនៅសារធាតុគីមី ពីព្រោះនៅក្នុងចំណីអាហារទាំងនេះអ្នកលក់ណាមួយដឹងថាទំនិញណាមានសារធាគីមីនោះទេ។ លោកស្រី្តរូបនេះបន្តថា នឹងជួយផ្តល់នូវព័ត៌មានដែលយើងបានឃើញការធ្វើពិសោធន៍ជាក់ស្តែងនេះ ឲ្យបងប្អូនប្រជាពលរដ្ឋដឹងហើយត្រូវចេះជ្រើសរើសចំណីអាហារណាបរិភោគទៅមានសុខភាពល្អ។

លោក អ៊ុន សុខា ប្រធានមន្ទីពាណិជ្ជកម្មខេត្តស្ទឹងត្រែងបានចាត់ទុកថា សកម្មភាពនេះដោយបានបង្ហាញ ឱ្យឃើញពីគុណភាពពិតទៅលើចំណីអាហារដែលយើងកំពុងបរិភោគសព្វថ្ងៃហើយការធ្វើពិសោធន៍នេះដែរក៏បានផ្តល់ការយល់ដឹងទៅដល់ប្រជាពលរដ្ឋបន្ថែមប្រៀបដូចបង្កើនការប្រុងប្រយត្ន័លើក កម្ពស់ថែរក្សាសុខភាពទាំងអស់គ្នា។ លោកអះអាងថា កន្លងមកមានទិញមួយចំនួនមិនបានត្រួតពិនិត្យ អ្នកទិញខ្លះយកទៅមានហួសកាលកំណត់ប្រើប្រាស់ពិបាកធ្វើការដោះដូរ ខ្លះទៀតកើតមានជម្លោះផងដែរ តែក្រោយពីបានស្វែងយល់ទាំងអស់គ្នាយើង ងាយស្រួលបំពេញកាតព្វកិច្ចទទួលខុសត្រូវ និងចូលរួម ប្រុងប្រយ័ត្នបានច្រើន ជាពិសេសមន្ត្រីជំនាញបានមកពិនិត្យផ្ទាល់ធ្វើឱ្យប្រជាពលរដ្ឋយើងអស់ភាព សៅហ្មង និងមិនមានកាតចោទប្រកាន់ដាក់គ្នាទៀតឡើយ។

សូមបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលមន្ត្រីសាខាកាំកុងក្រុងត្រូលខេត្តបានយកចំណីអាហាធ្វើពិសោធន៍រកសារធាតុគីមីដោយលើកនេះបានយកបន្លែគ្រប់មុខរួមមានស្ពៃ-ប៉េងប៉ោះ-ការរុត-សំណ្តែកកួរ-ផ្លែឈើ មាន-មៀន-ក្រូចលឿង-ទំពាំងបាយជូ-សារី -ប៊ឺ-ស្រការនាគ-និងត្រីសាច់ប្រហុក-ផ្អក- ត្រីងៀត។ល។ សរុបចំនូន១៣៨មុខ មិនមានចំណីអាហារណាមួយមានសារធាតុគីមីទេ ដោយឡែកស្ករត្នោតមួយមុខមានការសង្ស័យត្រូវបានមន្ត្រីជំនាញ យកទៅមន្ទីរពិសោធន៍រាជធានីភ្នំពេញដើម្បីធ្វើកិច្ចការងារនេះបន្ថែម៕ ដោយ ៖ រ៉ូ សាលី
