ម្តាយ​រវល់​បោក​ខោអាវ ១​ម៉ោង​ក្រោយ​ឮ​ថា​កូន​លង់ទឹក​ស្លាប់

390

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​បាន​បាត់បង់​ជីវិត ដោយ​លង់​ទឹកស្រះ ខណៈ​ពេល​ម្តាយ​រវល់​បោក​ខោអាវ ហើយ​បាន​ឲ្យ​កូន​ទៅ​លេង​ជាមួយ​ក្មេង​ៗ​ក្នុងភូមិ​ជាមួយ​។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើងនៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ ចន្លោះ​ពី​ម៉ោង​១០ និង​៣០​នាទី​ព្រឹក នៅ​ភូមិ​បន្ទាត់​បោះ ឃុំ​តា​ផូ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

Loading...

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា​៖ ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឡាំ ម៉ា​ឡៃ ភេទ​ស្រី អាយុ​០៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ អឿ លួត អាយុ​៤០​ឆ្នាំ​,​ម្ដាយ​ឈ្មោះ លន់ លឺ​ម អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាត់​បោះ ឃុំ​តា​ផូ ស្រុក​ស្វាយចេក​។ លោក​អធិការ​បាន​បញ្ជាក់​ថា​៖ តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ម្តាយ​គាត់​រវល់​បោក​ខោអាវ ហើយ​បាន​ឲ្យ​កូន​ទៅ​លេង​ជាមួយ​ក្មេង​ៗក្បែរ​ខាង។

ស្រាប់តែ​មួយ​ម៉ោង​ក្រោយមក​ក៏​មាន​ក្មេង​ក្នុងភូមិ​មក​ប្រាប់​ថា​កូន​គាត់​លង់ទឹក​ស្រះ​ខាងកើត ឆៀង​ខាងត្បូង​ផ្ទះ ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ ហើយ​ក៏​បាន​ស្រែក​រក​ឲ្យ​អ្នក​ជួយ​ពេល​រក​ឃើញ​កូន​គាត់​បាន​ស្លាប់​ទៅ​ហើយ​។ លោក​អធិការ​បាន​បញ្ជាក់​ថា​៖ ក្រោយ​ពី​ពិនិត្យ​លើ​សព​ហើយ កម្លាំង​នគរបាល​ជំនាញ​បាន​ប្រគល់​ជូន ឪពុក​ម្តាយ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ទាំង​ក្តី​សោកស្តាយ​៕ ដោយ ៖ ណុ​ប រក្សា