សូម​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ព្រួយបារម្ភ ពី​បញ្ហា​ការ​បំពុល​ខ្យល់​មក​ពី​ប្រទេស​ថៃ

165

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ការ បំពុល​ខ្យល់​ពី​ប្រទេស​ថៃ ខណៈ​ដែល​មន្ត្រី​ជំនាញ​បាន​វាស់​កម្រិត​ខ្យល់​រួច​ហើយ គឺ​គ្មាន​សារធាតុពុល​នោះ​ឡើយ​។ លោក នេត្រ ភ​ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹង​ថា បញ្ហា​បំពុល​ខ្យល់​នៅ​ក្នុង​ប្រទេស​ថៃ​មក​ដល់​ពេល​នេះ ពុំ​បាន​សាយភាយ​មក​ដល់​កម្ពុជា​ឡើយ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កុំ​មានការ​ព្រួយបារម្ភ​ឲ្យ​សោះ​។

Loading...

លោក​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ ស្ថានភាព​ខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ ដោយ​ស្ថិត​នៅ​ចន្លោះ​ពី ១០​ដល់​២០​ជា​កម្រិត​មួយ​ធម្មតា ហើយ​កម្រិត​ដែល​ប្រុង​ប្រយ័ត្ន​គឺ​នៅ​កម្រិត​៥០​ឡើង​ទៅ​។ ការ​អំពាវនាវ​របស់​ក្រសួងបរិស្ថាន​នា​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​តាម​បណ្ដាល​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បាន​បង្ហាញ​ការ​ព្រួយបារម្ភ ពី​បញ្ហា​សុខភាព ខណៈ​ដែល​នៅ​ប្រទេស​ថៃ​មាន​បញ្ហា​ខ្យល់​កខ្វក់​នៅ​ទូ​ទាំង​ប្រទេស​។

បងប្អូន​ប្រជាពលរដ្ឋ កុំ​មានការ​ព្រួយបារម្ភ​អី គឺ​រហូត​មក​ដល់​ពេល​នេះ យើង​មិន​មាន​បញ្ហា​អ្វី​ដែល​កើត​ចេញពី​ផល​ប៉ះពាល់ នៃ​ការ​បំពុល​ខ្យល់​ទេ បើ​ទោះបីជា​ប្រទេស​ជិតខាង​យើង​ជា​ពិសេស​ប្រទេស​ថៃ​គាត់​កំពុង​តែ​រង​នៅ​បញ្ហា ប៉ុន្តែ​សម្រាប់​កម្ពុជា​របស់​យើង​គឺ​មិន​មាន​បញ្ហា​ហ្នឹង​នៅឡើយ​ទេ ហើយ​ប្រសិនជា​មាន​អ្វី​ជា​ការ​ប្រែប្រួល នោះ​ក្រសួងបរិស្ថាន​នឹង​ធ្វើការ​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​មុន​។

យោង​តាម​សេចក្ដីជូនដំណឹង របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​បាន​ឲ្យ​ដឹង​ថា ដោយសារ​ឥទ្ធិពល​ខ្យល់​កខ្វក់ នៅ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ​មានការ​កើន​ឡើងជា​លំដាប់ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់ សុខភាព​ប្រជាពលរដ្ឋ នៅ​ទីក្រុង​បាងកក និង​ខេត្ត​ជា​ច្រើន​ដូច​ជា ខេត្ត​សាមុទ្រ​ប្រា​កាន សមុទ្រសា​ខន ន​ន្ទ​បុរី ណា​ខន​ប៉ា​ធុម​ជាដើម បាន​ធ្លាក់​ចុះ​ខ្លាំង​ដល់​កម្រិត​គ្រោះថ្នាក់ ដោយ​មាន​កម្ទេចធូលី​ជា​ច្រើន​។ ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​ថៃ បាន​ប្រកាស​ឲ្យ​សាលារៀន និង​គ្រឹះស្ថាន​អប់រំ​មួយ​ចំនួន​បិទ​ដំណើរការ ជា​បណ្តោះអាសន្ន​ក្នុង​គោលបំណង​ការពារ​សុវត្ថិភាព​របស់​សិស្ស​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ