អាជ្ញាធរ​ទុក​ពេល​៥​ថ្ងៃ​ទៀត ឲ្យ​ពលរដ្ឋ​រុះរើ​សំ​យ៉ាប​ផ្ទះ​ដោយ​ខ្លួនឯង

259

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សង្កាត់​ចំនួន​២ គឺ​សង្កាត់​ចោម​ចៅ​៣ និង​សង្កាត់​កន្ទោក ដោយ​មានការ​ចូលរួម ពី​សំណាក់​កម្លាំង​សន្តិសុខ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​រុះរើ​សំ​យ៉ាប​ផ្ទះ និង​តូប​លក់ដូរ ជា​ច្រើន ដែល​បាន​សង់​រំលោភ​ចំណី​ផ្លូវ​សាធារណៈ​បង្ក​ការ​កកស្ទះ​ចរាចរ​តាម​ដងផ្លូវ​រាល់ថ្ងៃ​។ ប៉ុន្តែ​ពេល ទៅ​ដល់ អាជ្ញាធរ​ខាងលើ​មិន​ដាច់​ចិត្ត​រុះរើ​ឡើយ​ដោយ​មានការ​យោគយល់​ដល់​ប្រជាពលរដ្ឋ​ដែល​ជា ម្ចាស់ផ្ទះ និង​តូប​ទាំងនោះ ទើប​អាជ្ញាធរ​សម្រេច​ទុក​ពេល​៥​ថ្ងៃ ដើម្បី​ឲ្យ​ពួក​គាត់​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង ចៀសវាង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ពួក​គាត់​។

Loading...

ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង​កាលពី វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ នៅ​ច្រក​ផ្លូវ​ចូល​បុរី​សែន មនោ​រម្យ ដែល​ផ្លូវ​នោះ​មួយ​ចំហៀង​ស្ថិត​នៅ ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ និង​មួយ​ចំហៀង​ទៀត ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣ បាន​និយាយ​ថា ផ្លូវ​ខាងលើ​មាន​ទំហំ ទទឹង​ប្រវែង​៨​ម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវជាតិ លេខ​៤​ចូល​ទៅ​កាន់​ភូមិ​កន្ទោក​ខាងជើង និង​ភូមិ​នានា​មួយ​ចំនួន​ទៀត នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កន្ទោក និង​សង្កាត់​ចោម​ចៅ​៣ ផង​ដែរ​។ មិនតែប៉ុណ្ណោះ​មាន​អ្នក​ធ្វើ​ដំណើរ តាម​ម៉ូតូ និង​រថយន្ត​ជាប់​ហូរហែ​មិន​ដាច់​ឡើយ ប៉ុន្តែ​សព្វថ្ងៃ​ផ្លូវ​ខាងលើ​បាន​រង​នូវ​ការ​កកស្ទះ ចរាចរ​រាល់ថ្ងៃ​។

ព្រោះតែ​អ្នក​ដែល​មានផ្ទះ​នៅ​តាម​បណ្ដោយ​ផ្លូវ​មួយ​នេះ​សង់​សំ​យ៉ាប និង​តូប​លក់ដូរ រំលោភ​លើ​ផ្លូវ ហើយ​ក៏​មាន​អ្នកខ្លះ​ក្រាលកន្ទេល ឬ​តង់​ដាក់​អ៉​វ៉ា​ន់​លក់​លើ​ផ្លូវ​តែ​ម្ដង​។ ប្រភព​ដដែល បាន​បន្ត​ទៀត​ថា មិនតែប៉ុណ្ណោះ​ម្ចាស់ផ្ទះ​ទាំងនោះ​ថែម​ទាំង បាន​ទទួលបញ្ញើ​រ៉ឺ​ម៉ក​ម៉ូតូ​ដាក់​ចត​នៅ​លើ​ផ្លូវ មុខ​ផ្ទះ​របស់​ខ្លួន​រៀង​ៗ​ខ្លួន​ទៀត​ផង​។ ដោយសារ​តែ​បែប​នេះ​ទើប​កន្លង​មក​អាជ្ញាធរ​តែង​បាន​ធ្វើការ​ណែនាំ ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​អាជីវករ​ទាំងនោះ​បញ្ឈប់​ការ​ដាក់​លក់​អីវ៉ាន់ និង​ការ​ផ្ញើ​រ៉ឺ​ម៉ក​ម៉ូតូ​នៅ​លើ​ផ្លូវ ព្រមទាំង សង់​សំ​យ៉ាប ឬ​តូប​លក់ដូរ​នៅ​រំលោភ​ផ្លូវ​តទៅ​ទៀត​។ ជាង​នេះ​ទៀត​អាជ្ញាធរ​ក៏ បាន​ជូនដំណឹង​ឲ្យ​ពួក​គាត់ រុះរើ​ចេញ​វិញ​ដោយ​ខ្លួនឯង ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​ស្ដាប់​ទើប​ពេល​នេះ​ស​ម្រ​ចិត្ត​ប្រើ​កម្លាំង​ចុះ​ធ្វើការ​រុះរើ និង​មិន​គិត​ពី​ការ​ខូចខាត​ដោយ​ប្រការ​ណាមួយ​ឡើយ​។

ប៉ុន្តែ​ពេល​ទៅ​ដល់​ដោយសារ​តែ​មនោសញ្ចេតនា និង​ការ​យោគយល់​នោះ​អាជ្ញាធរ​បាន​ផ្អាក​សកម្មភាព ហើយ​ទុក​ពេល​៥​ថ្ងៃ ដើម្បី​ឲ្យ​ពួក​គាត់​រុះរើ​ដោយ​ខ្លួន ឯង​វិញ​។ ដោយឡែក​ម្ចាស់​តូប និង​សំ​យ៉ាប​ផ្ទះ​ខាងលើ​បាន​និយាយ​ថា ពួក​គាត់​មិន​បាន ប្រឆាំង​ជាមួយ ការ​ណែនាំ​របស់​អាជ្ញាធរ នោះ​ទេ គឺ​ត្រូវ​តែ​អនុវត្ត​តាម​ទាំងអស់​។ ប៉ុន្តែ​ពួក​គាត់​មិន​អាច​រុះរើ​ទាន់​ឡើយ ព្រោះ​អាជ្ញាធរ​ទើបតែ​ជូនដំណឹង​បាន​១​ថ្ងៃ​ប៉ុណ្ណោះ​គឺ​ថ្ងៃ​ទី​២៨ ខែមករា ជូនដំណឹង​ដោយ​បាន​ប្រាប់​ថា ទុក​រយៈពេល​៥​ថ្ងៃ​ដើម្បី​ឲ្យ​ពួក​គាត់​រុះរើ​ចេញ​។ ហើយ​១​ថ្ងៃ​បន្ទាប់​គឺ​នៅ​ថ្ងៃ​ទី​២៩ ខែមករា ក៏​ស្រាប់តែ​លើក កម្លាំង​មក​ធ្វើការ​រុះរើ​បែប​នេះ​តែ​ម្ដង​ពិតជា​លឿន​ខ្លាំង​ពេក​ដូច្នេះ​ពួក​គាត់​មិន​អាច​រុះ​ទាន់​ឡើយ ហើយ​ក៏​បាន​សុំ​ឲ្យ​អាជ្ញាធរ​យោគយល់​ដល់​ពួក​គាត់​ផង​។

ក្រោយ​ពី​ចាក​ចេញពី​ផ្លូវ​បុរី​សែន​មនោ​រម្យ កម្លាំង​អាជ្ញាធរ​ខាងលើ​បាន​ទៅ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ផ្លូវ​ក្នុង​ផ្សារ​អូរ​ដឹ​ម​បន្ត​ទៀត​ហើយ​ពេល​ទៅ​ដល់​ត្រូវ​បាន​ទទួល​ការ​រារាំង​ពី​សំណាក់​ម្ចាស់ផ្ទះ​មួយ​កន្លែង​ដែល​អាង​មានកូន​ប្រសារ​ជា​មន្ត្រី​យោធា​មានបុណ្យ​សក្ដិ​ធំ​នៅ​ពីក្រោយ​។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​ជួប​ការ​លំបាក​ក្នុង​ការ​អនុវត្តន៍​ការងារ​យ៉ាង​ខ្លាំង ប៉ុន្តែ ប្រជាពលរដ្ឋ​ភាគច្រើន​បាន​អនុវត្តន៍​តាម​ការ​រៀបចំ​របស់​អាជ្ញាធរ​មិន​មានការ​តវ៉ា​ដូច​ជា​ម្ចាស់ផ្ទះ​មួយ​នោះ​ឡើយ​។ បន្ទាប់​មក​កម្លាំង​អាជ្ញាធរ​ខាងលើ​បាន​សម្រេច​ដក​កម្លាំង​ថយក្រោយ​សិន រង់ចាំ​ការ​សម្រេច និង​វិធានការ​របស់​ថ្នាក់លើ​ចំពោះ​ក្រុម​គ្រួសារ​ដែល​អាង​អំណាច​ខាងលើ​នោះ​៕ ដោយ ៖ យន់ ស៊ី​ថា