បញ្ហា​ដីធ្លី​ត្រូវ​តែ​ដោះស្រាយ​ឲ្យ​ចប់ មិន​អាច​ទុក​ឲ្យ​ក្លាយជា​បំណុល​ទេ

146

ខេត្តកំពត ៖ បញ្ហា​ដីធ្លី​នៅ​ខេត្តកំពត​ជា​រឿង​ដ៏​រសើប និង​បាន​ក្លាយជា​ជំងឺ​រ៉ាំ​រៃ​មួយ​ដែល បន្សល់​ទុក​ត​ៗ​គ្នា​ពី​មួយ​ជំនាន់ អភិបាលខេត្ត​មួយ​ទៅ អភិបាលខេត្ត​មួយ​។ ប៉ុន្តែ​នៅ​ក្នុង​អាណត្តិ​នេះ ឯកឧត្តម ជាវ តា​យ បាន​ប្តេជ្ញា​ចិត្តនឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ឲ្យ​អស់ ដោយ​លោក​ថា មិន​អាច​ទទួល យក​បាន​ទេ ដែល​ទុក​ឲ្យ​បញ្ហា​ក្លាយជា​បំណុល ព្រោះ​ដោះស្រាយ​មិន​បាន​នោះ​។ លោក​បាន​ស្នើ​ដល់ អាជ្ញាធរ​មូលដ្ឋាន ឃុំ​សង្កាត់ ក្រុង​ស្រុក ត្រូវ​តែ​សហការ​រួមដៃគ្នា​ដោះស្រាយ ដោយ​តម្លាភាព និង​ដោយ​យុត្តិធម៌​។

Loading...

មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ ឯកឧត្ដម ជាវ តា​យ អភិបាលខេត្ត​កំពត​បាន​លើក​ឡើង​ថា កន្លង​មក​រដ្ឋបាល​ខេត្ត​បាន​ដោះស្រាយ បញ្ហា​ដីធ្លី​បាន​មួយ​ចំនួន​ធំ ដោយ​ផ្អែក​លើ​យុទ្ធសាស្ត្រ ដំណោះស្រាយ ឈ្នះ ឈ្នះ ប៉ុន្តែ​បញ្ហា​ចាស់​ខ្លះ​ចាក់​គ្រឹះ​ជ្រៅ​ពេក ធ្វើ​ឲ្យ​រដ្ឋបាល​ខេត្ត និង​ជំនាញ​ត្រូវ​ប្រើ​ពេល​ស្វែងរក​ឫសគល់ និង​ឫសកែវ នៃ​បញ្ហា ដើម្បី​ធ្វើការ​ដោះស្រាយ​បាន​ត្រឹមត្រូវ ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​។

ឯកឧត្តម​បាន​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ដោយ​អនុលោម​តាម​ការ ណែនាំ​របស់​សម្តេច​តេ​ជោ ឲ្យ​រដ្ឋបាល​ខេត្ត​នីមួយ​ៗ​ធ្វើការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​បាន​ចប់ រដ្ឋបាល​ខេត្តកំពត បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត ថា​មិន​បណ្តោយ​ឲ្យ​បញ្ហា​ដីធ្លី​ចេះ​តែ​កើតឡើង ហើយ​ក្រាស់​ទៅ​ៗ ដោយ​មិន​បាន​ដោះស្រាយ​នោះ​ឡើយ​។ ឯកឧត្តម​បាន​បញ្ជាក់​ថា ការ​ដោះស្រាយ ឬ​ធ្វើ​ការងារ​អ្វីមួយ មន្ត្រី​ជំនាញ​ត្រូវ​ដោះស្រាយ​ជា​រួម​មាន​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ផ្នែក​ចូលរួម អម​ដោយ​លិខិត​បង្គាប់ការ ហើយ​មន្ត្រី​ថ្នាក់​ក្រោម​អ្នក​ណាខ្លះ​អ្នកចូលរួម ហើយ​បើ​ដោះ​មិន​បាន​ទៀត លើកយក​មក​ដាក់​ក្នុង​កិច្ចប្រជុំ ចង្អៀត​ដើម្បី​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត រក​វិធី​ដោះស្រាយ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន អង្គភាព មន្ទីរ​ជុំវិញ​ខេត្ត ត្រូវ​ធ្វើការ​កំណត់ និង​ចុះបញ្ជី​ឲ្យ​បាន​ច្បាស់លាស់​ថា​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​មាន​សល់​កន្លែង​ណាខ្លះ? ដែល​អាចយ​កមក​ប្រើប្រាស់ និង​ត្រៀម​ទុក​ជូន​ប្រជាពលរដ្ឋ​ដែល​គ្មាន​ទីលំនៅ ឬ ក្នុង​ករណី​ចាំបាច់​ណាមួយ ព្រោះ​បច្ចុប្បន្ន​ដី​ខេត្តកំពត កាន់តែ​ឡើងថ្លៃ​គ្រប់កន្លែង ជន​ឱកាសនិយម ឬ​ជន​មាន​លុយ​មាន​អំណាច​មួយ​ចំនួន អាច​បង្ក​ជា​បញ្ហា​ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន​ធ្វើ​បញ្ហា​ទំនាស់ ដីធ្លី​ចេះ​តែ​កើតឡើង​មិន​ឈប់​ឈរ​។ ចំណែក​មន្ត្រី​សូ​រិ​យោ​ដី ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត នឹង​ត្រូវ​រាយការណ៍ តាម​សភាព​ជាក់ស្តែង​ប្រសិនបើ​កន្លែង​ណាមួយ​មិន​អាច​វាស់វែង​បាន កុំ​ឲ្យ​អ្នក​ដោះ​ចាំតែ​ដោះ ហើយ​អ្នក​បង្ក​បញ្ហា​នៅ​តែ​គ​គ្លើ​ន​ដូច​គ្រា​កន្លង​មក​៕ ដោយ ៖ ប្រាក់ សា​រិ​ទ្ធ