លោក នួន ជា ទទួល​បាន​សហ​មេធាវី​ការពារ​ក្តី​ជនជាតិ​អូស្ត្រាលី​ពី​អង្គភាព​គាំពារ​ការពារ​ក្តី

225

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​២៣ ខែមករា ២០១៩ អង្គភាព​គាំពារ​ការ​ការពារ​ក្តី (“​អ​.​គ​.​ក​”) នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (“​អ​.​វ​.​ត​.​ក​”) បាន​ចាត់តាំង​លោកស្រី ដូ​រី​ន ឆិ​ន (Doreen Chen) ជនជាតិ​អូស្ត្រាលី ឲ្យ​ធ្វើ​ជា​សហ​មេធាវី​បរទេស​ថ្មី តំណាង​លោក នួន ជា ក្នុង​សំណុំរឿង ០០២/០២​។ លោកស្រី ដូ​រី​ន ឆិ​ន ជា​មេធាវី​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស ដែល​បាន​បម្រើ​ការងារ​ជាទី​ប្រឹក្សា​ច្បាប់​ជាន់ខ្ពស់​របស់​លោក នួន ជា នៅ អ​.​វ​.​ត​.​ក ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨​។

Loading...

ការ​ប្រកប​វិជ្ជាជីវៈ​ផ្នែក​ច្បាប់​ជាក់ស្តែង​ដ៏​ទូលំទូលាយ​របស់​គាត់ គឺ​ផ្តោត​លើ​ការ​ធ្វើ​ជា​តំណាង​ឲ្យ​អ្នក​ការពារ​សិទ្ធិ មនុស្ស ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ និង​សហគមន៍​ដែល​ងាយ​រង​គ្រោះ​នៅ​ទ្វីបអាស៊ី រួម​ទាំង​នៅ​ចំពោះ​មុខ​ផ្នែក យន្តការ​សិទ្ធិ​មនុស្ស​របស់ អ​.​ស​.​ប និង​បំពេញ​មុខងារ​ជា​រដ្ឋ​អាជ្ញា​នាំមុខ (Lead Prosecutor) នៅ​តុលាការ​ប្រជាជន អចិន្ត្រៃយ៍​ស្តី​ពី​ប្រទេស​ភូមា​។ លោកស្រី​ក៏​ជា​សហ​ស្ថាបនិក និង​សហ​នាយក​ដឹកនាំ​អង្គការ ក្រៅ​រដ្ឋាភិបាល​ស្តី​ពី​គោលដៅ​យុត្តិធម៌ ដែល​បម្រើ​កិច្ចការ​ផ្នែក​នីតិរដ្ឋ សិទ្ធិ​ទទួល​បាន​យុត្តិធម៌ និង​សិទ្ធិ​ទទួល​បាន ព័ត៌មាន នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​កិច្ចការ​ផ្សេង​ៗ​ទៀត និង​ជា​មន្ត្រី​សម្របសម្រួល​ផ្នែក​ច្បាប់​អន្តរជាតិ ជាមួយ​សម្ព័ន្ធ​សេរី​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។

ក្នុង​ចំណោម​ភារកិច្ច​ជា​ច្រើន​ទៀត លោកស្រី ដូ​រី​ន ឆិ​ន ក៏​ធ្លាប់​បំពេញ​កិច្ចការ​ផ្នែក​ពិគ្រោះ​យោបល់​ឲ្យ​ការិយាល័យ​សិទ្ធិ​មនុស្ស អ​.​ស​.​ប រួម​ទាំង​បាន​ជួយ​រៀបចំ សេចក្តី​ពន្យល់​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា​លើក​ទី​មួយ​។ គាត់​ក៏​ធ្លាប់​បាន​បង្រៀនច្បាប់ អន្តរជាតិ សិទ្ធិ​មនុស្ស និង​វិទ្យាសាស្ត្រ​នយោបាយ នៅ​តាម​សាកលវិទ្យាល័យ​នានា​នៅ​ប្រទេស​កម្ពុជា ប្រទេស​បារាំង និង​ប្រទេស​អូស្ត្រាលី​ផង​ដែរ​។ លោកស្រី​ទទួល​បាន​សញ្ញាប័ត្រ LL.M ពី​សាកលវិទ្យាល័យ​កូ​ឡំ​ប៊ី នៅ​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក និង​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​បំពេញការងារ​នៅ​តុលាការ​កំពូល​នៃ​រដ្ឋ New South Wales ក្នុង​ប្រទេស​អូស្ត្រាលី​។

លោកស្រី ដូ​រី​ន ឆិ​ន នឹង​បំពេញភារកិច្ច​រួម​គ្នា​ជាមួយ​សហ​មេធាវី​ជាតិ​លោក សុ​ន អរុណ ដើម្បី​ធ្វើ​ជា​តំណាង​លោក នួន ជា នៅ​ចំពោះ​មុខ អ​.​វ​.​ត​.​ក​។ ចំពោះ​ការ​ចាត់តាំង​នេះ អ​.​គ​.​ក បាន​ពិចារណា​ដល់ ការ​យល់ព្រម​ទទួលយក​ពី​សំណាក់​លោក នួន ជា និង​ការ​លះបង់​សិទ្ធិ​លើ​ទំនាស់​ផលប្រយោជន៍ ដែល​អាចយ​កមក​អនុវត្ត​បាន​៕ ដោយ ៖ ស សុខុម