រថយន្ត​កូរ៉េ​ចំណុះ​៣​តោន​១​គ្រឿង បុក​ម៉ូតូ​ហុង​ឌ្រី​ម​ពីក្រោយ​របួស​២​នាក់

137

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​៣​តោន​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង ជិះ​គ្នា​២​នាក់ បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ និង​ម្នាក់​ទៀត​រង​របួសស្រាល​។ បន្ទាប់​មក​រថយន្ត​បង្ក បាន​បើក​រត់គេច​ខ្លួន​ដែរ​ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់​បាន​តែ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ភ្លា​ៗ​ដែរ​។

Loading...

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ខ្លោងទ្វារវត្ត​ជន្លុង​ម្លូរ ស្ថិត​នៅ​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ អ្នក​ភូមិ​បាន​និយាយ​ថា ស្ត្រី​រង​គ្រោះ​ខាងលើ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ នៅ​មុន​ពេល​កើតហេតុ​ពួក​នាង​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1G-1304 ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ មាន​រថយន្ត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ចំណុះ​៣​តោន ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2922​។ បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ទិស​ខាងជើង​ទៅ​ត្បូង​ស្របគ្នា​ទៅ​ដល់​បុក​ពីក្រោយ​ទាំង​កម្រោល​បណ្ដាល​ឲ្យ​ដួល​រង​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់​តែ​ម្ដង​។ ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​រថយន្ត​បង្ក​បាន​បើក​រត់ ប៉ុន្តែ​ត្រូវ​បាន​អ្នក​នៅ​ជិត​នោះ​នាំ​គ្នា​ដេញ​តាម​ចាប់​បាន​រថយន្ត​ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។ បន្ទាប់​រថយន្ត​ក្រុម​សង្គ្រោះ​៧១២ បាន​ដឹក​យក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​៕ ដោយ ៖ យន់ ស៊ី​ថា