ស្រវឹងស្រា​បើករថយន្ត​បុក​រះ​កង់​បី​ឥណ្ឌា និង​រ៉ឺ​ម៉ក​ម៉ូតូ

162

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​រេ​ចង្កូត​ឡើង​លើ​ចិញ្ចើម​ផ្លូវ ជ្រុល​ទៅ បុក​រះ​ម៉ូតូ​កង់​បី​ឥណ្ឌា និង​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ដែល​ម្ចាស់​ចត​ទុក​ស្ងៀម បណ្តាល​ឲ្យ​រង​ការ​ខូចខាត តែ សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១ រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ ទល់មុខ​នឹង​ខារ៉ាអូខេ ឌី​យ៉ា​ម៉​ង់ ផ្លូវ​២១៧ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

Loading...

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង និង​រ៉ឺ​ម៉ក​ម៉ូតូ​ចំនួន​២​គ្រឿង​បាន​ចត​ទុក​នៅ​ស្ងៀម​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ ស្រប​ពេល​នោះ​ដែរ ក៏​ស្រាប់តែ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ មិនដឹង​ថា​ចេញពី​ផឹកស៊ី​វិញ​នៅ​កន្លែង​ណា​នោះ គឺ​បាន​បើករថយន្ត​ម៉ាក តូ​យ៉ូ​តា​ព្រុស​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AX-1247 ធ្វើ​ដំណើរ​តាម​ផ្លូវ ២១៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​មក​ដល់ ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​ខាងស្តាំ​ដៃ ឡើង​លើ​ចិញ្ចើម​ផ្លូវ​ជ្រុល​ទៅ​បុក​រះ នឹង​ម៉ូតូ​កង់​បី​ឥណ្ឌា និង​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង ដែល​ចត​ស្ងៀម បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ទាំង​ពីរ​គ្រឿង តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​។

ដោយឡែក​ខាង​រថយន្ត​បង្ករ​វិញ រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​នោះ​ទេ​។ ក្រោយ​កើតហេតុ ឃើញ​ប្រពន្ធ និង​សាច់ញាតិ​អ្នក​បើករថយន្ត​បង្ក​បាន​មក​សម្របសម្រួល​ជាមួយនឹង ខាង​ម៉ូតូ​កង់​បី​ទាំង​២​គ្រឿង ដោយ​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌា​ទាមទារ​សំណង ៣០០​ដុល្លារ​។ ហើយ​ខាង​ម៉ូតូ​កង់​បី​ខ្មែរ​ទាមទារ​សំណង ២០០​ដុល្លារ តែ​ការ​ចរចា​នេះ ប្រើ​រយៈពេល​ជិត​២​ម៉ោង​ទើប​ត្រូវរ៉ូវ​គ្នា សង​ទៅ​ខាង​ម៉ូតូ​កង់​បី​ខ្មែរ​ចំនួន​១០០​ដុល្លារ និង​សង​ទៅ​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌា ចំនួន​២៥០​ដុល្លារ ដើម្បី​បញ្ចប់រឿង​៕
ដោយ ៖ យឹ​ម ឈឿ​ន