រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទស្សនកិច្ច​រមណីយដ្ឋានអង្គរ

264

ខេត្តសៀមរាប ៖ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក Luo Shu Gang បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩​។ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ ដោយ​មានការ​ចូល​អមដំណើរ​ដោយ លោក បណ្ឌិត ស៊ុំ ម៉ា​ប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​នោះ លោក រដ្ឋមន្ត្រី ព្រមទាំង​គណៈប្រតិភូ​ទាំងអស់ បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រាសាទ​មួយ​ចំនួន​ក្នុង​រមណីយដ្ឋាន​អង្គរ ពិសេស​ទៅ​កាន់​ប្រាសាទ​ដែល​ស្ថិត​ក្នុង​គម្រោង​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​បណ្ឌិតសភា​សម្រាប់​បេតិកភណ្ឌ​វប្បធម៌​ចិន ហៅ​កាត់​ថា CSA​។

Loading...

គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ លោក Luo Shu Gang បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ ដែល​ប្រាសាទ​ទាំង​ពីរ​នេះ​ត្រូវ​បាន​ជួសជុល​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​បណ្ឌិតសភា​សម្រាប់​បេតិកភណ្ឌ​វប្បធម៌​ចិន​។ ក្រៅពី​ទស្សនកិច្ច​ស្វែង​យល់​ពី​ការ​ជួសជុល នៅ​ប្រាសាទ​ទាំង​ពីរ​ខាងលើ លោក Luo Shu Gang និង​គណៈប្រតិភូ​ក៏​បាន​ទៅ​ទស្សនា​ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី និង​ប្រាសាទភ្នំបាខែង ដែល​ជា​គោលដៅ​បញ្ចប់​ដំណើរ​ទស្សនកិច្ច ក្នុង​ខេត្តសៀមរាប​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ខាងលើ​នេះ លោក Luo Shu Gang បាន​ចាប់អារម្មណ៍​ខ្លាំង ទៅ​នឹង​សំណង់​ប្រាសាទបុរាណ​ខ្មែរ ដែល​មាន​ក្បូរក្បាច់​ចម្លាក់​រចនា​ល្អ​ឥត​ខ្ចោះ ស័ក្ដិសម​ជាស​ម្ប​តិ្ត បេតិកភណ្ឌ​ពិភពលោក​។ ទាក់ទង​នឹង​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ​វិញ លោក បាន​សម្តែង​ការ​វាយតម្លៃ​ខ្ពស់​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ជំនាញ​នៃ​ប្រទេស​ទាំង​ពីរ និង​បញ្ជាក់​ថា​ប្រទេស​ចិន​មាន​កិត្តិយស​ធំធេង​ណាស់​ដែល​បាន​ចូលរួម​ចំណែក​លើ​ការងារ​ជួសជុល និង​អភិរក្ស​ប្រាសាទ​នៅ​រមណីយដ្ឋាន​អង្គរ​។

គួរ​បញ្ជាក់​ថា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍ នឹង​បន្តដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៩ ដើម្បី​ជួប​ពិភាក្សា​ការងារ​ជាមួយ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ ក្នុង​នោះ​ដែរ លោក គ្រោង​នឹង​ចូលរួម​ជា​អធិបតីភាព ក្នុង​ទិវា​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​ចិន​-​កម្ពុជា​ដំបូង ដែល​ធ្វើ​ឡើង​នៅ​សាលចតុមុខ មុន​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​មាតុភូមិ​វិញ​៕ ដោយ ៖ ច័ន្ទ រស្មី