អគ្គស្នងការ​រង​នគរបាល​ជាតិ​ជំរុញ​ឱ្យ​កម្លាំង​នគរបាល ខេត្តបន្ទាយមានជ័យ​បន្ត​បំពេញភារកិច្ច

120

ខេត្តបន្ទាយមានជ័យ ៖ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​នាយ​ឧត្តម សេនីយ៍ ប៉ែន វិបុល មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​ដំណែង និង បំពាក់​ឋានន្តរសក្តិ ជូន​ដល់​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ជម្រុញ​ឱ្យ​កងកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ បន្ត​បំពេញភារកិច្ច​ចូលរួម​ជួយ​ប្រជាពលរដ្ឋ និង​ការពារ​សន្តិសុខ សុវត្ថិភាព​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។ ខណៈ​ដែល​ខេត្តបន្ទាយមានជ័យ​កាលពី​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ បទល្មើស​មានការ​កើនឡើង​បន្តិច ប៉ុន្តែ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចេញ​បង្ក្រាប​ចាប់ខ្លួន​ជន​ជន​ប្រព្រឹត្ត​ល្មើស​ទទួល​បាន​ជោគជ័យ​។

Loading...

ជាមួយ​គ្នា​នោះ​ដែរ អគ្គស្នងការ​រង​នគរបាល​ជាតិ ក៏​បាន​មាន​ប្រសាសន៍ និង​វាយតម្លៃ​ខ្ពស់​ដល់​កងកម្លាំង​នគរបាល ខេត្តបន្ទាយមានជ័យ ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត កន្លង​មក បាន​អនុវត្ត​កិច្ច​ការងារ​របស់​ខ្លួន​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ជា​ពិសេស ទន្ទឹម​នឹង​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ទទួល​បាន លទ្ធផល​ល្អ​ក៏​ចូលរួម​ច​ណែ​ក​កិច្ច​ការងារ​សង្គម​ជា​ច្រើន ដូច​ជា​បាន​ចូល​រូ​ម​អន្តរាគមន៍ ជួយ​ប្រជាពលរដ្ឋ គ្រប់​កាលៈទេសៈ​នៅ​ពេល​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ​ទឹកជំនន់ លិច​ស្រូវ​ស្រែ ខ្យល់​កន្ត្រាក់​ជាដើម​។

កិច្ច​ការងារ​នេះ​កម្លាំង នគរបាល​មាន​ស្នាដៃ និង​ធ្វើ​កិច្ច​ការងារ​ច្រើន​ណាស់​ជូន​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​នៅ​មាន​ជន​មួយ​ចំនួន​គេ​មិនសូវ​ឱ្យ​តម្លៃ​ប៉ុន្មាន​នោះ​ទេ នៅ​ពេល​នគរបាល​មួយ​ចំនួន​តូច ប្រព្រឹត្ត​កំហុសឆ្គង​តិចតួច​បាន​រង​ការ​ប្រមាថ និង​វាយប្រហារ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​។ នា​ឱកាស​នោះ​ដែរ អភិបាល​ខេត្តបន្ទាយមានជ័យ ឯកឧត្តម សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ ក៏​បាន​លើក​ឡើង និង​ជំរុញ​ឱ្យ​កងកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ បន្ត​ចូលរួម​អនុវត្ត​គោល នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​បម្រើសេវា រដ្ឋបាល និង​សេវា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន​ឆាប់រហ័ស​។

ឯកឧត្តម អភិបាលខេត្ត​ក៏​បាន​វាយតម្លៃ ដល់​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​កន្លង​មក​បាន​ខិតខំ​អនុវត្ត​ការងារ​សម្រេច​បាន​ជោគជ័យ លើ​ការ​បង្ការ​ទប់ស្កាត់​ក៏​ដូច​ជា​បង្ក្រាប​បទល្មើស​។ ទោះបី​ខេត្តបន្ទាយមានជ័យ​បទល្មើស​បាន​កើនឡើង​បន្តិច តែ​កម្លាំង​ខេត្តបន្ទាយមានជ័យ​បង្ក្រាប បាន​រាល់​បទល្មើស​។ សូម​បញ្ជាក់​ថា​ក្នុង​ពិធី​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​ដំណែង និង បំពាក់​ឋានន្តរសក្តិ ជូន​ដល់​នគរបាល​ខេត្តបន្ទាយមានជ័យ គឺ​មាន​នាយ នគរបាល​ចំនួន​៥៤​រូប ត្រូវ​បាន​តំឡើង​ឋានន្តរសក្តិ ថ្នាក់ឧត្តម​សេនីយ៍ ត្រី​១​រូប​, វរសេនីយ៍ឯក​៦​រូប​,​វរសេនីយ៍ទោ​១៨​រូប​,​វរសេនីយ៍ត្រី​៤៣​រូប​,​អនុសេនីយ៍ឯក​៥​រូប និង​អនុសេនីយ៍ទោ​២​រូប​។ ក្នុង​នោះ​ក៏​បាន​ប្រកាស​តែងតាំង​មុខ​តំណែង ស្នងការ​រង នាយ នាយ​រង​ការិយាល័យ និង​អធិការ អធិការរង សរុប​២៧​រូប​៕ ដោយ ៖ ណុ​ប រក្សា