មុន​ចេញ​អាជ្ញា​ប​ណ្ណ័​ឲ្យ​ក្រុមហ៊ុន​ណាមួយ សូម​ពិនិត្យ​ឲ្យ​ច្បាស់លាស់​ផង

158

ខេត្តព្រៃវែង ៖ ធនធាន​រ៉ែ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ និង​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស លើ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្លូវថ្នល់ និង​សំណង់ ប៉ុន្តែ​ដើម្បី​ឲ្យ​ការ​ប្រើប្រាស់ និង​គ្រប់គ្រង​ធនធាន​រ៉ែ ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធិ​ភាព គឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​ប្រជាពលរដ្ឋ​ផង​ដែរ​។ ថ្លែង​នៅ​ក្នុង​វេទិការ​សាធារណៈ​មួយ ដែល​ក្រសួង​រ៉ែ និង​ថាមពល បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្តព្រៃវែង រៀបចំ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា លោក ហុង បូ​ណា ប្រធាន​នាយ​ដ្ឋា​ន​ត្រួតពិនិត្យ​ប្រ​តិ​បត្ត​ការ​ធនធាន​រ៉ែ បាន​មាន​ប្រសាសន៍​ថា ការ​ផ្តល់​អាជ្ញា​ប​ណ្ណ័​ឲ្យ​ក្រុមហ៊ុន បូម​ខ្សាច់​នៅ​ក្នុង​ទន្លេមេគង្គ បាន​ផ្តល់​ចំណូល​មួយ​ផ្នែក​ទៅ​ក្រុមហ៊ុន មួយ​ផ្នែក​ទៅ​រដ្ឋ និង​មួយ​ផ្នែក​ទៀត ទៅ​សហគមន៍​មូលដ្ឋាន​។

Loading...

លោក​បាន​បន្ត​ថា ចំណូល​ដែល​រដ្ឋ​ទទួល​បាន​ពី​ក្រុមហ៊ុន តាម​រយៈ​ការ​បង់​សួយសារអាករ គឺ​ក្នុង​១​ម៉ែត្រគូប​ខ្សាច់ ០,២៥​ដុល្លារ ចំណែកឯ​សហគមន៍​មូលដ្ឋាន ទទួល​បាន​ក្នុង​១​ម៉ែត្រគូប ០,០២​ដុល្លារ ហើយ​ថវិកា​ទាំងនេះ​ត្រូវ​រក្សា​ទុក​នៅ​ក្នុង​ធនាគារ និង​គ្រប់គ្រង​ដោយ​ក្រសួង​រ៉ែ និង​ថាមពល ប៉ុន្តែ​នៅ​ពេល​ណា​ដែល​អាជ្ញាធរ​ឃុំ​ស្រុក ឬ​ក៏​សហគមន៍​ត្រូវការ​យក​ទៅ​ធ្វើការ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន គឺ​អាច​ធ្វើ​សំណើរ​ទៅ​ក្រសួង ដើម្បី​ដក​យក​ប្រាក់​នេះ​មក​ប្រើ​បាន​។ លោក ហុង បូ​ណា បាន​បញ្ជាក់​ថា នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ក្រសួង​នឹង​ចេញ​អាជ្ញា​ប​ណ្ណ័​បូម​ខ្សាច់​មួយ​ឲ្យ​ទៅ​ក្រុមហ៊ុន ចរិយា​សម្បត្តិ អាហរ័ណ នីហរ័ណ ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ក្នុង​ដង​ទន្លេមេគង្គ ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រែក​ក្របៅ ស្រុក​ពាម​ជរ ដោយ​ផ្តល់​ទីតាំង​បូម​ទំហំ​៣៩​ហិ​កតា​។

ប៉ុន្តែ​ឆ្នាំ​ដំបូង​អនុញ្ញាត​ឲ្យ​ធ្វើ​ត្រឹម​ទំហំ​៩​ហិ​កតា​សិន ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា អាជ្ញា​ប​ណ្ណ័​នេះ​នឹង​ចេញ​នៅ​ពេល​ណា ហើយ​ក្រុមហ៊ុន​នឹង​ចេញ​ធ្វើ សកម្មភាព​បូម​ខ្សាច់ នៅ​ពេល​ណា​នោះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា មុន​ចេញ​អាជ្ញា​ប​ណ្ណ័​ឲ្យ​ក្រុមហ៊ុន ក្រសួង​បាន​សិក្សា​លើ​ផល​ប៉ះពាល់​បរិស្ថាន​រួច​ហើយ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ចេញ​ធ្វើ​សកម្មភាព បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់ ឬ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ ប្រជាពលរដ្ឋ​អាច​រាយការណ៍​ទៅ​ខាង​ក្រសួង​រ៉ែ និង​ថាមពល​បាន តាម​រយៈ​ទូរ​សព្ទ័​ប្រ​ព​ន្ធ័​សែ​ល​ខាត​គឺ​លេខ ៧២៧ និង​ប្រ​ព​ន្ធ័​ផ្សេង​ៗ​ទៀត​តាម​រយៈ​លេខ ០៩៥ ៧២៧ ៧២៧​។

ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​វេទិកា​នេះ​ដែរ​លោក សៅ ប្រសិទ្ធ អភិបាលស្រុក​ពាម​ជរ​បាន​លើក​ឡើង​ថា កន្លង​មក​មាន​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន ដែល​បាន​ចូល​មក​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ពី​ទន្លេ នៅ​ក្នុងស្រុក​ពាម​ជរ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​មិន​ដែល​សហការ​ជាមួយ​អាជ្ញាធរ​ទេ គេ​ធ្វើ​អី្វ​មិន​ដែល​រាយការណ៍​ប្រាប់​អាជ្ញាធរ ពេល​អាជ្ញាធរ​ចុះ​ទៅ​សួរនាំ ក៏​គេ​មិន​ប្រាប់​ដែរ​។ ដូច្នេះ​ក្នុង​នាម​អភិបាលស្រុក លោក​សំណូមពរ​ទៅ​ខាង​ក្រសួង​រ៉ែ និង​ថាមពល មុន​ចេញ​អាជ្ញា​ប​ណ្ណ័​ឲ្យ​ក្រុមហ៊ុន​ណាមួយ សូម​ពិនិត្យ​ឲ្យ​ច្បាស់លាស់​ផង និង​សុំ​ឲ្យ​ខាង​ក្រុមហ៊ុន​សហការ​ជាមួយ​អាជ្ញាធរ​ផង​។

ប្រជាពលរដ្ឋ​និយាយ​ថា ពី​មុន​ស្រុក​ពាម​ជរ និង​ស្រុក​ពាម​រក៍ តាម​ដង​ទន្លេ​មាន​ក្រុមហ៊ុន​៧​មក​បូម​ខ្សាច់ ទាំង​យប់ ទាំង​ថ្ងៃ រាប់​សែន​លាន​ម៉ែត្រគូប ក៏​ប៉ុន្តែ​ខ្សាច់​លក់​ថ្លៃ ១​ម៉ែត្រគូប តម្លៃ​ពី​២ ទៅ​៣៥,០០០​រៀល ដល់​ប្រាក់​ទទួល​បាន​សហគមន៍​ត្រឹម​៣​ពាន់​ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​ខ្លាច​បាក់​ច្រាំង​ទន្លេ​មិន​ចេញ​សំណង ពីព្រោះ​សូ​ម្បី​សាលាឃុំ​ទ្រុឌទ្រោម​មិន​ជួយ​ផង គិត​យក​ប្រយោជន៍​ពី​តំបន់​នេះ​តែ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ចរិយា​សម្បត្តិ អាហរ័ណ នីហរ័ណ បាន​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​ប​ណ្ណ័​បូម​ខ្សាច់​នៅ​ក្នុងស្រុក​ពាម​ជរ តាំងពី​ឆ្នាំ​២០១៧​មក​ម្លេះ ប៉ុន្តែ​អាជ្ញាធរ​ភូមិ​ឃុំ និង​ស្រុក បែរជា​អត់​បានដឹង​ទាល់តែ​សោះ ផ្ទុយ​ស្រឡះ​ពី​ប្រសាសន៍​របស់​លោក ហុង បូ​ណា ដែល​អះអាង​ថា តាម​នីតិវិធី​ច្បាប់ ក្រុមហ៊ុន​ដែល​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​ប​ណ្ណ័ គឺ​ត្រូវ​ដាក់​ពាក្យសុំ​តាំងពី​ឃុំ​ស្រុក​រហូត​ដល់​ខេត្ត ទើប​ចុង​ក្រោយ​ទៅ​ដល់​ក្រសួង​ជា​អ្នក​ស​ម្រេ​៕ ដោយ ៖ សុំ ពៅ​ពិសិដ្ឋ